en     km
en     km

​បេក្ខនារី​មេឃុំ​ជាប់ឆ្នោតរបស់បក្ស​ប្រឆាំង​ជាជនជាតិវៀតណាម??

Share

ភ្លាមៗក្រោយពីទទួលដំណឹងថាសង្កាត់កណ្តាល ក្រុងប៉ោយប៉ែត នឹងត្រូវគ្រប់គ្រងនិងដឹកនាំដោយបេក្ខនារីជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ពាក្យចចាមអារ៉ាមបានលេចឮថាស្ត្រីអនាគតចៅសង្កាត់នេះមានដើមកំណើតជាជនជាតិវៀតណាម។អ្នកស្រី ឃុន ចន្ទី គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីមួយចំនួនទៀតរបស់គណបក្សប្រឆាំងដែលបានជាប់ឆ្នោតជាចៅសង្កាត់ឬមេឃុំក្រោយពីការបោះឆ្នោតកាលពីដើមខែមិថុនានេះ។ ប៉ុន្តែទោះជាទទួលរងការវាយប្រហារបែបនេះក្តី អ្នកស្រី ឃុន ចន្ទី បានច្រានចោលការចោទប្រកាន់ខាងលើនេះ ដោយបានបង្ហាញពីជីវប្រវត្តិរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

ជាបន្តសូមអញ្ជើញស្តាប់ជីវប្រវត្តិរបស់ អ្នកស្រី ឃុន ចន្ទី អនាគតចៅសង្កាត់ថ្មីរបស់គណបក្សសង្រ្គោះជាតិ នៅសង្កាត់កណ្តាល ក្រុងប៉ោយប៉ែតដូចតទៅ៖

 

អ្នកស្រី ឃុន ចន្ទី កាលពីយុទ្ធនាការរកសំលេងឆ្នោត នៅសង្កាត់ផ្សារកណ្តាល ជាមួួយបេក្ខជនដទទៀត (រូបភាព៖Face booK)
អ្នកស្រី ឃុន ចន្ទី កាលពីអំឡុងយុទ្ធនារកសំលេងឆ្នោតនៅសង្កាត់ផ្សារកណ្តាល ជាមួួយបេក្ខជនដទៃទៀត(រូបភាព៖Face book)

ក្រោយពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្រៅផ្លូវការដែលគេលេចឮសុសសាយ ការវាយប្រហារនានាតាមបណ្តាញសង្គមនៅកម្ពុជាក៏បានចាប់ផ្តើម។ ការវាយប្រហារជាពិសេសសំដៅទៅលើបេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។

អ្នកស្រី ឃុន ចន្ទី ក៏ស្ថិតនៅក្នុងចំណោមអ្នកដែលទទួលរងការវាយប្រហារនោះដែរ។

អ្នកលេងហ្វេសប៊ុកមួយចំនួនដែលគេអាចដឹងថា មាននិន្នាការបញ្ចា្រសគណបក្សប្រឆាំង បានលាតត្រដាងថាបេក្ខនារីជាប់ឆ្នោតអាយុ៤២ ឆ្នាំរូបនេះ មានដើមកំណើតជាជនជាតិវៀតណាម ដែលបានទទួលសញ្ជាតិជាខ្មែរដោយមានព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រផងដែរ។ ការវាយប្រហារមួយចំនួនបានដើរហួសពីអ្នកស្រី តែសំដៅទៅរកគណបក្សសង្គ្រោះជាតិដោយលើកឡើងថា«គណបក្សសង្គ្រោះជាតិដែលធ្លាប់រិះគន់វាយប្រហារលើជនជាតិវៀតណាម តែទីបំផុតបេក្ខនារីជាប់ឆ្នោតរបស់គណបក្សនេះមានសញ្ជាតិដើមជាជនជាតិវៀតណាម។»

ប៉ុន្តែសម្រាប់ស្ត្រីមេម៉ាយកូនមួយរូបនេះ ការលើកឡើងទាំងនោះជាការបំភ្លៃការពិត។

គណបក្សសង្គ្រោះជាតិបាននាំមុខគណបក្សប្រជាជនចំនួន ១៣០០សំឡេង នៅសង្កាត់កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ខែមិថុនា។

លទ្ធផលបោះឆ្នោតបឋម បង្ហាញដោយ គ.ជ.ប.
លទ្ធផលបោះឆ្នោតបឋម បង្ហាញដោយ គ.ជ.ប.

ទទួលរងការវាយប្រហារតាមបណ្តាញសង្គមមិនមែនជាលើកទី១ទេ សម្រាប់អ្នកស្រី ឃុន ចន្ទី។នៅឆ្នាំ២០១២ នៅពេលអ្នកស្រីជាប់ឆ្នោតជាចៅសង្កាត់រង អ្នកស្រីក៏ត្រូវបានគេយករូបមកបង្ហោះវាយប្រហារដូចនេះដែរ។

អ្នកស្រី ឃុន ចន្ទី បានចូលប្រឡូកក្នុងជីវិតនយោបាយចាប់តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ។ ពោលគឺនៅពេលដែលអ្នកស្រីមានអាយុជាង២០ឆ្នាំ។ នៅពេលនោះអ្នកស្រីជាអ្នកគាំទ្រគណបក្សហ៊្វុនស៊ីនប៉ិក ក្រោយមកបានប្តូរទៅចូលរួមជាមួយគណបក្សជាតិខ្មែររបស់លោកសម រង្ស៊ី មុននឹងគណបក្សនេះប្តូរទៅជាគណបក្សសម រង្ស៊ី និងច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា ដើម្បីបង្កើតបានជាគណបក្សសង្គ្រោះជាតិ។ក្នុងការប្រឡូកក្នុងវិស័យនយោបាយយ៉ាងសកម្ម អ្នកស្រី ចន្ទី បានចូលរួមការធ្វើបាតុកម្មតវ៉ាក្រោយពីការបោះឆ្នោតឆ្នាំ១៩៩៨ ក្នុងរាជធានីភ្នំពេញ។ ក្រោយមកបានភៀសខ្លួនទៅកាន់ប្រទេសថៃនិងរស់នៅទីនោះអស់រយៈពេលពីរឆ្នាំ ដោយសារមានការបង្រ្កាបបាតុកម្មនោះ។

ហើយក្រោយពីវិលត្រឡប់ពីប្រទេសថៃវិញ អ្នកស្រីក៏បានសម្រេចចិត្តប្តូរទីលំនៅនិងបានមករស់នៅក្រុងប៉ោយប៉ែត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ រហូតមកទល់ពេលនេះ។

បើទោះជាមិនមាន ការគាំទ្រពីក្រុមគ្រួសារក៏ដោយ អ្នកស្រី ឃុន ចន្ទី បានចាប់ផ្តើមឈរឈ្មោះជាបេក្ខនារីមេឃុំ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លកដំបូងនៅឆ្នាំ២០០២ ក្នុងកូតាគណបក្សសម រង្ស៊ី ប៉ុន្តែអ្នកស្រីមិនមានសំណាងជាប់ឆ្នោតនោះទេ។ រហូតដល់ការបោះឆ្នោតដដែលនេះ ប្រាំឆ្នាំក្រោយ អ្នកស្រី បានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំប៉ោយប៉ែត មុននឹងជាប់ឆ្នោតជាជំទប់ទី២ នៅសង្កាត់ផ្សារកណ្តាល នៅឆ្នាំ២០១២ ក្រោយពីឃុំប៉ោយប៉ែត ត្រូវបំបែកជាពីរគឺប្តូរទៅជាសង្កាត់ប៉ោយប៉ែតនិងសង្កាត់ផ្សារកណ្តាល។

ការធ្វើនយោបាយមិនមែនងាយស្រួលសម្រាប់អ្នកស្រី ឃុន ចន្ទី នោះទេ។ បញ្ហាប្រឈមមួយចំនួនបានក្លាយជាបន្ទុករបស់អ្នកស្រី។ នោះគឺការរើសអើងរវាងបុរសនិងស្ត្រីក្នុងការងារនិងស្វាម៉ីរបស់អ្នកស្រីមិនគាំទ្រអ្នកស្រីនោះទេ។ ស្វាម៉ីរបស់អ្នកស្រី ចន្ទី ដែលធ្វើការជាមួយមន្ត្រីមានអំណាចមួយរូប។ នៅទីបំផុតការប្តេជ្ញាចិត្តរបស់អ្នកស្រីក្នុងវិស័យនយោបាយ បានពុះបំបែកចំណងគ្រួសាររវាងអ្នកស្រីនិងស្វាម៉ី។

ការលំបាកទាំងនោះទំនងជាមិនមែនជាការបំបាក់ស្មារតី អ្នកស្រី ឃុន ចន្ទី ទេ។ អ្នកស្រីតែងតែ បង្ហាញភាពរឹងមាំរបស់ខ្លួន ក្នុងការដឹកនាំមូលដ្ឋានជានិច្ច។

ccc

នៅមុនពេលចាប់ផ្តើមការងារ ជាចៅសង្កាត់ជាប់ឆ្នោត អ្នកស្រី ឃុន ចន្ទី បានរៀបចំផែនការទុកជាមុនរួចហើយ។ នោះគឺបញ្ហាចម្បងដែលអ្នកស្រីនឹងធ្វើមុនគេ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ អ្នកស្រីបានប្រាប់បន្តថា នៅតំបន់អ្នកស្រី ប្រឈមខ្លាំងជាងគេ ទឹកលិចផ្លូវពលរដ្ឋពិបាកធ្វើដំណើរ ទឹកស្ទះលូ គំនរសម្រាមដ៏ធំនៅមុខផ្សារកណ្តាល ដែលបង្កឱ្យស្អុយប៉ះពាល់ដល់សុខភាព ពលរដ្ឋជាដើម។

បញ្ហាមួយទៀត ដែលអ្នកស្រីប្តេជ្ញា កែប្រែឱ្យខានតែបាន គឺការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស ខណៈដែលពេលកន្លងមកអ្នកស្រីសង្កេតឃើញ ការផ្តល់សេវាសារណៈមានភាពយឺតយ៉ាវ។ បញ្ហារបស់ស្រ្តី ក៏ជាបញ្ហាមួយដែលអ្នកស្រីត្រូវតែយកចិត្តទុកដាក់ដោះស្រាយផងដែរ។

បើទោះជាមានភាពល្អិតល្អន់បែបនេះក្តី បទពិសោធន៍ជីវិតផ្ទាល់ខ្លួនក្នុងឆាកនយោបាយដ៏ជូចត់នេះ ស្រ្តីម៉េម៉ាយវ័យកណ្តាលរូបនេះ មិនចង់ឱ្យកូនប្រុសតែមួយរបស់ខ្លួន ដែលមានអាយុជាង២០ឆ្នាំ  ចូលប្រឡូកនយោបាយដូចខ្លួនឡើយ៕

 

 

 

 

 

 

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image