en     km
en     km

លោក កឹម សុខា រង​បណ្តឹងពីករណីប្រើសារនយោបាយរើសអើងបក្សតូចៗ(មានសំឡេង)

Share

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ នៅថ្ងៃទី២០ មិថុនានេះ បានដាក់ពាក្យបណ្តឹងប្រឆាំងលោក កឹម សុខា ថាបានប្រើប្រាស់សារនយោបាយ មានចរិតញុះញង់ឱ្យពលរដ្ឋរើសអើងគណបក្សនយោបាយតូចៗ។

អ្នកស្រាវជ្រាវយល់ថានេះជាបណ្តឹងដែលមិននាំផលចំណេញនោះទេ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។រូបភាព Fresh news
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។រូបភាព Fresh news

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃនេះបានសម្រេចដាក់ពាក្យប្តឹងប្រឆាំងលោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ដោយចោទថា លោក កឹម សុខា បានដើរឃោសនាញុះញង់ពលរដ្ឋ កុំឱ្យបោះឆ្នោតឲ្យគណបក្ស ទើបបង្កើតថ្មីដោយសំអាងថាគណបក្សទាំងនោះជាគណបក្សដៃជើងរបស់គណបក្សកាន់អំណាច។

ថ្លែងប្រាប់វិទ្យុស្ត្រីFM 102 ក្រោយពីដាក់ពាក្យបណ្តឹងរួច លោក ពេជ្រ ស្រស់ បញ្ជាក់ថាសារនយោបាយនេះបានធ្វើឱ្យប៉ះ ពាល់សំឡេង គាំទ្រគណបក្សផ្សេងទៀតនិងជាការរើសអើងនយោបាយ។

«ថាគណបក្សបង្កើតថ្មីហ្នឹងជាដៃជើងគណបក្សកាន់អំណាច ហើយថាបោះទៅវាអត់ប្រយោជន៍។ អញ្ចឹងបក្សខ្ញុំជាលទ្ធ ផល ការរៀបចំបោះឆ្នោតឃុំសង្កាត់ ខ្ញុំបានតែ១៩ឃុំ ដោយសារអី ដោយសារឥទ្ធិពលនៃការផ្ញើសារនយោបាយមិន បានគិត ពីផលអាក្រក់ដូចគ្នា បើនិយាយឱ្យចំវាអត់មានតម្លាភាពស្មើគ្នាក្នុងការធ្វើនយោបាយ»។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបាន ថ្លែងសារទៅកាន់អ្នកគាំទ្រនៅស្រុកបារាយ ខេត្តកំពង់ធំ មុននឹងក្រោយអំឡុងពេលឃោសនាស្វែងរកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថា «អ្នកមិនទាន់គាំទ្រគណបក្សសង្គ្រោះជាតិ សុំកុំបង្ហិចសន្លឹកខ្លួនឯងធ្វើអ្វី គួរបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិតែម្តងទៅ»។

ត្រង់ចំណុចនេះលោក ពេជ្រ ស្រស់ និយាយថាលោកចង់ឱ្យតុលាការចាត់ការតាមវិធានច្បាប់ប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិ។ ហើយលោកមិនត្រូវការការសុំអភ័យទោសពីលោកកឹម សុខា នោះទេ។

នេះជាលើកទី១ហើយក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីដើមខែមិថុនានេះ ដែលប្រមុខគណ បក្សប្រឆាំងបានទទួលរងពាក្យបណ្តឹង ខណៈដែលបណ្តឹងមួយចំនួនប្រឆាំងរូបលោកមិនទាន់ដោះស្រាយនៅឡើយ។

វិទ្យុស្រ្តីមិនទាន់អាចទាក់ទងមន្រ្តីគណបក្សសង្គ្រោះជាតិបាននៅឡើយទេនៅថ្ងៃនេះ។

លោក ឆាំ ប៊ុនថេត អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ និយាយថា ការប្តឹងលោក កឹម សុខា នេះហាក់មិនសមហេតុផលនោះទេ ហើយក៏គ្មានច្បាប់ណាមកអាចចាត់ការបានដែរ ព្រោះការលើកឡើងរបស់លោក កឹម សុខា គឺគ្រាន់តែជាទស្សននយោបាយ តែប៉ុណ្ណោះ។

«ការដាក់ពាក្យបណ្តឹងប្តឹងគាត់ [លោក កឹម សុខា] វាមានចរិតក្មេងខ្ចីមែនទែន គួរតែរៀនឱ្យបានច្រើនជាងហ្នឹងតិចទៅ មើលច្បាប់ឱ្យបានច្បាស់លាស់ ហើយប្រសិនបើគាត់អត់មានធ្វើអ្វីប៉ះពាល់ផង គ្រាន់តែជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ របស់គាត់ រឿងប៉ុណ្ណឹងទៅប្តឹងគាត់វាមិនសម»។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕

Share

Image
Image
Image