ភ្នំពេញ៖ ក្រោយពីធ្វើការរាប់សន្លឹកឆ្នោតនៃការរិយាល័យបោះឆ្នោតទាំង២៣ នៃឃុំដូង ខេត្តស្វាយរៀងឡើងវិញអស់រយៈ ពេលពេញមួយថ្ងៃកាលពីថ្ងៃច័ន្ទ នៅថ្ងៃនេះគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត បាន ប្រកាសថាគណបក្ស ប្រជា ជនកម្ពុជាបានយកឈ្នះគណបក្សសង្គ្រោះជាតិវិញដើម្បីបានកាន់កាប់ដំណែងក្រុមប្រឹក្សាឃុំ ជាប់ព្រំដែននេះ។
តំណាងគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងបានសំដែងការខកចិត្តចំពោះលទ្ធផលចុងក្រោយនេះ។
គណបក្សប្រជាជនកម្ពុជាបានឈ្នះអសនៈក្រុមប្រឹក្សាក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងការរាប់សន្លឹកឆ្នោត ឡើងវិញជាលើកទី២ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរាជធានីភ្នំពេញ។ថ្លែងទៅកាន់ក្រុម អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះ លោកបណ្ឌិតហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានអះអាងថាលទ្ធផល ឆ្នោតនេះបិទ ផ្លូវដល់ភាគីជាប់ពាក់ពន្ធ័មិនឲ្យធ្វើការតវ៉ាតទៅទៀតទេ។លោក ហង្ស ពុទ្ធា «គណបក្សប្រជាជនមាន២៦១១ សម្លេង ហើយគណបក្សសង្គ្រោះជាតិមាន២៦០៩សម្លេង នេះគឺជាការបិទផ្លូវតវ៉ាហើយចំពោះដំណោះស្រាយនៅ គ.ជ.ប»។
ភ្លាមៗក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា ការរាបសន្លឹកឆ្នោតនៅ នឹងកន្លែង បង្ហាញ ថាគណបក្សសង្គ្រោះជាតិឈ្នះអសនៈក្រុមប្រឹក្សាឃុំដូង ដោយមានសំឡេងលើសគណបក្សប្រជាជនកម្ពុជាចំនួន បីសំលេង ប៉ុន្តែគណបក្សកាន់អំណាចបានតវ៉ានិងស្នើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅថ្នាក់ខេត្ត។
ការរាប់ឡើងវិញបានផ្តល់ជ័យជំនះទៅខាងគណបក្សប្រជាជនកម្ពុជាវិញដោយគណបក្សនេះមានសំឡេងលើសគណបក្សប្រឆាំងចំនួនបីសំឡេង។
កាលពីថ្ងៃចន្ទ័ម្សិលមិញនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបើកសន្លឹកឆ្នោតនេះរាប់ឡើងវិញដែលទាក់ទងនឹងការិយាល័យបោះឆ្នោតសរុបចំនួន២៣ក្នុងឃុំដូង ដោយមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករវាងតំណាងគណបក្ស ប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ។
ក្រោយពីការរាប់សន្លឹកឆ្នោតពេញមួយថ្ងៃដល់យប់ គ.ជ.ប បានរកឃើញថាគណបក្សប្រជាជនកម្ពុជាទទួលបាន សំឡេង ២៦១១ គឺលើសគណបក្សសង្គ្រោះជាតិចំនួនពីរសំឡេង។
លោក សៅ វ៉ាន់ដេត ប្រធាននាយកដ្ឋានបូកសរុបនៃខុទ្ធកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្វាគមន៍លទ្ធផលនៃការរាប់សន្លឹកឆ្នោតនេះឡើងវិញ។លោក សៅ វ៉ាន់ដេត «ការរាប់សន្លឹកឆ្នោតនេះគឺយើង អាចថា វាមានតម្លា ភាពហើយព្រោះថាវាបង្ហាញគ្រប់ភាគីទំាងអស់ហើយ យើងបើកឱ្យគណបក្ស ជជែកហើយមួយទៀត គឺ មិនមែនការិយា ល័យហ្នឹងអ្នកសម្រេចហើយសន្លឹកឆ្នោតហ្នឹងទៅជាផ្លូវការនោះទេ គឺនៅមានការសម្រេចនៅ គ.ជ.ប មួយកម្រិតទៀតអញ្ចឹងយើងគិតថាវាត្រឹមត្រូវ វាមានតម្លាភាពគ្មានការលាក់លៀម»។
ដោយឡែកលោក គង់ ម៉ាស់ សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយ រៀងទទួលស្គាល់ទាំងសោក ស្តាយលទ្ធផលចុងក្រោយនេះបើទោះជាមានភាពតានតឹងក៏ដោយ។ លោក គង់ ម៉ាស់ «ការរាប់នេះយើងមានទំាងថ្នាក់ជាតិ មកជួយពិនិត្យទំាងអស់គ្នា ទំាងថ្នាក់ខេត្តបានចូលរួមតែតិចតួច ការរាប់នេះគឺវាជាក់ស្តែងទទួល យកជាការពិតព្រោះ សុទ្ធតែអ្នកជំនាញចូលរួមដែរ ដូចខ្ញុំអីមន្រ្តីកិច្ចការបោះឆ្នោត៥ឆ្នំានៅគណបក្សសង្គ្រោះជាតិ អញ្ចឹងយើងមើលឃើញ មាន ភាពមិនប្រក្រតីយើងតវ៉ាភ្លាមៗតែម្តងហើយក៏ដាក់ពាក្យប្តឹងភ្លាមៗផងដែរ»។
លទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សសង្គ្រោះជាតិឈ្នះបានជិត៥០០ឃុំ សង្កាត់ទល់នឹងគណបក្សប្រជាជនកម្ពុជាដែល ឈ្នះបានជាង១១៥០ឃុំ សង្កាត់ ក្នុងចំណោមឃុំ សង្កាត់សរុបទូទាំងប្រទេសសរុប១៦៤៦ ឃុំសង្កាត់។ប៉ុន្តែគណបក្សទាំងពីរកំពុងតវ៉ាដើម្បីឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញដោយសារតែសម្លេងឆ្នោតប្រកិតគ្នាពេក។
យោងតាមអ្នកនាំពាក្យគ.ជ.ប មានបណ្តឹងសរុបចំនួន៩៧ក្រោយពីការបោះឆ្នោត។ក្នុងនោះបណ្តឹងចំនួនប្រមាណ ៤០ បានស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។ ប៉ុន្តែការរាប់សន្លឹកឆ្នោតឡើងវិញមួយចំនួនបានធ្វើនៅថ្នាក់ គណៈកម្មការខេត្ត រៀបចំការបោះឆ្នោតរួចហើយ។
ដោយឡែកនៅថ្ងៃពុធស្អែកនេះ គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញដែលសន្លឹកឆ្នោតទាំងនោះយកមកពីការិយា ល័យទាំងប្រាំបួននៃឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង៕