en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ព្រមាន​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ប្រ​សិន​ហ៊ាន​មក​កម្ពុជា​វិញ​(មានសំឡេង)

Share

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ព្រមានចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនលោកហ៊ានត្រឡប់ មក កម្ពុជាវិញនោះ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ ឆ្លើយតបទៅនឹងការអធិប្បាយរបស់លោក សម រង្ស៊ី ដែលសរសេរលើប្រព័ន្ធ Twitter កាលពីយប់មិញថា លោកនឹងត្រឡប់មកកម្ពុជាវិញនៅពេលឧបសគ្គនានា ដែលរារាំង លោកត្រូវបានលុបចោល។

នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្តាំ)។
នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្តាំ)។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បត្តិ៍ទី ១៥ មិថុនា នេះ បានគំរាមចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនបើអតីត ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ  ពិតជាហ៊ានវិលត្រឡប់មកប្រទេសកម្ពុជាវិញមែននោះ។ ការចាប់ខ្លួនគឺនឹងធ្វើ ឡើង តាមអំណាចសាលក្រមរបស់តុលាការ។ នេះបើតាមសម្តេចហ៊ុន សែន។

«មើលអ្នកក្លាហាន សុំអញ្ជើញ ទ្វារចំហហើយ តែតាចុះដល់ដីក្រិប! ច្បាស់ណាស់ថា ការចាប់ខ្លួនត្រូវបានធ្វើឡើងហើយ ព្រោះនេះជាអំណាចតុលាការ គេបញ្ជាដោយព្រះរាជអាជ្ញា និងនរគបាលយុត្តិធម៌គេទៅចាប់ហើយ ជាប់គុកប៉ុន្មានអីប៉ុន្មាន អារឿងហ្នឹងគឺអំណាចសាលក្រម»។

ការគំរាមចាប់ខ្លួនលោកសម រង្ស៊ី របស់សម្តេចហ៊ុន សែន ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីសម្តេចស្នើឲ្យទីស្តីការគណរដ្ឋ មន្ត្រីដកបម្រាមមិនឲ្យលោកសម រង្ស៊ី វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ លោក សម រង្ស៊ី ដែលបានចាកចេញ ពីប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៦ក្រោយពីទទួលរងបណ្តឹងពីបទព្រហ្មទណ្ឌជាច្រើនពីគូប្រជែងនយោបាយរបស់ខ្លួន។

លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី អតីតប្រធាន
គណបក្សសង្រ្គោះជាតិ

ថ្លែងក្នុងពិធីចែកសញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញ សម្តេចប្រមុខរដ្ឋាភិបាល ពន្យល់ថាការលើកបម្រាមនោះ គឺដើម្បី ប្រឆាំងនឹងការចោទប្រកាន់ថា គណបក្សកាន់អំណាចខ្លាចស្រមោលលោក សម រង្ស៊ី ក្នុងការប្រកួតរកសំឡេងឆ្នោតពីពល រដ្ឋ។

ជាមួយគ្នានេះសម្តេចហ៊ុន សែន បានព្រមានថាសម្តេចនឹងមិនស្នើព្រះមហាក្សក្រសុំការលើកលែងទោសឱ្យលោក សម រង្ស៊ី នោះទេ។  ហើយសម្តេចនឹងកាត់ដៃស្តាំរបស់ខ្លួនចោលប្រសិនបើធ្វើដូច្នេះមែននោះ។

ទោះជាយ៉ាងណាលោក សម រង្ស៊ី បានសរសេរនៅលើទំព័រ Twitter របស់លោកកាលពីយប់ថ្ងៃពុធថា «លោកនឹងត្រឡប់ទៅ កម្ពុជាវិញឆាប់ៗនេះ នៅពេលដែលបញ្ហាអយុត្តិធម៌ និងអំពើមិនត្រឹមត្រូវទាំងអស់ ដែលធ្លាប់បានប្រើប្រាស់មករារាំងការ ចូលរួមបោះឆ្នោតរបស់លោក ត្រូវបានលុបចោល»។

ឧបសគ្គរារាំងការចូលរួមបោះឆ្នោតរបស់លោក សម រង្ស៊ី ទំនងសំដៅដល់ទោសទណ្ឌមួយចំនួន ដែលប្តឹងដោយនាយក រដ្ឋមន្ត្រី ហ៊ុន សែន ប្រធានរដ្ឋសភាសម្តេច ហេង សំរិន និងអតីតរដ្ឋមន្ត្រីការបរទេសលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍។ បណ្តឹងមួយចំនួនត្រូវតុលាការបើកសវនាការនិងបានសម្រេចផ្តន្ទាទោសលោកសម រង្ស៊ី ដោយកំបាំងមុខ។

ឆ្លើយតបទៅនឹងប្រតិកម្មរបស់នាយករដ្ឋនេះ លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិសុំមិនធ្វើការអត្ថាធិ ប្បាយអ្វីនោះទេ តែលោកស្រីលើកឡើងថា លោក សម រង្ស៊ី នឹងលៃលកតាមមធ្យោបាយគ្រប់យ៉ាងដើម្បីវិលត្រឡប់ មក កម្ពុជាវិញមុនបោះឆ្នោតជាតិឆ្នាំ២០១៨។
«លោក សម រង្ស៊ី សម្ភាសន៍ជាមួយអាស៊ីសេរី និង VOA ដូច្នេះជំហររបស់លោកប្រធាន សម រង្ស៊ី គឺច្បាស់ណាស់លោកនឹង ត្រឡប់មកវិញ»។

លោកស្រី មួរ សុខហួរ ចូលបំភ្លឺក្នុងនាមសាក្សីនៅសាលាដំបូងរាជធានីភ្នំពេញករណីលោកជន ច័ន្ទបុត្រ។
លោកស្រី មួរ សុខហួរ ចូលបំភ្លឺក្នុងនាមសាក្សីនៅសាលាដំបូងរាជធានីភ្នំពេញករណីលោកជន ច័ន្ទបុត្រ។

លោក សម គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅ កម្ពុជាហៅកាត់ថា និកហ្វិក និយាយថា សារព្រមានចាប់ខ្លួនលោក សម រង្ស៊ី ក៏មិនខុសអ្វីដែរ ព្រោះលោក សម រង្ស៊ី កំពុងមាន ទោសទណ្ឌជាប់ខ្លួន។

លោកបន្តថា រដ្ឋាភិបាលគួរបង្កបរិយាកាសល្អជាងនេះ ដើម្បីឲ្យមានកម្លាំងនយោបាយប្រកួតប្រជែងប្រហាក់ប្រហែលគ្នា។
«បើកចំហឱ្យដៃគូប្រកួតចូលបានពេញលេញ ដើម្បីឱ្យមានការប្រកួតហ្នឹងវាសមកម្លាំងគ្នា»។

នៅថ្ងៃនេះដែរ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុកថា មុននឹងលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោកត្រូវការឲ្យ នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សម្តេចយល់ព្រមបោះបង់គម្រោង ដែលចង់កំចាត់មនុស្សពី ១០០ ទៅ ២០០ នាក់ ដើម្បី រក្សាអំណាចរបស់គាត់ចោលសិន៕

Share

Image
Image
Image