ភ្នំពេញ៖ នារីនៅកម្ពុជាភាគច្រើននិយមប្រើប្រាស់ឡេលាបស្បែកណា ដែលធ្វើឱ្យស្បែករបស់ខ្លួនសរស្អាត ដោយមិនបានគិតពីផលប៉ះពាល់ដល់សុខភាពឡើយ។ ជាក់ស្តែងនៅកម្ពុជា កាលពីឆ្នាំ ២០១១ សារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពីករណីស្រី្តវ័យ ២១ ឆ្នាំម្នាក់នៅខេត្តកំពង់ស្ពឺ បានស្លាប់បន្ទាប់ពីប្រើឡេលាយលាបស្បែកបានរយៈពេល ៦ ម៉ោង ដោយចង់ឱ្យស្បែកស្អាតនៅថ្ងៃរៀបការ។ ចំណែក នាពេលបច្ចុប្បន្នវិញ ការបង្ហោះរូបភាពប្រតិកម្មឡេលើស្បែកគួរឲ្យតក់ស្លុតមានយ៉ាងច្រើននៅតាមបណ្តាញសង្គម យើងមនុស្សទាំងឡាយ ក៏បានដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ឡេលាយឆាប់ធ្វើឱ្យស្បែកសរនេះដែរ។ ប៉ុន្តែ បើទោះជាមានករណីស្លាប់ មានការផ្សព្វផ្សាយពីប្រតិកម្មឡេយ៉ាងណាក្តី ក៏នារីខ្មែរមួយចំនួននៅតែបន្តជ្រើសរើសផលិតផលឡេលាយគ្មានក្បួនត្រឹមត្រូវមកប្រើដដែល។ តើហេតុអ្វី បានជានារីនៅតែបន្តលាបប្រើឡេប្រភេទនេះ? តើសម្ជស្ស និងសុខភាពមួយណាសំខាន់ជាង?
បើតាមអ្នកប្រើប្រាស់ឡេលាបស្បែកម្នាក់ ដែលធ្លាប់មានប្រតិកម្មស្បែកជាមួយឡេ កញ្ញា ផន សេរីរ័ត្ន បានឱ្យដឹងថា កាលពីឆ្នាំមុនថា នាងធ្លាប់មានប្រតិកម្មម្តង ដោយប្រើឡេលាយគ្នាច្រើនមុខ ទិញពីស្ថាប័នមួយដែលនាងជឿថាជាស្ថាប័នជំនាញ។ កញ្ញា ជឿជាក់ថាជាស្ថាប័នមានជំនាញ ដោយសារកញ្ញាមើលឃើញស្ថាប័ននោះ មានដាក់បង្ហាញស្លាកយីហោធំៗ ព្រមទាំងមានផ្តល់សេវាពិនិត្យស្បែក ពិសេសមិត្តភក្តិជិតស្នឹទ្ធរបស់នាងក៏ប្រើឡេឱ្យស្បែកឆាប់សរដែរ។ បន្ទាប់ពីប្រើបាន ២ ថ្ងៃ ស្បែកក៏ឡើងកន្ទួលក្រហមហើយរមាស់ ក្រោយពេលទៅមន្ទីពេទ្យទើបដឹងថាជាប្រតិកម្មឡេ។
«ដោយខ្ញុំជឿការបញ្ចុះបញ្ចូលពីអ្នកលក់ថាឡេមិនដាក់សារធាតុកាត់ច្រើន ព្រមទាំងស្រលាញ់ស្បែកសរ ហើយមើលឃើញអ្នកនៅជុំវិញខ្លួនមានស្បែកសរច្រើននាក់ផងនោះ ធ្វើឱ្យខ្ញុំមិនដាច់ចិត្តបោះបង់ការប្រើប្រាស់ឡេលាយនោះទេ… ខ្ញុំតែងទៅទិញឡេលាយនៅតាមកន្លែងធ្វើសក់តូចៗដែលចេះរូបមន្តលាយតៗមកប្រើ»។ កញ្ញា សេរីរ័ត្ន និយាយបន្ថែមទៀតថា៖ «ដំបូងអ្នកលក់គេឲ្យសាកដបតូចសិន ហើយគេប្រាប់ថាឡេទាំងនោះមិនដាក់ថ្នាំកាត់ខ្លាំងទេ ប្រើទៅល្អហើយ… ប៉ុន្តែសរុបទៅកន្លែងជំនាញដែលខ្ញុំជឿជាក់ខាងលើ សុទ្ធតែដូចតែគ្នាហ្នឹង គ្មានច្បាស់ត្រង់ណាទេ»។
កញ្ញា សេរីរ័ត្ន បាននិយាយពីកង្វល់របស់ខ្លួនចំពោះការប្រើប្រាស់ឡេថា កន្លងទៅកញ្ញាធ្លាប់ឃើញរូបភាពបង្ហោះតៗគ្នាតាមបណ្តាញសង្គម ពីអ្នកប្រតិកម្មឡេ ប៉ុន្តែកញ្ញាគិតថាការប្រតិកម្មនោះ អាចបណ្តាលមកពីប្រភេទឡេប្រើ ៣ ថ្ងៃ ឬ ៧ ថ្ងៃសរ មិនមែនឡេដែលនាងកំពុងលាយប្រើដូចសព្វថ្ងៃឡើយ។
«ខ្ញុំគិតថាគ្រាន់តែប្រើឡេ មិនដល់ថ្នាក់ស្លាប់ឡើយ» នេះបើតាមសម្តីអ្នកកំពុងប្រើប្រាស់ឡេលាយម្នាក់ទៀត គឺយុវតី រិទ្ធ ស្រីនិច្ច ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។ យុវតីរូបនេះ បាននិយាយថា រូបគេមិនមានការភ័យព្រួយអ្វីឡើយ នៅពេលឃើញរូបភាពប្រតិកម្មសើស្បែកធ្ងន់ធ្ងរនៅលើហ្វេសប៊ុក ព្រោះគេបានប្រើប្រាស់ឡេលាយរយៈពេល ២ ឆ្នាំមកហើយមិនធ្លាប់មានប្រតិកម្មអ្វីនោះទេ នឹងធ្វើឱ្យស្បែកសរសមតាមបំណងទៀតផង។ ចំពោះការលាយឡេវិញ នាងមិនដឹងថាគេដាក់សារធាតុអ្វីខ្លះឡើយ ដឹងត្រឹមប្រើតែប៉ុណ្ណោះ។
នៅពេលសួរថា តើនាងធ្លាប់មានគំនិតបោះបង់ការប្រើប្រាស់ឡេដែរទេ? យុវតីដែលប្រើឡេលាយផង រួមទាំងប្រើឡេខាត់ស្បែកផងរូបនេះ បាននិយាយដោយសម្តីលះៗទៀតថា ៖ «ប្រើមិនប្រើស៊ីសងលើថាមានលុយឬអត់ មានលុយទើបប្រើ តែបើគ្មានលុយទេ គឺមិនប្រើទេ»។
ជាអ្នកលាយឡេលក់ផង និងប្រើខ្លួនឯងផង ព្រមទាំងមានមុខរបរជាអ្នកធ្វើសក់ដែរនោះ កញ្ញា វណ្ណា ធាលី បាននិយាយឱ្យដឹងថា ពេលខ្លះកញ្ញា ត្រូវលាយឡេដោយមានដាក់សារធាតុកាត់ខ្លាំងខ្លះដែរ ដើម្បីបំពេញតម្រូវចិត្តអតិថិជនដែលចង់សរខ្លាំង តែជួនខ្លះទៀតក៏មិនដាក់ដែរព្រោះប្រើខ្លួនឯង។ «អ្នកទិញភាគច្រើនមើលឃើញ ខ្ញុំមានស្បែកសរស្អាត ទើបចង់ទិញឡេពីខ្ញុំ»។ បើទោះជាខ្លួនជាអ្នកលាយឡេក្តី យុវតីសម្បុរសររូបនេះ មិនសូវហ៊ានប្រើឡេលាយច្រើនទេ ព្រោះដឹងថាក្នុងឡេប្រភេទនេះមានសារធាតុគីមីច្រើន ធ្វើផ្តល់ផលប៉ះពាល់ដល់សុខភាព។
តើឡេលាយ ឬឡេសុទ្ធផលិតតាមរូបមន្ដត្រឹមត្រូវមួយណាល្អជាង? កញ្ញា ធាលី និយាយអមដោយសំណើចថា លាបឡេសុទ្ធមានរូបមន្ដត្រឹមត្រូវល្អជាង ព្រោះឡេលាយមានសារធាតុគីមីច្រើន។ បើទោះជាដឹងថាវាមិនល្អសម្រាប់សុខភាព ប៉ុន្តែកញ្ញានៅតែនៅតែបន្តធ្វើឡេលាយលក់ដដែល ដោយអ្នកទិញចង់បានស្បែកសរ។ កញ្ញាបានបន្ថែមទៀតថា កញ្ញាធ្លាប់លឺព័ត៌មានពីប្រតិកម្មឡេដែរ ហេតុនេះបច្ចុប្បន្នកញ្ញាបានកាត់បន្ថយមកប្រើតិចតួចវិញ ដោយលាបត្រឹមតែដៃនិងជើងប៉ុណ្ណោះ ដើម្បីគ្រាន់តែកុំឲ្យស្បែកស្ងួនតែប៉ណ្ណោះ។
ងាកទៅមើលមុខរបរលាយបន្ទាប់បន្សំតែអាចទាញចំណូលបានយ៉ាងក្រាស់ក្រែល របស់អ្នកធ្វើសក់ម្នាក់ទៀតវិញ កញ្ញា វណ្ណា ស្រីតូច បាននិយាយថា ការលាយឡេលក់ចំណេញច្រើនជាងធ្វើសក់ដល់ទៅពីរដងឯណោះ ប៉ុន្តែអ្វីដែលពិបាកនោះគឺការវាយល្បាយឡេឲ្យម៉ត់ចូលគ្នាដែលត្រូវការប្រើពេលយូរ។ ឡេដែលកញ្ញាលក់ក្នុងកន្លះគីឡូក្រាមតម្លៃ ១៧ ដុល្លារ ហើយអតិថិជនអាចប្រើបានពីមួយខែទៅពីរខែ។
បើនិយាយពីវិធីសាស្ត្រ និងចំណេះដឹងនៃការលាយឡេវិញ ជាងធ្វើសក់វ័យ ២៣ ឆ្នាំរូបនេះ បានរៀបរាប់ឱ្យដឹងទៀតថា នាងរៀនចេះពីបងស្រីរបស់នាងដែលរៀនពីសាលាកែសម្ជស្ស បូកផ្សំនឹងគំនិតច្នៃប្រឌិតរបស់ខ្លួនខ្លះ ដើម្បីតម្រូវចិត្តអតិថិជនដែលចង់បានស្បែកឆាប់សរ។ ចំណែកឯការលាយឡេវិញ កញ្ញាស្រីតូច បានបង្ហើបដោយរីករាយថា ក្នុងការលាយឡេម្តង ៥ គីឡូក្រាម គេត្រូវប្រើម៉្សៅភេសាត់ ៨ ទៅ ៩ ដប ម៉្សៅល្មៀតវ៉ាសូលីន (Vasoline) ថ្នាំសាឡេះ (ប្រភេទក្រែមធ្វើឱ្យបាត់ស្នាម) ម៉្សៅមីណា (Mena) ម៉្សៅប៉ប (POP) ព្រមទាំងមេឡេតិចតួចដែលទិញពីទីផ្សារនៅក្នុងស្រុក។
អ្នកធ្វើសក់ដែលអង្គុយចាំភ្ញៀវរូបនេះ បានបន្ថែមទៀតថា៖ «ដើម្បីឲ្យឆាប់សរគេត្រូវខាត់ស្បែកជាមុនសិន ទើបឡេឆាប់ជ្រាបចូលក្នុងស្បែ… អ្នកទិញភាគច្រើនខ្ជិលខាត់ច្រើនសារ ហើយនិយមផ្លូវកាត់ដោយប្រើថ្នាំ ខាត់អន់ ដែលមានជាតិកាត់ខ្លាំង ងាយធ្វើឲ្យស្បែកឆាប់ខូចជំនួសវិញ។ ការខាត់ស្បែកញាប់ពេកក៏អាចធ្វើឲ្យខ្យល់ចាប់ សន្លប់ និងស្លាប់បានដែរ ដោយសារវាក្តៅនិងហប់ខ្លាំងពេក ចំណែកអ្នកលក់ខ្លះក៏លាយឡេដោយបន្ថែមថ្នាំសក់ និងប្រភេទឡេវៀតណាម ដែលមានសារធាតុកាត់ខ្លាំងដែរ ដើម្បីឲ្យឆាប់សរ»។
បើតាមលោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច ប្រធានផ្នែករោគសើស្បែកនិងកាមរោគនៃមន្ទីពេទ្យព្រះកុសុមៈ បានឱ្យដឹងថា ការប្រើប្រាស់ឡេលាយដោយគ្មានបច្ចេកទេសត្រឹមត្រូវ ដែលផ្សំឡើងពីវីតាមីន រួមទាំងថ្នាំមួយចំនួនដូចជា អាស្ពីរីន ឬថ្នាំអរម៉ូនកកទីកូអ៊ីត ជាដើម ដើម្បីធ្វើឲ្យស្បែកសរ នឹងអាចធ្វើឲ្យស្បែកប្រែជាស្តើងឆាប់ជ្រួញ ព្រមទាំងកើតអាឡែកស៊ីស្បែកដោយមានអាការៈរមាស់និងកើតមានកន្តៀលត្រអាក ងាយដល់ការឆ្លងរោគផ្សេងៗ។ ដោយសារសារធាតុ កកទីកូអ៊ីត នៅក្នុងឡេជ្រាបចូលជ្រៅក្នុងស្បែក នឹងធ្វើឲ្យប្រព័ន្ធការពារស្បែកចុះខ្សោយ ហើយកើតជំងឺផ្សិតព្រមទាំងបាក់តេរីងាយជ្រៀតចូលតាមស្បែក។
លោកវេជ្ជបណ្ឌិត បានពន្យល់ទៀតថា៖ «ការប្រើប្រាស់ឡេលាយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ព្រោះពេលប្រព័ន្ធការពារចុះខ្សោយ វាងាយឲ្យពពួកបាក់តេរីជ្រៀតចូលខ្លួន ពេលឃើញមានកើតបូស និងការរលាកគល់រោម បើមិនបានស្វែងរកការព្យាបាលទាន់ពេលទេ នោះជាតិពុលមានក្នុងឈាមនឹងអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិតបាន»។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ស្បែកស្តើង មានរលាកគល់រោម ងាយឆាប់ឆ្លងរោគ ប៉ុន្តែវាអាស្រ័យនឹងប្រភេទបាក់តេរី បើជាបាក់តេរីកាចសាហាវ នោះត្រឹមតែពីរទៅបីថ្ងៃប៉ុណ្ណោះនឹងអាចឲ្យអ្នកជំងឺស្លាប់បាន។ ចំណែកអ្នកខ្លះទៀតត្រឹមតែពី ២៤ ទៅ ៤៨ ម៉ោង ក៏អាចបាត់បង់ជីវិតបានដែរ ដូច្នេះពេលឃើញមានខ្ទុះ ឬ រោគសញ្ញាក្តៅខ្លួន កម្លាំងល្ហិតល្ហៃត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់។ លោកវេជ្ជបណ្ឌិត បានបន្ថែមដោយពុំលើកទឹកចិត្តដល់ការប្រើប្រាស់ឡេលាយគួបផ្សំមកលាបស្បែក ការខាត់ស្បែក ឬបកស្បែកឡើយ ព្រោះការប្រើផលិតផលរបៀបនេះ វាមិនបានផលយូរអង្វែងដល់អ្នកប្រើ ដោយឃើញល្អមួយភ្លែត តែអាចគ្រោះថ្នាក់ដល់ជីវិតបាន៕