en     km
en     km

ការ​ស្ទង់​មតិ​ ៖​ គណបក្ស​ប្រជាជន​ ចុះ​ប្រជាប្រិយភាព​ តែ​ដឹកនាំ​ត្រឹមត្រូវ​ (​មាន​សំឡេង​)

Share

ក្រុមហ៊ុនស្ទង់មតិល្បីឈ្មោះមួយបានរកឃើញថាប្រជាប្រិយភាពរបស់គណបក្សប្រឆាំងឡើងខ្ពស់ជាងគណបក្សកាន់អំណាចក្នុងរយៈពេលចុងក្រោយនេះ។ ការស្ទង់មតិដែលលេចធ្លាយពីការសម្ងាត់បានបង្ហាញថា ប្រជាប្រិយភាពរបស់សម្តេចនាយករដ្ឋមន្ត្រីបានថមថយ ធៀបនឹងអតីតមេដឹកនាំបក្សប្រឆាំង។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចយល់ថាការស្ទង់មតិនេះ បំភ្លៃការពិតក្នុងប្រទេសដើម្បីប្រយោជន៍គណបក្សប្រឆាំង។

របាយការណ៍នៃការស្ទង់មតិដែលបែកធ្លាយ
របាយការណ៍នៃការស្ទង់មតិដែលបែកធ្លាយ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានច្រានចោលរបាយការណ៍ស្ទង់មតិដែលបង្ហាញថា គណបក្សរបស់ខ្លួនចុះខ្សោយប្រជាប្រិយភាព ប៉ុន្តែបានទទួលស្គាល់ការស្ទង់មតិមួយផ្សេងទៀត ដែលបានលើកសរសេរពីការដឹកនាំរបស់រដ្ឋាភិបាល។

ក្នុងរបាយការណ៍ដែលបែកធ្លាយកាលពីចុងសប្តាហ៍មុន ដែលត្រូវបណ្តាញផ្សព្វផ្សាយមួយចំនួនយកមកលាតត្រដាង ក្រុមហ៊ុន ហ្សាវីវ (Shaviv) បង្ហាញថា ក្នុងចំណោមអ្នកនយោបាយកំពូលចំនួនបីរូបនៃប្រទេសកម្ពុជា ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ខ្ពស់ជាងគេគឺរហូតដល់ ៨៤ភាគរយ បន្ទាប់មកគឺលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលទទួលបានប្រជាប្រិយភាពតិចជាងអតីតប្រធានគណបក្សប្រឆាំងចំនួន ១០ភាគរយគឺលោក កឹម សុខា ទទួលបាន៧៤ភាគរយ។ ចំណែកឯសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រជាប្រិយភាពក្នុងចំណោមម្ចាស់ឆ្នោតចំនួន ៦៣ភាគ។

លោក សុខ ឥសាន អ្នកនាំពាក្យបគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យបគណបក្សប្រជាជនកម្ពុជា

ក្រុមហ៊ុន ហ្សាវីវ គឺជាក្រុមហ៊ុនអន្តរជាតិល្បីល្បាញមួយដែលធ្លាប់ធ្វើការសិក្សានិងស្ទង់មតិពីប្រជាប្រិយភាពអ្នកនយោបាយនៅសហរដ្ឋអាមេរិក អឺរ៉ុប នៅអាស៊ី មជ្ឈឹមបូព៌ានិងនៅអាហ្វ្រិក។

ក្នុងការស្ទង់មតិលើអ្នកនយោបាយនិងបក្សនយោបាយធំៗពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ក្រុមហ៊ុននេះបានជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋកម្ពុជាចំនួន ៥៣៧៩នាក់ក្នុងខេត្តរាជធានីចំនួន២៤។ ហើយគឺជាការស្ទង់មតិនៅចុងឆ្នាំ២០១៦នេះ ដើម្បីគោលដៅវាស់ស្ទង់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយហៅការស្ទង់មតិនោះថា ជាការប្រឌិត។ «នេះគ្រាន់តែជាការប្រឌិតឯកសារតែប៉ុណ្ណោះដើម្បគាំទ្រគណបក្សប្រឆាំង។ ការស្ទង់មតិនេះមិនស្របតាមស្ថានភាពជាក់ស្តែងដែលកើតក្នុងសង្គមកម្ពុជាបច្ចុប្បន្នទេ។»

ប៉ុន្តែទោះជាយ៉ាងណាការស្ទង់មតិរបស់ក្រុមហ៊ុន ហ្សាវីវ ទំនងជាផ្តោតការស្ទាបស្ទង់ប្រមើលមើលស្នាដៃ ប្រសិទ្ធិភាព និងប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចក្នុងការដឹកនាំ និងធ្វើការប្រៀបធៀបជាមួយគណបក្សប្រឆាំង។ មានមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួនត្រូវចង្អុលបង្ហាញថា បានចូលរួមក្នុងការស្ទង់មតិនេះ។

ការស្ទង់មតិនេះលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានចំណុចខ្លាំងក្នុងវិស័យដឹកជញ្ជូន ហេដ្ឋារចនាសម្ពន្ធ័និងផ្លូវថ្នល់រួមទាំងក្នុងវិស័យអបរំ។ ប៉ុន្តែគណបក្សនេះខ្សោយក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន អំពើពុករលួយនិងការគ្រប់គ្រងធនធានធម្មជាតិ។

សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន

ការរកឃើញដដែលបង្ហាញថា ក្រុមអ្នកបោះឆ្នោតទុកចិត្តលើលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិខ្លាំងជាងសម្តេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធទប់ទល់នឹងអំពើពុករលួយ ក្នុងការបង្កើតការងារធ្វើសម្រាប់ប្រជាពលរដ្ឋនិងក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម។

ក្រៅពីនោះការស្ទង់មតិបង្ហាញពីទំនោររបស់អ្នកបោះឆ្នោតទៅរកគណបក្សប្រឆាំងច្រើនជាងទៅរកគណបក្សកាន់អំណាចក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។

លោក សុខ ឥសាន យល់ថាទិន្នន័យនេះត្រូវបង្កើតឡើងដើម្បីលើកតម្កើងគណបក្សសង្គ្រោះជាតិ។ «យើងដឹងហើយ នៅក្នុងការបោះឆ្នោតសកលនៅពេលខាងមុខ មជ្ឈដ្ឋានដែលប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល បង្កើតបញ្ហាច្រើនណាស់ដើម្បីគាំទ្រដល់គណបក្សប្រឆាំងដើម្បីឲ្យប្រជាពលរដ្ឋយល់ខុសសភាពការណ៍ពិតនៅកម្ពុជា។»
ក្រុមមន្ត្រីផ្លូវការរបស់គណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេនៅថ្ងៃនេះ ដោយក្រុមទូរសព្ទ័របស់អស់លោករោទិ៍តែមិនមានអ្នកទទួល។

លោក ស្រី ធីតា ឃឹះ
លោក ស្រី ធីតា ឃឹះ

លោកស្រី ធីរា ឃឹះ នាយិការអង្គការសីលកា មិនយល់ស្របជាមួយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទេ។ «ខ្ញុំមិនបានមើលរបាយការណ៍ហ្នឹងទេ តែបើតាមខ្ញុំដឹងរបាយការណ៍ហ្នឹង  គឺជារបាយការណ៍ដែលជួលក្រុមមួយឲ្យគេធ្វើ គឺខាងគណបក្សប្រជាជនកម្ពុជាហ្នឹងហើយដែលជួលឲ្យគេធ្វើ ខ្ញុំមិនជឿថា ជាការគាំទ្រឲ្យទៅខាងណាៗទេ តែខ្ញុំជឿថា វាជាការផ្ដល់ព័ត៌មានទៅអ្នកនយោបាយ»។

ថ្វីបើការស្ទង់មតិរបស់ក្រុមហ៊ុន ហ្សាវីវ បានរកឃើញប្រជាប្រិយភាពខ្ពស់របស់គណបក្សប្រឆាំងលប់លើគណបក្សកាន់អំណាច ប៉ុន្តែការស្ទង់មតិដដែលបានរកឃើញស្របគ្នាទៅនឹងការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) របស់សហរដ្ឋអាមេរិក (ការស្ទង់មតិ) បង្ហាញថា រដ្ឋាភិបាលកម្ពុជាបានដឹកនាំក្នុងផ្លូវត្រូវ។ លោក សុខ ឥសាន បានគាំទ្រដល់របាយការណ៍របស់វិទ្យាស្ថាន NDI នេះថាជារបាយការណ៍ត្រឹមត្រូវ៕

Share

Image
Image
Image