ភ្នំពេញ៖ ពីរថ្ងៃកក្រោយពីអង្គការការពារសិទ្ធីមនុស្ស Human Right Watch បរិហាពីភាពមិនប្រក្រតីក្នុនងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការវាយបកទៅវិញដោយការចំអក។ បន្ថែមពីនោះ សម្តេចប្រមុខរដ្ឋាភិបាលខ្មែរបានសំដែងភាពសោះអង្គើយចំពោះការប៉ុនប៉ងកាត់ជំនួយណាមួយរបស់សហរដ្ឋអាមេរិក។
ជាមួយនឹងការប្រើសំឡេងធ្ងន់ៗ សម្តេចហ៊ុន សែន បានកត់សម្គាល់ថាអង្គការការពារសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក Human Right Watch មានចេតនាអាក្រក់ចំពោះគណបក្សប្រជាជនកម្ពុជារបស់លោក។
ការលើកឡើងបែបនេះក្រោយពីអង្គការដែលមានមូលដ្ឋានក្នុងទីក្រុងញូយ៉កនេះកាលពីថ្ងៃអង្គការ បានបរិហាថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាកាលពីដើមខែមិថុនា មិនសេរីឬមិនត្រឹមត្រូវ។
សម្តេចហ៊ុន សែន កត់សម្គាល់ថាសេចក្តីបរិហានេះផ្ទុយពីសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសេចក្តីថ្លែងការណ៍ របស់សហគមន៍អន្តរជាតិដទៃទៀត។
«បណ្ដាស្ថានទូតនានារាប់ទាំងស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតនេះល្អ។ ដល់តែមានអាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ ប្រ៊ែដ អាដាម នោះ អី យូមែន រ៉ៃត៍ វ៉ច្ឆ ស្អីគេនោះ វាថាអាហ្នឹងអត់ល្អ។»។
ការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រ័មួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បត្តិ៍។
ជាមួយគ្នានេះសម្តេច ហ៊ុន សែន បានថ្លែងកោតសរសើរអំពីដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បានដំណើរការល្អ ដោយប្រជាជនកម្ពុជាទៅបោះឆ្នោតច្រើន។ ហើយភ្លាមៗនោះស្ថានទូតអាមេរិក និងស្ថានទូតនានានៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ដំណើរការបោះឆ្នោតមានលក្ខណៈល្អប្រសើរផងដែរ។ ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុកក៏បានសំដែងការសាទរជាបន្តបន្ទាប់ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ។
នៅក្នុងការបញ្ចេញប្រតិកម្មកាលពីម្សិលមិញនេះដែរ សម្តេចហ៊ុន សែន ក៏បានរំលឹកឡើងវិញថាសម្តេចមិនខ្វល់នោះទេប្រសិនបើសហរដ្ឋអាមេរិកត្រូវកាត់ជំនួយមកប្រទេសកម្ពុជានោះ។
«ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ពេលនោះខ្ញុំនិយាយនៅខ្សាច់កណ្ដាល ក្រោយការបោះឆ្នោត ៣ថ្ងៃ។ ខ្ញុំថាបើអាមេរិកកាត់ៗទៅ កុំនិយាយច្រើនពេក ហើយអ្នកដែលងាប់ មិនមែនប្រជាជនខ្មែរទេ ងាប់អ្នកណាដែលធ្វើឲ្យអង្គការក្រៅរដ្ឋាភិបាលអាមេរិក ងាប់ទាំងអស់»។
ប្រទេសកម្ពុជាត្រូវបានគេកត់សម្គាល់ថាមានទំនោរទៅរកប្រទេសចិនច្រើនជាងសហរដ្ឋអាមេរិក។
កាលពីឆ្នំា ២០១៤ សហរដ្ឋអាមេរិក បានផ្តល់ជំនួយមកកម្ពុជាប្រមាណ ៧៨ លានដុល្លារអាមេរិក។ ហើយជំនួយភាគច្រើនសម្រាប់វិស័យមនុស្សធម៌។ស្របពេលជាមួយគ្នានេះប្រទេសមហាអំណាចសេដ្ឋកិច្ចលេខមួយនៅអាស៊ីអាគ្នេយ៍គឺប្រទេសចិន បានផ្តល់ជំនួយមកកម្ពុជាប្រមាណ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នំាៗ៕