ហ្ស៊ិមបាវ៉េ៖ ការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភានៃប្រទេសហ្ស៊ិមបាវ៉េក្នុងទ្វីបអាហ្វ្រិក នឹងប្រព្រឹត្តទៅនៅថ្ងៃ ២៣ កក្កដា ឆ្នាំ២០១៨ ដែលអ្នកវិភាគមើលឃើញថា ជាដង្ហើមចុងក្រោយរបស់ជនផ្ដាច់ការ រ៉ូប៊ឺតមូហ្គាបេ(Robert Mugabe ) មានមហិច្ឆតាកាន់អំណាចរហូតអស់មួយជីវិត ទោះជាមេដឹករូបនេះ ស្ថិតនៅក្នុងស្ថានភាពចាស់ជរាក៏ដោយនោះ។
ភាពរំជើបរំជួលរបស់ប្រជាជនហ្ស៊ិមបាវ៉េជាង ១៥លាននាក់ កំពុងតែស្ថិតក្នុងស្ថានភាពមួយដែលគេហៅថា លំបាកក្នុងការធ្វើសេចក្ដីសម្រេចដោយសារតែរដ្ឋអំណាចរបស់លោក មូហ្គាបេ កំពុងតែប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងទាំងការទិញទឹកចិត្ត គំរាមកំហែង សម្លុតបំភ័យដល់អ្នកបោះឆ្នោតឱ្យបន្ដគាំទ្រគណបក្សខ្លួនកាន់អំណាចមួយអាណតិ្ដទៀត។
បើ លោក មូហ្គាបេ ឈ្នះឆ្នោតមួយអាណត្តិទៀត មានន័យថា លោកនឹងអាចបន្ដកាន់អំណាចនោះ រហូតដល់ ៩៩ ឆ្នាំ។ តែយ៉ាងនេះក្ដី អ្នកវិភាគព្រមានថា លោក មូហ្គាបេ អាចនឹងលាលែងនៅក្នុងអំឡុងកាន់អំណាច ឬក៏ស្លាប់នៅក្នុងអំឡុងកាន់អំណាច ព្រោះស្ថានភាពសុខភាពបុរសខ្លាំងហ្ស៊ិមបាវ៉េរូបនេះ កាន់តែធ្ងន់ធ្ងរណាស់ទៅហើយ។
នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតជាបឋម កាលពីថ្ងៃសុក្រ ទី១៦ មិថុនា លោក មូហ្គាបេ ត្រូវបានគេគ្រៀកទៅកាន់ក្បាលមេក្រូ បន្ទាប់ពីលោកដើរដួលក្នុងពិធីទទួលលោកឡើងវេទិកានយោបាយ។
ថ្លែងទៅកាន់មហាជន ឬអ្នកគាំទ្រគណបក្ស(ZANU-PF) លោក មូហ្គាបេ បានថ្លែងមោទនភាពថា លោកអាចនឹងឈ្នះឆ្នោតក្នុងការបោះឆ្នោតថ្ងៃទី ២៣ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទោះជា លោកមានវ័យចាស់ជរាក៏ដោយ។តែនៅពេលជាមួយគ្នានេះ លោកបានណែនាំអោយប្រជាជន និងអ្នកគាំទ្រលោកឱ្យស្គាល់ភរិយារបស់លោក គឺ លោកស្រី Grace Mugabe ដែលគេរំពឹងថា ស្ដ្រីវ័យ ៥១ឆ្នាំរូបនេះ នឹងស្នងតំណែងពីលោក មូហ្គាបេ បើសិនបើបុរស ៩៤ ឆ្នាំរូបេនេះស្លាប់ ឬក៏លាលែងពីតំណែងនោះ។
ការដែលលោក មូហ្គាបេ បង្ហាញភរិយារបស់ខ្លួនលើវេទិកាបាននាំអោយអ្នកគាំទ្រ ស្រឡាំកាំង ដែលអ្នកខ្លះពោលពាក្យថា អនាគតហ្ស៊ិមបាវ៉េនឹងមានស្ដ្រីជាប្រធានាធិបតី។ ប៉ុន្ដែ អ្វីដែលសំខាន់ស្ដ្រីរូបនេះ ជាភរិយារបស់ជនផ្ដាច់ការ។
ប្រជាជនភ័យខ្លាចមិនចង់បង្ហាញឆន្ទៈគាំទ្រគណបក្សប្រឆាំងដោយសារតែការគំរាមកំហែង
កាសែតបរទេសជាច្រើនក្នុងនោះមាន New York Times ផងដែរ បានធ្វើអធិប្បាយលើអត្ថបទរបស់ខ្លួនថា ភាពភ័យខ្លាច និងភាពតក់ស្លុតរបស់ប្រជាជនហ្ស៊ិមបាវ៉េខ្លាំងបំផុតនៅពេលនេះ គឺ មេរៀនឆ្នាំ២០០៨ ដែលលោក មូហ្គាបេបានបញ្ជាឱ្យកម្លាំងប៉ូលិស និងកងទ័ពដែលស្មោះត្រង់នឹងខ្លួនបង្ក្រាបបាតុករប្រឆាំងនិងលទ្ធផលបោះឆ្នោត ដោយពេលនោះ យ៉ាងតិចមនុស្ស ២០០នាក់ត្រូវបានសម្លាប់។
ក្រោមហេតុផលនេះបាននាំអោយប្រជាជនហ្ស៊ិមបាវ៉េដែលស្ថិតនៅក្នុងស្ថានភាពក្រីក្រ ៤១ ភាគរយ មានអារម្មណ៍ចង់ផ្លាស់ប្ដូរមេដឹកនាំ ប៉ុន្ដែពួកគេភ័យខ្លាចពីការសម្លាប់រង្គាលឆ្នាំ២០០៨ចូលមកដល់ម្ដងទៀត។
ការបោះឆ្នោតឆ្នាំ២០០៨ ត្រូវបានអ្នកសង្កេតការណ៍រកឃើញថា ជាការបោះឆ្នោតប្រព្រឹត្តទៅដោយការភ័យខ្លាច ការបន្លំតួរលេខសន្លឹកឆ្នោត និងពោរពេញដោយការទឹកចិត្តអ្នកបោះឆ្នោត។
តើការបោះឆ្នោត ២៣ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ អាចមានរូបភាព ដូចឆ្នាំ២០០៨ ដែរឬទេ?
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែកក្កដា ឆ្នាំ២០១៣ គឺត្រូវបានមើលឃើញថា លោក មូហ្គាបេ បានទទួលសន្លឹកឆ្នោតឈ្នះ ប៉ុន្ដែមិនដាច់ស្រេច ដែលនាំអោយមេដឹកនាំគណបក្សប្រឆាំង (NPP) មានប្រៀប ដើម្បីទាញឱ្យមានការបោះឆ្នោតឡើងវិញ។
អ្នកសង្កេតការណ៍រកឃើញទៀតថា នៅពេលយុទ្ធនាការរកសំឡេងឆ្នោតឡើងវិញ គឺ រូបភាពនៃការបោះឆ្នោតនៃប្រទេសក្រីក្រមួយនេះ កាន់តែអាក្រក់ ព្រោះតែរដ្ឋអំណាចរបស់មូហ្គាបេ ប្រើប្រាស់សារគំរាមកំហែង សម្លុតបំភ័យ និងទិញសន្លឹកឆ្នោត គ្រប់កន្លែងទាំងស់។
យ៉ា់ងនេះក្ដី លោកមូហ្គាបេ បានបន្ដឈ្នះឆ្នោតទៀតដោយសំឡេងលើបេក្ខជនប្រធានាធិប តី មូហ្កាន់ ស្វាន់ គី រៃ (Morgan Tsvangirai) ដែលនាំអោយបុរសខ្លាំងរូបនេះ បន្ដអាណត្តិរបស់លោកមកដល់ពេលនេះ ដោយការកាន់អំណាចរយៈ ពេល ៣៧ឆ្នាំ។
នៅក្នុងការបោះឆ្នោតខាងមុខនេះ មេដឹកនាំបក្សប្រឆាំង លោក ស្វាន់ គី រៃ បានប្រកាសឱ្យគណបក្សតូចៗចូលរួមគាំទ្រលោក ដើម្បីផ្ដួលរំលំលោក មូ ហ្គាបេ និងគណបក្ស((ZANU-PF)) របស់បុរសខ្លាំងរូបនេះ។
នៅពេលជាមួយគ្នានេះ លោក មូ ហ្គាបេ បានស្វាគមន៍ក្រុមគណបក្សប្រឆាំងដែលរួបរួមគ្នាផ្ដួលរំលំលោក។ លោកថា គណបក្សរបស់លោក និងរូបលោកនៅតែជាក្ដីសង្ឃឹមរបស់ប្រជាជនទៅថ្ងៃមុខទៀត។
ការបោះឆ្នោតសភារួមជាមួយការបោះឆ្នោតប្រធានាធិបតីនៅហ្ស៊ិមបាវ៉េនៅឆ្នាំ២០១៨នេះ ទំនងក្លាយជាចំនុចផ្លាស់ប្ដូរអំណាចដ៏ធំមួយនៅទ្វីបអាហ្វ្រិក។ការបោះឆ្នោតនេះ ត្រូវបានមើលឃើញថា ជាដំណាក់កាលចុងក្រោយនៃការបញ្ចប់អំណាច អត្តាធិបតេយ្យរបស់លោក មូហ្គាបេ ផងដែរ៕