en     km
en     km

វិភាគ៖ ពេលវេលា​ត្រឡប់​ចូល​ស្រុក​ខ្មែរ របស់​លោក សម រង្ស៊ី ទំនងជាមិនទាន់មកដល់នៅឡើយ

Share

ភ្នំពេញ៖ស្របពេលដែលរដ្ឋាភិបាលលើកបម្រាមការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញសម្រាប់លោកសម រង្ស៊ី អ្នកតាមដានសភាពការណ៍នយោបាយនិងអ្នកនយោបាយហាក់បានបញ្ជាក់ថា លោកសម រង្ស៊ីនឹងមិនមានឱកាសចូលប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗនេះទេ។

ccc

ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចលុបចោលបម្រាមមិនឲ្យអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃពុធទី១៤ខែមិថុនា ដែលជាសញ្ញាមួយបើកផ្លូវឲ្យលោក សម រង្ស៊ី អាចមានឱកាសចូលមកប្រឡូកក្នុងជីវភាពនយោបាយដោយផ្ទាល់ក្នុងប្រទេសកម្ពុជាឡើងវិញជាពិសេសសម្រាប់ការត្រៀមខ្លួនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៨។

ការដកបម្រាមនេះធ្វើឡើងតាមសំណើររបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។

ប៉ុន្តែចំណោទមួយសួរថា តើលោក សម រង្ស៊ី អាចនឹងត្រឡប់មកកម្ពុជាបានដោយវិធីណា?ហើយប្រសិនបើអតីតមេបក្សប្រឆំាងរូបនេះអាចវិលចូលស្រុកនឹងមានរឿងអ្វីកើតឡើង?

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និកហ្វិក មើលឃើញថា លោកសម រង្ស៊ី ពិបាកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងកាលៈទេសៈនេះ។ មិនអាចមកវិញដោយសារលោកសម រង្ស៊ី ជាប់បណ្តឹងជាច្រើនដែលអាចដាក់រូបលោកស្ថិតក្រោមការប្រឈមនៃការចាប់ខ្លួន។

លោក សម រង្ស៊ី ធ្លាប់បានព្រះមហាក្សត្រឡាយព្រះហត្ថលើកលែងទោសចំនួនបួនដកមកហើយក្នុងជីវិតនយោបាយរបស់លោកជាង២០ឆ្នំា ចាប់តំាងពីរឆ្នំា ១៩៩៣មកដោយសារលោកជាប់បណ្តឹងពីគូប្រជែងនយោបាយ និងដោយសារលោកបានភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចពីការតាមចាប់ខ្លួន។

ដោយឡែកក្នុងពេលនេះ អតីតប្រមុខបក្សប្រឆាំងរូបនេះកំពុងជាប់បណ្តឹងព្រហ្មទណ្ឌយ៉ាងតិចចំនួនប្រំាដែលប្តឹងដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ និង លោក ហោណំា ហុង ឧបនាយករដ្ឋមន្រ្តី។

បណ្តឹងទំាងនោះ ដែលអាចជាឧបករណ៍នៃការចាប់នាំខ្លួនរូបលោកដាក់មន្ទីរឃុំឃាំងបានប្រសិនបើមិនមានការលើកលែងទោសជាមុននោះទេ។

សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាថ្វីបើលោក សម រង្ស៊ី ទទួលបានភ្លើងខៀវពីរដ្ឋាភិបាល ដើម្បីវិលមកប្រទេសកម្ពុជា ប៉ុន្តែលោកនឹងប្រឈមចំពោះមុខច្បាប់ដដែល។

លោក ឯម សុវណ្ណារ៉ា  មិនទាន់មើលឃើញបរិបទនយោបាយដែលនឹងអនុគ្រោះដល់ការចូលស្រុករបស់លោកសម រង្ស៊ី យ៉ាងនៅឡើយ។

ដោយមិនធ្វើសេចក្តីអត្ថាធិប្បាយច្រើន លោក យឹម សុវណ្ណ អ្នកនំាពាក្យគណបក្សសង្រ្គោះជាតិ គិតថា លោក សម រង្ស៊ី គួរតែមានឱកាសត្រឡប់មកធ្វើនយោបាយនៅកម្ពុជាវិញ។

លោកសម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ក្រោយពីមានបណ្តឹងប្រឆាំងរូបលោកទាក់ទងនឹងបទព្រហ្មទណ្ឌជាច្រើន។ ចន្លោះពេលនោះ លោកត្រូវកាត់ទោសដោយកំបាំងមុខដោយតុលាការក្រុងភ្នំពេញលើសំណុំរឿងមួយចំនួនដែលលោកទទួលរងការចោទប្រកាន់។

ទំនងជាចង់សំដៅទៅលើទោសទណ្ឌដែលលោកសម រង្ស៊ី កំពុងស្ពាយជាប់នឹងខ្លួននិងបទចោទមួយចំនួនទៀតប្រឆាំងរូបលោក សម រង្ស៊ី លោក សុខ ឥសាន្ត អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានព្រមានទុកជាស្រេចថាលោក សម រង្ស៊ី អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើលោកហ៊ានចូលប្រទេសកម្ពុជាវិញនោះ។

ហេតុដូច្នេះបើផ្អែកតាមអំណះអំណាងនានានោះ បើទោះបីជាមានការបើកផ្លូវសម្រាប់ការវិលត្រឡប់មកវិញរបស់លោកសម រង្ស៊ី ប៉ុន្តែវាទំនងជាការបើកទ្វារពិតប្រាកដសម្រាប់ទទួលយករូបលោកដោយមិនមានការរំខានមិនទាន់ចាប់ផ្តើមនៅឡើយទេ។

នៅថ្ងៃនេះដែរលោក សម រង្ស៊ី សរសេរនៅលើបណ្តាញសង្គមទ្វីតធើថា លោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅពេលលោកដោះស្រាយឧបសគ្គរួចរាល់។ ដូច្នេះ ការនិវត្តមកកាន់ប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅមានភាពមិនប្រាកដប្រជានៅឡើយក្នុងពេលនេះ៕

Share

ព័ត៌មានទាក់ទង

Image