en     km
en     km

គួរ​បង្កើត​វប្បធម៌​នៃ​ការ​ទទួលយក​ (​មាន​សំឡេង​)

Share

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ មិថុនា បានបញ្ចប់ដោយមានការសាទរពីសហគមជាតិនិងអន្តរជាតិសម្រាប់បរិយាកាសចាស់ទុំក្នុងដំណើរការបោះឆ្នោតជាទូទៅ។ ចំនួនអ្នកចេញទៅបោះឆ្នោតមានរហូតដល់ជិត ៨លាននាក់ ឬលើសពី ៩០ភាគរយ នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ ចលនាអ្នកបោះឆ្នោតដ៏ច្រើននេះបានធ្វើឲ្យការផ្លាស់ប្តូរទម្លាប់ពីការគាំទ្រមេឃុំចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចយូរ ដោយចែករំលែកទៅបោះឆ្នោតជូនមេឃុំចៅសង្កាត់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រជែង។

សម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី
សម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី

បរិបទនៃការផ្លាស់ប្តូរនេះ ទាមទារឲ្យប្រជាពលរដ្ឋ អ្នកគ្រប់គ្រងមូលដ្ឋាននិងអ្នកដឹកនាំនយោបាយបង្កើតវប្បធម៌មួយ។ នោះគឺវប្បធម៌នៃការទទួលយក។ លទ្ធផលកក្រៅផ្លូវការបង្ហាញថាគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនៅរក្សាដំណែងនាំមុខក្នុងការដឹកនាំក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុន្តែគណបក្សនេះបានបាត់បង់អាសនៈជាច្រើនរយតាមរយៈការផ្លាស់ប្តូរការគាំទ្ររបស់មហាជនម្ចាស់ឆ្នោត។

បម្រែបម្រួលក្នុងការបោះឆ្នោតមូលដ្ឋាននេះ បានធ្វើឲ្យមានប្រតិកម្មជាច្រើនបានកើតឡើង។ ក្រុមមន្ត្រីមូលដ្ឋានជាច្រើនបានស្តីបន្ទោសអ្នកបោះឆ្នោតថាបាន «ធ្វើការសម្រេចចិត្តខុស» ។ ដោយឡែកក្រុមប្រជាពលរដ្ឋបានស្តីបន្ទោសថា លទ្ធផលនៃការប្រែប្រួលនេះ«បានស្តែងចេញពីទង្វើរបស់រដ្ឋអំណាចមូលដ្ឋាន»។ ជាមួយគ្នានេះក្រុមអ្នកគាំទ្រគណបក្សប្រឆាំងបានលើកតម្កើងនិន្នាការនៃការផ្លាស់ប្តូរ។
ប្រសិនបើគេពិនិត្យមើលជារួម គេច្បាស់ជាយល់បានថា ប្រតិកម្មទាំងនោះកើតចេញពីជ្រុងម្ខាងៗតែប៉ុណ្ណោះ។

សំណួរសួរថា ចុះត្រូវធ្វើបែបណាទើបអាចតម្រូវស្ថានការណ៍គន្លងសង្គមបែបនេះបាន?

សម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ (រូបខាងឆ្វេងលោក សម រង្ស៊ី)
សម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ (រូបខាងឆ្វេងលោក សម រង្ស៊ី)

ច្បាស់ណាស់នៅក្នុងបរិបទបែបនេះ គេបានមើលឃើញចំណុចសំខាន់មួយដែលផុសចេញពីសង្គមខ្មែរនិងមជ្ឈដ្ឋានអ្នកនយោបាយមួយចំនួន នោះគឺវប្បធម៌នៃការទទួលយក។ វាទំនងជាធ្វើឲ្យមានការខកចិត្តនៅពេលដែលមានការប្រែប្រួលណាមួយលើសពីការរំពឹងទុក។ ហើយការរំពឹងទុកខ្លាំងហួសហេតុក៏ជាមូលហេតុដែលធ្វើឲ្យមានការពិបាកនឹងទទួលយកលទ្ធផលដែលគេមិនបានរង់ចាំ។ ហេតុនេះហើយការបង្កើតវប្បធម៌នៃការទទួលយកនឹងមានសារសំខាន់សម្រាប់ក្រាលផ្លូវនៃដំណើរ និងរបត់នយោបាយរបស់កម្ពុជាទៅថ្ងៃអនាគត។
ការមិនទទួលយកបានភ្លាមៗ គឺជាកំណើតធម្មជាតិ គួរតែមិនត្រូវទទួលបានការស្តីបន្ទោសពេកទេ។ ប៉ុន្តែការប្រែលក្ខណៈធម្មជាតិនេះនឹងបង្កើតឲ្យមានអរិយធម៌បែបជឿនលឿនមួយក្នុងសង្គម។ និយាយជារួម។ ដោយឡែកមេឃុំ ចៅសង្កាត់ ដែលជាប់ឆ្នោតឬធ្លាក់ឆ្នោតក៏ដូច្នេះដែរ។ ពួកគេត្រូវចេះទទួលស្គាល់ការពិត។ រៀនទទួលយកការពិតនិងត្រូវបង្កើតវាឲ្យទៅជាវប្បធម៌ជាតិទាំងមូល។

ប្រទេសកម្ពុជា ត្រូវហែកចេញពីគ្នាដោយសារនិន្នាការនយោបាយផ្កាប់មុខ។ មើលមុខគ្នាលែងត្រង់ បែកបាក់សង្គមគ្រួសារ បងប្អូនបង្កើតឬសាច់ញាតិបង្កើតមិនរាប់រក មិននិយាយរកគ្នាដោយសារតែការយល់ឃើញ និង ការចាប់យកខ្សែបន្ទាត់នយោបាយដែល។ នៅក្នុងស្ថានភាពបែបនេះទាំងមេឃុំចៅសង្កាត់ជាប់ឆ្នោត និងបាត់បង់ដំណែងគួរចាប់ផ្តើមការសម្របសម្រួលនិងបង្កើតវប្បធម៌ជឿនលឿនរួមគ្នា។

ដូចពាក្យខ្មែរពោលថា «ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់»។ ពាក្យស្លោកនេះចង់ឲ្យប្រជាពលរដ្ឋកម្ពុជាចេះលើកដៃសំពះគ្នា ចេះនិយាយប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ ចេះសួរនាំគ្នានៅពេលដែលត្រូវការជំនួយពីភាគីម្ខាង។ចេះចាប់ដៃគ្នារលាក់និងចាប់ដៃគ្នាធ្វើការ។ ហេតុដូច្នេះមេឃុំចៅសង្កាត់ចាស់និងមេឃុំចៅសង្កាត់ថ្មី គួរអង្គុយទល់មុខគ្នា សម្លឹងមុខគ្នាឲ្យចំហើយចាប់ផ្តើមនិយាយគ្នាមុននឹងការផ្ទេរអំណាចមកដល់។

មេឃុំចៅសង្កាត់ថ្មីប្រាកដជាត្រូវការការណែនាំ ត្រូវការការផ្តល់យោបល់និងការបង្ហាញផ្លូវចំពោះអ្វីដែលត្រូវធ្វើចំពោះមុខនិងត្រូវធ្វើបន្ត។ មេឃុំនិងចៅសង្កាត់ចាស់គួរតែបើកចិត្តទូលាយនិងបើកទ្វារចំពោះបំណងចង់ប្រឹក្សាយោបល់និងត្រៀមខ្លួនចែករំលែកដល់គូប្រជែងដែលទទួលបានការគាំទ្រ។

ការធ្វើបែបនេះនឹងបង្ហាញពីភាពល្អូកល្អិនក្នុងសង្គម។ មួយវិញទៀតការត្រៀមខ្លួនចែករំលែកនេះគឺជាទទួលយកជ័យជំនះនៃគូប្រជែងផង ជាបង្ហាញនូវភាពថ្លៃថ្នូរនិងភាពចាស់ទុំក្នុងនយោបាយផងនិងបង្ហាញពីសាមគ្គីភាពផង។ ជាគោលការណ៍នៅគ្រប់កន្លែងការងារទាំងអស់ ការប្តូរវេណគ្រប់គ្រងតែងតែតម្រូវឲ្យមានការបង្ហាញផ្លូវពីអ្នកគ្រប់គ្រងមុនៗ។
ក្នុងន័យនេះមេឃុំ ចៅសង្កាត់ថ្មីគួរចេះប្រាស្រ័យទាក់ទងជាមួយមេឃុំចៅសង្កាត់ចាស់ដោយភាពស្មោះត្រង់ដើម្បីទទួលបានការចែករំលែកនិងការផ្តល់ប្រឹក្សាពីមេឃុំចៅសង្កាត់។ ដោយឡែកមេឃុំចៅសង្កាត់ដែលត្រូវប្តូរដំណែងត្រូវយល់ថាការផ្លាស់ប្តូរការគ្រប់គ្រងគឺជាវដ្ត គឺជាការប្តូរវេណ គឺជាបម្រែបម្រួលនៃសេចក្តីត្រូវការ គឺជាសេចក្តីចង់បានរបស់ប្រជាពលរដ្ឋទៅតាមកាលៈទេសៈ និងជាក្តីស្រមៃរបស់ពលរដ្ឋ។

វដ្តនៃការកាន់អំណាចថ្មី អាចនឹងប្តូរទៅជូនអ្នកចាស់វិញ។ ឬវដ្តនៃអ្នកកាន់អំណាចថ្មី អាចនឹងផ្លាស់ប្តូរទៅជូនអ្នកថ្មីដែលមកពីគណបក្សចាស់ដែលចាញ់ឆ្នោត ប្តូរទៅជូនអ្នកថ្មី ដែលអាចមកពីគណបក្សថ្មីសុទ្ធសាធដែលប្រជាពលរដ្ឋត្រូវការនិងចង់បាន។
ហេតុដូច្នេះគេគួរចាត់ទុកថា គ្មានអំណាចណាមួយស្ថិតក្នុងដៃអស់មួយជីវិត ឬរហូតដល់គ្មានការផ្លាស់ប្តូរនោះទេ។

ការផ្លាស់ប្តូរតែងតែនាំមកនូវភាពវិជ្ជមាន។ បើទោះជាការផ្លាស់ប្តូរនោះមិនបាននាំមកនូវការរីកចម្រើនជាក់ស្តែង ប៉ុន្តែវាអាចជាសញ្ញាវិជ្ជមាននៃការសាកល្បង វិជ្ជមានត្រង់ថាបើការផ្លាស់ប្តូរនោះមិនប្រសើរឡើង នោះម្ចាស់ឆ្នោតនឹងមានឱកាសវិលមកពិចារណាឡើងវិញ។ ប៉ុន្តែបើសិនជាការផ្លាស់ប្តូរនោះនាំមកនូវការរីកចម្រើន វានឹងផ្តល់ផលវិជ្ជមានទ្វេដង។ នោះគឺវិជ្ជមានដែលទទួលបានពីរបៀបដឹកនាំថ្មី និងវិជ្ជមានដែលធ្វើឲ្យបក្សដែលចាញ់ឆ្នោតប្រឹងប្រែងរកយុទ្ធវិធីនិងផែនការល្អមកអនុវត្តន៍ដើម្បីបង្ហាញថា ខ្លួនមានសមត្ថភាពដឹកនាំនិងបំពេញសេចក្តីត្រូវការនិងការពេញចិត្តរបស់ប្រជារាស្ត្រ។

ការប្រកួតនិងការប្រណាំងប្រជែងតែងតែនាំមកនូវគំនិតថ្មីនិងអ្វីល្អៗទៅមុខ ដូចជាក្នុងបរិបទចុងក្រោយនេះ ការប្រកួតប្រជែងយ៉ាងតានតឹងផ្នែកនយោបាយរវាងគណបក្សប្រជាជនកម្ពុជានឹងគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យមានដំណោះស្រាយលើការតម្លើងប្រាក់ខែកម្មករ មន្ត្រីរាជការ  ការបន្ធូរបន្ថយពន្ធមួយចំនួន ការប្រឹងប្រែងយកចិត្តទុកដាក់លើផ្នែកសុខមាលភាពនិងការអប់រំជាដើម។

ហេតុនេះហើយបើទោះជាមានភាពក្រឡាប់ចក្រ ចាញ់ឬឈ្នះ ឆ្លងតាមការបោះឆ្នោតដែលមានបរិយាកាសល្អនេះ វានឹងនាំទៅរកភាពវិជ្ជមានច្រើនជាងអវិជ្ជមាន។ ហើយទាំងប្រជាពលរដ្ឋ ទាំងអ្នកកាន់និន្នាការនយោបាយ ទាំងអ្នកដឹកនាំនយោបាយគួរតែរៀនទទួលយក និងចេះទទួលយកវប្បធម៌នៃការផ្លាស់ប្តូរ។

ហើយនៅពេលដែលមានការផ្លាស់ប្តូរវេណគ្នានោះ គឺវាទាមទារចាំបាច់ឲ្យមានការទទួលស្គាល់បរាជ័យនិងជោគជ័យនៅចំពោះមុខគ្នាដោយពេញមុខពេញមាត់ដើម្បីភាពកក់ក្តៅរបស់ម្ចាស់ឆ្នោត។ នេះហើយគឺជាវប្បធម៌នៃការទទួលយក៕

Share

Image
Image
Image