en     km
en     km

តុលាការ​កំពូល​សម្រេច​លើក​ពេល​សវនាការ​រឿង​ក្ដី​លោក​ អ៊ុំ​ សំ​អាន​

Share

(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នេះ បានសម្រេចលើកពេលសវនាការរឿងក្ដីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្តឹងប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ ៦ខែ ពាក់ព័ន្ធរឿងផែនទីសន្ធិសញ្ញាកម្ពុជាវៀតណាម ។

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។

ការសម្រេចលើកពេលសវនាការនេះ គឺតបតាមការស្នើសុំពីលោក អ៊ុំ សំអាន ព្រោះលោកពុំមានមេធាវីការពារក្តីផ្ទាល់ខ្លួន។

មន្ត្រីតុលាការបញ្ជាក់ថា លោក អ៊ុំ សំអាន ស្នើសុំតុលាការកំពូលលើកពេលសវនាការរយៈពេល ៣ ខែទៀត ដោយលោកចង់ស្វែងរកមេធាវីផ្ទាល់ខ្លួនដើម្បីការពារក្តី។យ៉ាងណាក្នុងបន្ទប់សវនាការចៅក្រមបានចាត់តាំងមេធាវីមួយរូបជូនលោក អ៊ុំ សំអាន តែលោកមិនពេញចិត្ត ហើយជំទាស់មិនទទួលយកតាមការចាត់តាំងរបស់តុលាការ។

ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន ពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណតុលាការកំពូល ដើម្បីផ្តិតយករូបភាពទេ ។

គួរបញ្ជាក់ថា ក្រោយបើកសវនាការពេញមួយព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែនិងពិន័យ៤លានរៀល ។

លោក អ៊ុំ សំអាន ជាប់ចោទចំនួនពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។

Share

ព័ត៌មានទាក់ទង

Image