en     km
en     km

កម្ពុជា​ទទួល​ជំនួយ​ជាង​១​លាន​ដុល្លារ​សម្រាប់​អភិរក្ស​ព្រៃឈើ​តាម​តំបន់​ទន្លេមេគង្គ​

Share

ភ្នំពេញ៖សហគមន៍អឺរ៉ុបទើបតែបានផ្តល់ជំនួយជាង៦លានដុល្លារអាមេរិកដល់ប្រទេសចំនួនប្រាំដើម្បីធ្វើការការពារនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ទន្លេមេគង្គ។ក្នុងចំណោមជំនួយទាំងនោះ ប្រទេសកម្ពុជាបានទទួលចំណែករបស់ខ្លួនដើម្បីជំរុញការទប់ស្កាត់ការបំផ្លាញព្រៃឈើតាមរយៈកិច្ចសហការរវាងអង្គការក្រៅរដ្ឋាភិបាលនិងភ្នាក់ងាររបស់រដ្ឋ។

eu

កញ្ញាជុំ ជោគជាតា រាយការណ៍ជូនដូចតទៅ៖

ប្រទេសកម្ពុជានឹងទទួលបានប្រាក់ជំនួយប្រមាណ   ១លានអឺរ៉ូ ឬ ១,១២លានដុល្លារអាមេរិកពីសហគមន៍អឺរ៉ុបដើម្បីការពារនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ទន្លេមេគង្គ។ទឹកប្រាក់នេះគឺជាផ្នែកមួយនៃផែនការជំនួយសរុបចំនួន៥,៨លានរ៉ូឬស្មើនឹងប្រមាណ៦,៥លានដុល្លារអាមេរិកសម្រាប់កិច្ចអភិរក្សព្រៃឈើក្នុងប្រទេសចំនួនប្រាំនៃតំបន់ទន្លេមេគង្គ ក្នុងនោះមានប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ប្រទេសឡាវនិងថៃ។

លោក អេជែន ដឺឡាល់ត្រ៍ ( Etienne Delalttre) មន្ដ្រីគម្រោងនៃមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋនិងព្រៃឈើ (RECOFTC) បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តន៍គម្រោងសម្លេងសម្រាប់ព្រៃឈើតំបន់មេគង្គនៅថ្ងៃព្រហស្បត្តិ៍នេះថា សម្រាប់ប្រទេសកម្ពុជាគម្រោងការពារព្រៃឈើត្រូវចែកជាពីរផ្នែក។

លោក អេជែន ដឺឡាល់ត្រ៍ ៖ «ទីមួយ . គឺបង្កើតប្រព័ន្ធតាមដានព្រៃឈើនៅតាមតំបន់និមួយៗ ថា តើត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព្រៃឈើបែបណាដែលគួរតែធ្វើ។ និងទីពីរ. កសាងជំនាញសមត្ថភាពនៅក្នុងសហគមន៍មូលដ្ឋាន ទាំងជំនាញ ទាំងវិធីសាស្ដ្រទំនាក់ទំនង និងរាយការណ៍ពីការកាប់បំផ្លាញព្រៃឈើ»។

ថវិកាជំនួយពីសហគមន៍អឺរ៉ុបនេះនឹងបានដល់ភ្នាក់ងាររបស់រដ្ឋាភិបាលនិងសង្គមស៊ីវិលដើម្បីសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើដែលងាយរងផលប៉ះពាល់ខាងលើនេះ។គម្រោងនេះមានរយៈពេលប្រាំឆ្នាំគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២១។

លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលើកឡើងដែរថា ការផ្ដល់ជំនួយថវិកាសម្រាប់គម្រោងអភិរក្សព្រៃឈើនៅតំបន់ទន្លេមគង្គ នៅពេលនេះ គឺ ដើម្បីចូលរួមកាត់បន្ថយនៃការបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក និងភាពផុតពូជនៃសត្វព្រៃផងដែរ ។

លោក George Edgar  ៖«យើងប៉ាន់ប្រមាណមើលឃើញថា ៨៥ភាគរយ ដែលពឹងផ្អែកទៅលើព្រៃឈើ ហើយក្នុងចំនោមនោះ ១ ភាគ ៣ គឺ ជាជនជាតិដើមភាគតិច ។ ព្រៃឈើ គឺផ្ដល់អោយនូវអាហារ ប្រាក់ចំនូល ឱសថ អុស ហើយនឹងប្រយោជន៍ដទៃទៀត ហើយជាសំណាញ់សវុត្ថិភាពនៅពេលដែលមានវិបត្តិហើយនិងការបាត់បង់ព្រៃឈើ។ ជាពិសេសនៅពេលបាត់បង់ព្រៃឈើវាធ្វើអោយប៉ះពាល់ធ្ងន់ដល់ជីវភាពប្រជាជនទាំងមូលផងដែរ»។

ព្រៃឈើនៅក្នុងប្រទេសកម្ពុជាបានទទួលរងការកាប់បំផ្លាញជាច្រើនក្នុងរយៈពេលចុងក្រោយនេះ។យោងតាមទិន្នន័យគយវៀតណាមដែលទទួលបានពីអង្គការ Forestry Trends  ដែលជាអង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិក បានបង្ហាញកាលពីពេលថ្មីៗថា ឈើនិងឈើអាររួចនៅតែបន្តឆ្លងកាត់ព្រំដែនក្នុងចំនួនដ៏ច្រើនដដែល។ បើតាមទិន្នន័យ កម្ពុជាបាននាំចេញ ឈើ និងឈើអាររួចជាង ៣១០.០០០ម៉ែត្រគូប នៅតែបន្តនាំចេញទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៦ ដោយគិតជាទឹក ប្រាក់សរុប ១៨១ លានដុល្លារ។

លោក ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋាននៃសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន មានប្រសាសន៍ថាជំនួយថវិកាពីសហគមន៍អឺរ៉ុបនឹងជំរុញឲ្យមានកិច្ចសហការគ្នាកាន់តែល្អថែមទៀតរវាងភ្នាក់ងាររដ្ឋាភិបាលនិងសង្គមស៊ីវិលក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។

លោក ខៀវ បូរិន្ទ ៖«យើងគិតថា គម្រោងនេះនឹងផ្ដល់ធនធានដល់សង្គមស៊ីវិល ឱ្យគាត់យកទៅអនុវត្តគម្រោង។ តែចាំបាច់អ្វីដែលយើងត្រូវការគឺការបង្កើតយន្ដការនៃការសហការគ្នា ដើម្បីជោគជ័យទាំងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល»។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តនៃអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា (Ngo Forum) រៀបរាប់ថាអង្គការសំខាន់ៗចំនួន ៣ គឺអង្គការ WWF មជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋនិងព្រៃឈើ (RECOFTC) និងអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (Ngo Forum) នឹងចូលរួមក្នុងគម្រោងទប់ស្កាត់ការបំផ្លាញព្រៃឈើនេះ។ ហើយគម្រោងនេះ មានគោលបំនងសំខាន់ៗចំនួន ៣ គឺ ទីមួយ បង្កើតប្រព័ន្ធត្រួតពិនិត្យទៅលើអភិបាលកិច្ចព្រៃឈើ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ ។ ទីពីរ.បង្កើនសមត្ថភាពដល់សហគមន៍ និអង្គការមិនមែនរដ្ឋាភិបាលដើម្បីពង្រឹងសមត្ថភាពតាមដាន ត្រួតពិនិត្យទៅលើតំបន់ទេសភាព និងព្រៃឈើ។ និងទីបី.កសាងសមត្ថភាព ដើម្បីឱ្យអង្គការមិនមែនរដ្ឋអាចដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងព្រៃឈើ៕

Share

ព័ត៌មានទាក់ទង

Image