លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ថ្លែងថា ការប្តឹងពីករណីរឿងព្រំដែនជាមួយប្រទេសជិតខាងទៅតុលាការអន្តរជាតិ នោះកម្ពុជានឹងចំណាយពេលវេលានិងថវិកាច្រើន ហើយអាចចាញ់ក្តីទៀតផង។ ការថ្លែង បែបនេះធ្វើឡើងនៅក្នុងពិធីប្រគល់ផែនទីជូនតំណាងអង្គការសហប្រជាជាតិវិញ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះនាវិមានសន្តិភាព។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងថាការប្ដឹងរឿងព្រំដែនជាមួយប្រទេសជិតខាងទៅតុលាការអន្តរជាតិ នឹងធ្វើឲ្យកម្ពុជាខាតបង់ពេលវេលា ថវិកា និងចាញ់ក្ដីថែមទៀត។
លោក ហោ ណាំហុង បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់ផែនទីជូនតំណាងអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី២៦ខែសីហានេះ ដែលធ្វើនៅវិមានសន្តិភាពនាទីស្ដីការគណៈរដ្ឋមន្ត្រី។
នៅក្នុងពិធីប្រគល់ផែនទីនោះ លោក ហោ ណាំហុង មានប្រសាសន៍ថា ការកំណត់ព្រំដែនរវាងប្រទេសមួយនឹងប្រទេសមួយ គឺផ្អែកលើឯកសារផ្លូវច្បាប់ និងផ្អែកទៅលើច្បាប់អន្តរជាតិ ដូច្នេះការចង់ឲ្យរដ្ឋាភិបាលប្តឹងទៅអង្គការសហប្រជាជាតិដូចអ្វីដែលគណបក្សប្រឆាំង និងអ្នកវិភាគមួយចំនួនលើកឡើងនាពេលកន្លងមក គឺមិនងាយស្រួយនោះទេ។ លោក ហោ ណាំហុង មានប្រសាសន៍ថា “ការកំណត់រវាងប្រទេសមួយនិងប្រទេសមួយ ត្រូវផ្អែកលើឯកសារផ្លូវ ច្បាប់ ទី២ គឺលើច្បាប់អន្តរជាតិ ទី៣ គឺផ្អែកលើអ្វីដែលបានចុះហត្ថលេខាដែលជាឯកសារច្បាប់ទៅតុលាការអន្តរជាតិ។
តើអស់លោកនោះសង្ឃឹមទេ ជឿជាក់ទេ ថាតុលាការនឹងបកស្រាយតាមអស់លោកនឹកចង់ បើទៅហើយចំណាយលុយយ៉ាងច្រើន យូរឆ្នាំហើយចាញ់គេទៅទៀត តើនរណាជាអ្នកទទួលខុសត្រូវ”។
លោក ហោ ណាំហុង បន្ថែមថា នៅពេលខាងមុខឆាប់ៗនេះ ប្រធានាធិបតីបារាំង នឹងចុះហត្ថលេខាឆ្លើយតបនឹងលិខិតរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានស្នើសុំខ្ចីផែនទីពីវិទ្យាស្ថានភូមិសាស្រ្តបារាំង។ លោកថា នៅពេលនោះនឹងធ្វើឲ្យអ្នកនយោបាយកម្ពុជា ដែលតែងតែយកបញ្ហាផែនទីមកធ្វើជាយុទ្ធនាការនយោបាយនោះភ្លឺភ្នែកជាក់ជាមិនខាន។
លោកថា “ខ្ញុំសង្ឃឹមថាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ឬមួយអាទិត្យទៀត អស់លោក នឹងភ្លឺភ្នែកអំពីអ្វីដែលខ្លួនបាននិយាយកន្លងមក។ ហើយខ្ញុំសង្ឃឹមថា ពេលភ្លឺភ្នែកហើយ នោះឈប់យកបញ្ហាព្រំដែនកម្ពុជា វៀតណាម ឈប់យកផែនទីធ្វើជាយុទ្ធនាការនយោបាយ ធ្វើជាអាយ៉ៃ ឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ ឆ្លើយឆ្លងគ្នាតាមព័ត៌មាន”។
ជុំវិញការលើកឡើងរបស់លោក ហោ ណាំហុងនេះដែរ សាស្រា្តចារ្យវិទ្យាសាស្រ្ត នយោបាយ លោក រស់ រ៉ាវុធ លើកឡើងថា បញ្ហាព្រំដែនជាមួយវៀតណាមនាពេលបច្ចុប្បន្ននេះ គឺមិនទាន់មានមូលដ្ឋានគិតយុត្តិណាមួយច្បាសលាស់នៅឡើយនោះទេ។ លោកថា កម្ពុជាដែលកំពុងប្រមូលឯកសារផែនទីជាមូលដ្ឋានគ្រឹះក្នុងការផ្ទៀងផ្ទាត់ គឺជាការត្រឹមត្រូវ។
លោក រស់ រ៉ាវុធ បន្តថា ជម្រើសក្នុងការប្តឹងទៅ តុលាការអន្តរជាតិអាចធ្វើទៅបានលុះណាភាគីវៀតណាម នៅតែបន្តរំលោភមកលើបង្គោលព្រំដែន ខណៈដែលកម្ពុជាមានមូលដ្ឋានគិតយុត្តិច្បាស់លាស់។ លោក រស់ រ៉ាវុធ មានប្រសាសន៍ថា “ចំពោះបញ្ហាព្រំដែនកម្ពុជា វៀតណាមនេះ គឺមិនទាន់មានភាពច្បាស់លាស់ណាមួយដែលជាមូលដ្ឋានគិតយុត្តិនៅឡើយទេ អញ្ចឹងទេ!បានជាបច្ចុប្បន្ននេះយើងត្រូវការប្រមូលឯកសារដែលជាផែនទីជាមូលដ្ឋានគ្រឹះនៅអន្តរជាតិហ្នឹង មកផ្ទៀងផ្ទាត់គ្នាដើម្បីធ្វើការបោះបង្គោលព្រំដែន”។
ចំណែក លោក អ៊ូ វីរៈ ប្រធានអង្គការវេទិការអនាគតស្តីពីកម្ពុជានិងជាអ្នកឃ្លាំងមើលស្ថានការសង្គម ក៏បានលើកឡើងដែរថា ចំពោះស្ថានភាពប្រទេសកម្ពុជាពេលនេះ ទោះបីប្តឹងទៅតុលាការអន្តរជាតិក៏ តុលាការមួយនេះគេមិនព្រមទទួលដែរ ព្រោះកម្ពុជានៅមានមូលដ្ឋានគិតយុត្តិតិចតួចណាស់ក្នុងការប្តឹងទៅតុលាការអន្តរជាតិ។
លោក អ៊ូ វីរៈ បន្តថា ប្រទេសកម្ពុជាគប្បីធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមនេះជាលក្ខណៈទ្វេភាគីជាមុនសិន មុននឹងសម្រេចចិត្តប្តឹងទៅអង្គការសហប្រជាជាតិ។ លោកថា “ព្រំដែនគោក ខ្ញុំមើលទៅមូលដ្ឋានរបស់យើងមានតិចតួចមែនទែន។ ប៉ុន្តែបើសិន យើងពឹងថា ស្អីក៏យើងដាក់ទៅអង្គការសហប្រជាជាតិ ខ្ញុំមើលទៅវាមិនរួចទេ! ហើយភាគីវៀតណាម យើងនៅជជែកគ្នាបានអញ្ចឹង!ការតវ៉ាទាំងឡាយ គឺគួរតែតវ៉ាជាទ្វេភាគីសិន”។
នៅថ្ងៃទី២៦ខែសីហានេះដែរ អ្នកជំនាញព្រំដែននៅប្រទេសបារាំងប្រកាស ច្រានចោលការផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាលជាមួយផែនទីដែលបានពីអង្គការសហប្រជាជាតិ ដោយចោទថាការផ្ទៀងផ្ទាត់នោះគ្មានភាពត្រឹមត្រូវ និងជំរុញឲ្យកម្ពុជាត្រូវប្រើយន្តការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អះអាងក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៥នេះថាការផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជា-វៀតណាម ធ្វើឡើយដោយរាជបណ្ឌិតសភាកម្ពុជារបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ផ្អែកលើមូលដ្ឋានផែនទីមិនត្រឹមត្រូវ បំភាន់និងក្លែងបន្លំលើឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងផែនទីព្រំដែនដូចមានក្នុងកំណត់ក្នុងរដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សាឃ្លាំមើលបញ្ជាក់ថា ផែនទីខ្ចីពីអង្គការសហប្រជាជាតិយកមកផ្ទៀងផ្ទាត់នេះ ជាផែនទីសម័យ សង្គ្រាមវៀតណាមUTMចំនួន១៨ផ្ទាំង ដែលអ្នកជំនាញព្រំដែននៅក្រៅប្រទេសចាត់ទុកថា មិនបានបញ្ជាក់ពីភាពត្រឹមត្រូវនៃផែនទីដើមរបស់កម្ពុជា ដែលតម្កល់នៅអង្គការសហប្រជាជាតិទេ។
សូមបញ្ជាក់ថា ការថ្លែងរបស់លោក ហោ ណាំហុង ធ្វើឡើងស្របពេលដែលស្ថានការណ៍នយោបាយជុំវិញបញ្ហាព្រំដែនកម្ពុជា វៀតណាមកំពុងដែលកើនកម្ដៅខ្លាំងដោយក្នុងនោះរដ្ឋាភិបាលបានចាប់ខ្លួនមន្ត្រី និងអ្នកគាំទ្របក្សប្រឆាំងជាច្រើននាក់ដាក់ពន្ធនាគារ។ ទោះបីការចាប់ខ្លួនអ្នកទាំងនោះខ្លះមិនពាក់ព័ន្ធនឹងរឿងព្រំដែនក្ដី ក៏អ្នកសង្កេតការណ៍យល់ថា ជាការបំបិទមាត់អ្នកប្រឆាំងមិនឲ្យរិះគន់បញ្ហាព្រំដែននេះ៕