en     km
en     km

វិភាគ ៖ ការរៀប​ចំ​មេភូមិ និងមេឃុំ ចៅសង្កាត់ ជា​គន្លឹះ​​របស់​បក្សនយោបាយជាប់ឆ្នោត

Share

ភ្នំពេញ៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ ទើបបានបិទបញ្ចប់។ លទ្ធផលបឋមក្រៅផ្លូវការបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈមេឃុំ ចៅសង្កាត់ចំនួនច្រើនជាង ១១៥០ ឃុំសង្កាត់ ចំណែកឯគណបក្ស សង្គ្រោះជាតិ ទទួលបានអសនៈប្រមាណជិត ៥០០ ឃុំសង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ទទួលបានអសនៈមេឃុំ   ចំនួន១។

យោងតាមលទ្ធផលឆ្នោតនេះ ការរៀបចំរចនាសម្ពន្ធ័នយោបាយនៅថ្នាក់មេភូមិ មេឃុំនិងចៅសង្កាត់ជាគន្លឹះនយោបាយដ៏ សំខាន់សម្រាប់គណបក្សដែលដណ្តើមបានអសនៈច្រើន។

លោក កឹម សុខា ប្រធានគណបក្សសង្ក្រោះជាតិ(ឆ្វេង) , សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា(ស្តាំ)។
លោក កឹម សុខា ប្រធានគណបក្សសង្ក្រោះជាតិ(ឆ្វេង) , សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា(ស្តាំ)។

 ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ឆ្នាំ ២០១៧ នេះបង្ហាញថា គណបក្សនយោបាយធំៗចំនួនពីរ ជាចលករនយោបាយនាំមុខក្នុងប្រទេសកម្ពុជា។នោះគឺគណបក្សប្រជាជនកម្ពុជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិដែលផ្តួចផ្តើមដោយលោកសម រង្ស៊ី និងលោកកឹម សុខា។

បើផ្អែកតាមលទ្ធផលក្រៅផ្លូវការក្រោយពីការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាអាចនឹងទទួលបានអសនៈក្រុមប្រឹក្សាឃុំ សង្កាត់ច្រើនជាង១១៥០។រីឯគណបក្សសង្គ្រោះជាតិទទួលបានអសនៈក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ៥០០។ ហើយគណ បក្សខ្មែររួបរួមជាតិរបស់លោកញ៉ឹក ប៊ុនឆៃ ទទួលបានឃុំមួយយកមកកាន់កាប់ក្នុងខេត្តបន្ទាយមានជ័យ។

ប្រសិនបើគេពិនិត្យមើលតួលេខនេះ គេឃើញថាក្នុងចំណោមគណបក្សនយោបាយចំនួន១២ ដែលបានចូលប្រកួតប្រជែង ដណ្តើមសន្លឹកឆ្នោត មានតែគណបក្សបីប៉ុណ្ណោះដែលទទួលបានការគាំទ្រ និយាយជារួម។ ប៉ុន្តែជាក់ស្តែងជាងនេះ គឺមាន តែគណបក្សនយោបាយតែពីរប៉ុណ្ណោះដែលបានឆក់យកបេះដូងម្ចាស់ឆ្នោតបានច្រើនបំផុត។

នេះជាបម្រែបម្រួលនៃចរន្តនយោបាយ នៅថ្នាក់មូលដ្ឋានយ៉ាងច្រើនបើធៀបនឹងរយៈពេលជាងមួយទសវត្សមុននេះ។ ជាង មួយទសវត្សមុនដែលមេឃុំឬចៅសង្កាត់ ស្ទើរតែទាំងអស់ក្នុងចំណោមឃុំសង្កាត់ជាង ១៦០០ ត្រូវកាន់កាប់ដោយតំណាង មកពីគណបក្សប្រជាជនកម្ពុជា។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចុះជួបពលរដ្ឋនៅមូលដ្ឋាន។

ថ្វីបើគណបក្សប្រជាជនកម្ពុជាបានរក្សាដំណែងនាំមុខក្នុងការកាន់កាប់ដំណែង មេឃុំនិងចៅសង្កាត់នៅទូទាំងប្រទេស ប៉ុន្តែ គណបក្សនេះក៏បានបាត់បង់អសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាច្រើនផងដែរ។ អសនៈដែលបានបាត់បង់នោះ ត្រូវគេមើល ឃើញថា បានរមាលធ្លាក់ទៅក្នុងដៃគណបក្សប្រជែង គឺគណបក្សសង្គ្រោះជាតិ។

នៅក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ អាចនឹងពិចារណាអំពីបណ្តាញគាំទ្រនយោបាយ មូលដ្ឋានរបស់ខ្លួនឡើងវិញ ឬពិចារណាបន្ថែមទៀតថាតើនឹងត្រូវកសាងសរសៃឈាមនយោបាយនៅថ្នាក់ក្រោមបែបណា។

មានចំណុចពីរដែលគេមើលឃើញថា គណបក្សធំៗទាំងពីរនឹងចាប់ផ្តើមធ្វើក្នុងដំណាក់កាលដំបូងបំផុត។ នោះគឺទី ១ ការកែ សម្រួលនិងពង្រឹងសមាសភាពដឹកនាំនៅតាមឃុំសង្កាត់និងទី ២ រៀបចំសមាសភាពមេភូមិ។

ហេតុដូចម្តេចបានជាកត្តាមេឃុំ ចៅសង្កាត់និងកត្តាមេភូមិមានសារសំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ?

ជាបឋមគេត្រូវក្រឡេកថយក្រោយបន្តិច។ គេនឹងឃើញថាកម្លាំងនយោបាយនៅតាមមូលដ្ឋានរបស់គណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិហាក់ដូចជាកំពុងដើរបញ្ច្រាសគ្នា។ នោះគឺគណបក្សប្រជាជនកម្ពុជាបានបន្តបាត់បង់ អសនៈឃុំសង្កាត់ពីជាង ១៦០០ ឃុំសង្កាត់មកនៅត្រឹមជាង ១១៥០ក្នុងរយៈពេលជិត២០ឆ្នាំ។ ហើយគណបក្សប្រឆាំងបាន ដណ្តើមអសនៈទាំងនោះមកកាន់កាប់ពីចំណុចសូន្យដល់ប្រមាណ៥០០អសនៈឃុំសង្កាត់។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចុះមូលដ្ឋានជួបពលរដ្ឋ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចុះមូលដ្ឋានជួបពលរដ្ឋ។

ដូច្នេះហើយទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិសុទ្ធតែមានផលប្រយោជន៍ ក្នុងការពិនិត្យមើលការ កែសម្រួលនិងពង្រឹងសមាសភាពមេឃុំ ចៅសង្កាត់ ក៏ដូចជាដំណែងមេភូមិផងដែរ។

ការកែសម្រួលនិងពង្រឹងសមាសភាពមេឃុំ ចៅសង្កាត់នឹងផ្តល់សារសំខាន់ពីរយ៉ាងសម្រាប់គណបក្សកាន់អំណាច។

ទី១ គឺរក្សាកម្លាំងនយោបាយមិនឲ្យបាត់បង់ប្រជាប្រិយភាព ស្របពេលដែលអ្នកដឹកនាំនយោបាយជើងក្រោមរបស់គណ បក្សនេះ នៅទន់ជ្រាយនិងបន្តបាត់បង់ការគាំទ្រក្នុងអាណត្តិបន្តបន្ទាប់។ និងទី២ គណបក្សប្រជាជនអាចជាន់ហ្វ្រាំងមិន ឲ្យរមៀលចុះក្រោមបន្តទៀតនិងមានឱកាសស្តារកម្លាំងមូលដ្ឋានឡើងវិញ។

ដោយឡែកសម្រាប់គណបក្សសង្គ្រោះជាតិការពង្រឹងសមត្ថភាព នៃសមាសភាពមេឃុំនិងចៅសង្កាត់ក៏ជាការចាំបាច់ខ្លាំង ណាស់ដែរ។ ថ្វីបើគណបក្សនេះស្រូបយកអសនៈមេឃុំចៅសង្កាត់ពីគណបក្សកាន់អំណាចបានរហូតដល់ជិតប្រាំរយ។ ប៉ុន្តែ គណបក្សនេះនៅមានកម្លាំងមូលដ្ឋានខ្សោយជាងគណបក្សកាន់អំណាចលើសពីពីរដង។ គឺមានន័យថាគណបក្សប្រឆាំង ត្រូវការពង្រឹងកម្លាំងនយោបាយរបស់ខ្លួន នៅមូលដ្ឋានឲ្យរឹងមាំបន្ថែមទៀត និងត្រូវការពង្រីកប្រសិទ្ធិភាពនៃការជឿជាក់ ដល់ថ្នាក់មូលដ្ឋានឲ្យបានច្រើនថែមទៀត។

នៅក្នុងន័យដូចគ្នានេះដែរ វាជាការចាំបាច់ដែលគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងសំឡឹងមើលប្រសិទ្ធិភាព នៃ សំណាញ់មេភូមិ។

ទិដ្ឋភាពពលរដ្ឋទៅបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់ ក្នុងមូលដ្ឋានមួយនៅភ្នំពេញ។
ទិដ្ឋភាពពលរដ្ឋទៅបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់ ក្នុងមូលដ្ឋានមួយនៅភ្នំពេញ។

តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតអាចមានលទ្ធភាព ជ្រើសតាំងមេភូមិរបស់ ខ្លួនបាន។ គឺមេភូមិនេះហើយដែលជាភ្នែកជាច្រមុះរបស់គណបក្សនិមួយៗដែលនៅកៀកនឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត។

នៅក្នុងចំណោមភូមិចំនួន ១៤៣៨៣ នៅទូទាំងប្រទេសកម្ពុជា គណបក្សប្រជាជនកម្ពុជានឹងមានមេភូមិរបស់ខ្លួនលើសពី ពាក់កណ្តាលនៃចំនួនភូមិសរុប។ ហើយគណបក្សសង្គ្រោះជាតិអាចនឹងដណ្តើមបានមេភូមិលើសពី ១ ភាគ ៣ នៃចំនួនភូមិ ទាំងអស់ ឬប្រហាក់ប្រហែលនឹង៥០០០ ភូមិ។

សរុបមកវិញ ទំនោរនយោបាយក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាមានការវិវត្តទៅមុខដែលទាមទារឲ្យគណបក្សដែលមាន សក្តានុពលទាំងពីរមានគោលការណ៍ច្បាស់លាស់ និងជាក់លាក់សម្រាប់ត្រៀមខ្លួនចូលប្រឡូកក្នុងការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រនៅឆ្នាំ២០១៨។

គណបក្សប្រជាជនកម្ពុជាមានហេតុផលក្នុងការពិចារណាលើភាពអកម្ម និងភាពអវិជ្ជមានរបស់មេឃុំ ចៅសង្កាត់និងមេភូមិ ដែលស្ថិតក្នុងដំណែងដុះស្លែ។ រីឯគណបក្សសង្គ្រោះជាតិ មានហេតុផលក្នុងការធានាថាតើមេឃុំ ចៅសង្កាត់ និងមេភូមិថ្មី របស់ខ្លួនមានសមត្ថភាពនិងប្រសិទ្ធិភាពប៉ុណ្ណាដើម្បីធានានូវសន្ទុះនយោបាយសម្រាប់ការប្រកួតនៅឆ្នាំក្រោយ៕

Share

ព័ត៌មានទាក់ទង

Image