en     km
en     km

Human​ Rights​ Watch​ ៖​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ អត់​សេរី​ ហើយ​ក៏​មិន​យុត្ដិធម៌​ដែរ​(មានសំឡេង)

Share

ភ្នំពេញ៖ Human Rights Watch ដែលជាអង្គការមួយឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស មានស្នាក់ការនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៣ មិថុនា ឆ្នាំ ២០១៧នេះ បានចេញរបាយការណ៍វាយតម្លៃអំពីបរិយាកាសនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំនៅកម្ពុជាថា មិនសេរី និងមិនយុត្ដិធម៌ ។ ជុំវិញរឿងនេះ អ្នកនាំពាក្យបក្សកាន់អំណាចបានច្រានចោល។ ដោយឡែកគណបក្សសង្គ្រោះជាតិ ថា ជារបាយការណ៍មួយ ដែលឆ្លុះបញ្ជាំងពីការពិត។

កញ្ញាជុំ ជោគជាតា មានសេចក្ដីរាយការណ៍ជូន!

លោក Brad Adams នាយកឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី នៃអង្គការ Human Rights Watch ។
លោក Brad Adams នាយកឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី នៃអង្គការ Human Rights Watch ។

Human Rights Watch បានវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ០៤ មិថុនា ឆ្នាំ២០១៧ ត្បិតថា បានបញ្ចប់ទៅដោយក្នុងបរិយាកាសដោយរលូន ប៉ុន្ដែការ ការសម្លុត និងគំរាមកំហែង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត បានកើតមាន។

តាមរបាយការណ៍របស់ Human Rights Watch ដដែល បានកត់សម្គាល់ទៀតថា ការសម្លុតគំរាមកំហែងទាំងនោះជារឿយៗគឺកើតចេញពីអ្នកនយោយបាយ និងពីសំណាក់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ។

ក្រៅពីនេះ របាយការណ៍នោះបានបង្ហាញទៀតថា លោកប្រេដ អាដាម នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី បានរកឃើញទៀតថា ស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួននៅតែធ្វើការដោយលំអៀង និងធ្វើការឱ្យគណបក្សកាន់អំណាច ។

លោកប្រេដ អាដាម ៖« វាមិនមែនជាការបោះឆ្នោតដោយប្រជាធិបតេយ្យនោះទេ បើគណបក្សកាន់អំណាចនៅតែគ្រប់គ្រងដល់ ស្ថាប័នដែលពាក់ព័ន្ធនោះ។ ស្ថាប័នព័ត៌មានគឺជាព្រឹត្តិន័យ របស់គណបក្សកាន់អំណាច ហើយសមាជិកគណបក្សប្រឆាំងត្រូវគេគម្រាម កំហែង ដល់ស្លាប់ពីនាយករដ្ឋមន្ត្រីផ្ទាល់ ។ នៅក្រោមឥទ្ធិពលនៃការបោះឆ្នោតដែលគ្មានស្តង់ដារ គឺគ្រប់ទីកន្លែងអាចមើលទៅហាក់ដូចជា ស្មើរភាពនិង សេរី នៅទីកន្លែងដែលកើតនៅបញ្ហានោះ»។

ទាក់ទងនឹងរឿងនេះ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលចំពោះរបាយការណ៍របស់ Human Rights Watch។

លោក សុខឥសាន្ដ ៖ «យើងមិនបាច់ចាប់អារម្មណ៍អីទេ បញ្ហាសំខាន់អោយតែប្រជាជនទូទៅទូទាំងប្រទេស គណបក្សនយោ បាយគ្រប់គណបក្សនយោបាយ ហើយអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិគេវាយតម្លៃដូចគ្នាហើយ ថា ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្ដិភាព មានសុវត្ថិភាព ហើយអាចទទួលយកបានលទ្ធផល ដូចជា ស្ថានទូតអាមេរិក គេវាយតម្លៃច្បាស់ហើយ»។

ចំណែកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានទទួលស្គាល់ចំពោះរបាយការណ៍របស់ Human Right Watch ។

លោក យឹម សុវណ្ណ៖« ឆ្លុះបញ្ចាំងការពិត ពីព្រោះដើម្បីនិយាយថា ការបោះឆ្នោតសេរី យុត្ថិធម៌ វាមានបរិយាកាសនយោបាយ និងការរៀបចំការបោះឆ្នោតដោយគ.ជ.ប ។ ហើយការរៀបចំការបោះឆ្នោតដោយគ.ជ.ប គឺ ឃើញដំណើរការទៅមានភាពល្អជាងមុន។ ប៉ុន្ដែបរិយាកាសនយោបាយហ្នឹងវាអាក្រក់ ដោយសារតែឯកឧត្ដម ប្រធាន សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិអត់បានចូលរួមក្នុងការបោះឆ្នោតទេ ហើយមានអ្នកជាប់គុប ជាប់ច្រវ៉ាក់ មានអ្នកគំរាមកំហែង បំភិតបំភ័យសព្វគ្រប់បែបយ៉ាងទាំងអស់នឹង ចឹងគឺឆ្លុះបញ្ចាំងការពិត ដែលជាមូលដ្ឋានឱ្យភាគីពាក់ព័ន្ធត្រូវតែចូលរួមដើម្បីកែលំអ»។

ជុំវិញរឿងនេះដែរ លោកស្រី ធីតា ឃឹៈនាយិការអង្គការសីលការ និងជាសមាជិកបន្ទប់ស្ថានការណ៍នៃការបោះឆ្នោត មានប្រសាសន៍ថា របាយការណ៍នេះ វាយតម្លៃស្ថានការណ៍នៅមុនការបោះឆ្នោត ។

លោកស្រី ធីតា ឃឹៈ ៖ « ប្រហែលជាគាត់និយាយអំពីរឿងបរិយាកាសបោះឆ្នោតមើលទៅ ក៏ប៉ុន្ដែខាងបន្ទប់ស្ថានការយើងបាននិយាយអំពីដំណាក់កាលមួយៗ ហើយយើងនិងប្រជុំគ្នាវាយតម្លៃនៅក្រោយលទ្ធផលចេញ ចឹងទៅក្នុងពេលនេះយើងមិនទាន់ចេញការវាយតម្លៃជាទូទៅនៅឡើយទេ»។

កន្លងកមកបន្ទប់ស្ថានការណ៍បានធ្វើសន្និសីទវាយតម្លៃចំពោះបរិយាកាសទូទៅក្នុងដំណើការបោះឆ្នោត ថា ការបោះឆ្នោតដំណើរការទៅរលូន ហើយគ.ជ.ប មានការអព្យាក្រឹត្យច្រើន ។ ប៉ុន្ដែយ៉ាងណា បន្ទប់ស្ថានការណ៍ក៏បានរកឃើញពីភាពគំរាមកំហែងមួយចំនួនពីសំណាក់មន្ដ្រីនយោបាយផងដែរ ។

តែយ៉ាងនេះក្ដី អង្គការHuman Rights Watch បានទទូចឱ្យបក្សកាន់អំណាចត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជាភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និងនយោបាយ។ នៅពេលជាមួយគ្នានេះដែរ Human Rights Watch ក៏បានទទូចឱ្យសហភាពអឺរ៉ុប ជប៉ុន ដែលជួយកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ត្រូវធានាថា ការបោះឆ្នោតសភា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅដោយស្មើភាព ហើយបរិយាកាសគ្មានការសម្លុតគំរាមកំហែងឡើយ៕

Share

Image
Image
Image