ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជារកឃើញថាតួរលេខអ្នកដែលគំាទ្រគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ក្នុងរាជធានី ខេត្ត ចំនួន ៣ ដូចទៅនឹងការបង្ហាញតួរលេខបឋមរបស់ គ.ជ.ប ដែរ។ នេះបើតាមរបាយការណ៍របស់អង្គការ តម្លាភាពកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី២២ មិថុនា ឆ្នំា២០១៧នេះ។
តាមរបាយការណ៍ពីអ្នកសង្កេតការណ៍ចំនួន ៨២២នាក់ដែលបានដាក់ពង្រាយតាមការិយាល័យបោះឆ្នោតចំនួន ៤១១ ក្នុង រាជធានីខេត្តទំាង ២៥ អង្គការតម្លាភាពកម្ពុជាបានប៉ាន់ប្រមាណដំណើរការបោះឆ្នោតប្រព្រឹត្តល្អប្រសើរ។
អង្គការនេះបានបង្ហាញទិន្នន័យសន្លឹកឆ្នោតនៅរាជធានីភ្នំពេញ និងខេត្តចំនួនពីរទៀត ដោយវាយតម្លៃបែបវិទ្យាសាស្ត្រថា ចំនួនសន្លឹកឆ្នោតដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទទួលបានមានភាពត្រឹមត្រូវ។
ការបោះឆ្នោតជ្រើសតំាងក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នំា២០១៧ អង្គការមួយនេះបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន២០០ នាក់នៅការិយាល័យបោះឆ្នោតចំនួន១០០ នៅក្នុងឃុំ សង្កាត់ចំនួន បីរួមាន៖ សង្កាត់ចោមចៅបី នៅក្នុងរាជធានីភ្នំពេញ សង្កាត់បាវិត នៅក្នុងខេត្តស្វាយរៀង និងឃុំដំដែក នៅក្នុងខេត្តសៀមរាប។
ចំនួនសន្លឹកឆ្នោតដែលបានផ្ទៀងផ្ទាត់ដោយអង្គការតម្លាភាពកម្ពុជាស្របគ្នាទៅនឹងលទ្ធផលបឋមរបស់ គ.ជ.ប ក្នុងឃុំ សង្កាត់ទំាងបី ដូចជា៖
សង្កាត់បាវិតខេត្តស្វាយរៀង លទ្ធផលបឋមរបស់គ.ជ.ប បង្ហាញថា CNRP ទទួលបានសម្លេងគំាទ្រ ៤២៥០ ដែលគិតជាភាគ រយនៃសន្លឹកឆ្នោតដែលបានទទួល ៥០,២% ដោយទ្បែកCPP ទទួលបានសម្លេងគំាទ្រ ៤០៩៣ ដែលគិតជា ភាគរយនៃសន្លឹក ឆ្នោតដែលបានទទួល ៤៨,៣% ។ តួលេខនេះអង្គការតម្លាភាពកម្ពុជាក៏រកឃើញដូចគ្នានេះដែរ។ ចំណែកក្នុងឃុំ សង្កាត់ចំនួន ពីរផ្សេងទៀត នៅសង្កាត់ចោមចៅបី ក្នុងរាជធានីភ្នំពេញ និងឃុំដំដែក ក្នុងខេត្តសៀមរាបក៏អង្គការតម្លាភាពកម្ពុជារកឃើញ តួរលេខដូចគ្នាផងដែរនិងតួលេខ គ.ជ.ប។
តាមរបាយការណ៍ដដែលការសង្កេតការណ៍បោះឆ្នោតតាមសំណាកគំរូវិទ្យាសាស្រ្តគឺជាវិធីសាស្រ្តសង្កេតការណ៍បោះឆ្នោតដែលមានលក្ខណៈទំនើបដែលត្រូវបានប្រើប្រាស់ក្នុងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកដោយធ្វើការចាប់យកស្ថិតិ ជាក់លាក់ដើម្បីឱ្យអ្នកសង្កេតការណ៍បោះឆ្នោតបង្ហាញពីលទ្ធផលនៃការវាយតម្លៃអំពីដំណើរការប្រព្រឹត្តិទៅនៅថ្ងៃបោះឆ្នោតបានយ៉ាងពេញលេញ និងសុក្រិត។
ថ្លែងក្នុងសន្និសារព័ត៌មានមួយនៅព្រឹកថ្ងៃទី ២២ មិថុនា ឆ្នំា២០១៧នេះ នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល មានប្រសាសន៍ថាមូលហេតុដែលអង្គការរបស់លោកជ្រើសរើសយកខេត្តទំាងបីនេះ ដោយសារតែឃុំទាំងបីនេះមាន ការប្រទាញប្រទង់គ្នាខ្លាំងក្នុងការបោះឆ្នោតនាពេលកន្លងមក ជាពិសេស TI ចង់ផ្ទៀងផ្ទាត់ការរាប់សន្លឹកឆ្នោតរបស់គ.ជ.ប ថាតើរកឃើញតួរលេខដូច TI ដែរឬទេ។លោក ព្រាប កុល ៖«សម្រាប់យើង យើងធ្វើតាមលក្ខណៈវិទ្យាសាស្រ្តស្ថិតិសុទ្ធ សាធខ្ញុំ មិនបញ្ចេញ មិនបញ្ចូល មិនបន្ថែមមិនបន្ថយ ឃើញយ៉ាងមិចថាអញ្ចឹងប្រាប់បងប្អូនវិញសម្រាប់ខ្ញុំផ្ទាល់ខ្លួនខ្ញុំគិត ថាប្រជាពលរដ្ឋអាចជឿទុកចិត្តសមរម្យថាមិនមានថែមមិនមានថយ មិនមានវេទមន្តអីនោះទេ»។
ឆ្លើយតបនឹងការរកឃើញរបស់អង្គការតម្លាភាពកម្ពុជានេះដែរ អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា មានប្រ សាសន៍ថាការវាយតម្លៃរបស់អង្គការតម្លាភាពដែលរកឃើញនេះគឺជាការវាយតម្លៃជាទូទៅ។
ចំណែកគ.ជ.ប វិញវាយតម្លៃតាមការជាក់ស្តែងដែលលោកថា គ.ជ.ប មិនអាចវាយតម្លៃថាការរកឃើញរបស់ TI នេះជាការ ត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះទេ។ តែលោកថាក្នុងនាមលោកផ្ទាល់យល់ឃើញ ថាជាការវាយតម្លៃដែល មានភាពល្អប្រសើរ។«ថ្មីត្បិតតែគាត់បានសិក្សា ឬក៏គាត់បានជ្រើសរើសយកការិយាល័យសំណាកទៅតាមវិធីសាស្រ្តស្ថិតិដែលគាត់ប្រើក៏ដោយប៉ុន្តែយើងឃើញថាលក្ខណៈវិទ្យាស្រ្តរបស់គាត់ហ្នឹងគឺតាមការវាយតម្លៃរបស់ខ្ញុំផ្ទាល់គឺឃើញថាធ្វើបានល្អ»។
តាមរបាយការណ៍អង្គការតម្លាភាពកម្ពុជា ការប៉ាន់ប្រមាណចំនួនអ្នកមកបោះឆ្នោត និងចំនួនសន្លឹកឆ្នោតដែលទទួលបានទូ ទំាងប្រទេស តាមរយៈការសង្កេតការណ៍បោះឆ្នោតតាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិបង្ហាញថាចំនួនអ្នក បានចេញមកបោះ ឆ្នោតទូទំាងប្រទេសស្ថិតនៅចន្លោះ ៨៩, ៧% ទៅ៩០,៧%។
អង្គការតម្លាភាពកម្ពុជាប៉ាន់ប្រមាណថាចំនួនសន្លឹកឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទទួលបានទូទំាងប្រទេសគឺស្ថិតនៅចន្លោះ ៤៧,៩% ទៅ៥០,៩% រីឯចំនួនសន្លឹកឆ្នោតដែលគណបក្សសង្គ្រោះជាតិទទួលបានវិញស្ថិតនៅចន្លោះពី៤១,៩% ទៅ ៤៤,៦%។
គ.ជ.ប នឹងប្រកាសលទ្ធផលការបោះឆ្នោតជ្រើសតំាងក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នំា២០១៧ផ្លូវការនៅថ្ងៃទី ២៥ មិថុនា ឆ្នំា ២០១៧ ខាងមុខនេះ៕