en     km
en     km

បន្ទប់ស្ថានការណ៍ស្នើឱ្យ គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញនៅការិយាល័យមានពាក្យបណ្តឹង(មានសំឡេង)

Share

ភ្នំពេញ ៖ បន្ទប់ស្ថានការណ៍បោះឆ្នោតដែលប្រមូលផ្តុំដោយអង្គការក្រៅរដ្ឋាភិបាលជាច្រើននៅថ្ងៃទី១២ មិថុនានេះ ស្នើឱ្យ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ធ្វើការរាប់សន្លឹកឆ្នោតឡើងវិញនៅតាមការិយាល័យមួយចំនួនដែលមាន ពាក្យបណ្តឹង។ សំណើរនេះធ្វើឡើង ខណៈបន្ទប់ស្ថានការណ៍រកឃើញថា សន្លឹកឆ្នោតមិនបានការមានប្រមាណ ១,៨% ដែលនាំឱ្យគូភាគីមិនអស់ចិត្តក្នុងការទទួលយកលទ្ធផលបោះឆ្នោត។

សមាជិកនៃបន្ទប់ស្ថានការណ៍ធ្វើសន្និសីទស្តីពីការរាប់សន្លឹកឆ្នោតឡើងវិញ។
សមាជិកនៃបន្ទប់ស្ថានការណ៍ធ្វើសន្និសីទស្តីពីការរាប់សន្លឹកឆ្នោតឡើងវិញ។

« គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរតែធ្វើការរាប់សន្លឹកឆ្នោតឡើងវិញនៅតាមការិយាល័យបោះឆ្នោតនានា ដែលមានពាក្យបណ្តឹងតវ៉ា។»
នេះគឺជាសាររបស់ បន្ទប់ស្ថានការណ៍ នៅថ្ងៃនេះ។សេចក្តីអំពាវនាវនេះធ្វើឡើងខណៈដែលបណ្តុះអង្គការប្រមាណ ៤០ ដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍នេះបានរកឃើញថាមានបណ្តឹងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្នុងការិយាល័យបោះឆ្នោតយ៉ាងហោចណាស់ចំនួន២០ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា។

សលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ Comfrel ដែលជាអង្គការសមាជិករបស់បន្ទប់ស្ថានការណ៍បានថ្លែងក្នុងសន្និ សិទកាសែតកាលពីព្រឹកថ្ងៃចន្ទ័នេះថា បណ្តឹងឲ្យរាប់សន្លឹងកឆ្នោតឡើងវិញនោះដោយសារមានសំឡេងប្រកៀកប្រកិតគ្នា ខ្លាំងរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យគូភាគីមិនទាន់អស់ចិត្ត។

«បណ្តឹងភាគច្រើនគឺបណ្តឹងទាក់ទងឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ដូច្នេះគ.ជ.ប គួររាប់ឡើងវិញទៅ ដោយសារតែសន្លឹកឆ្នោត មិនបានការមានច្រើន យើងរកឃើញយ៉ាងហោចណាស់មាន ១.៨%ដែរ។ ហើយកន្លងមកមានការរាប់ឡើងវិញនៅពិចអី ឃើញមានលទ្ធផលផ្លាស់ប្តូរដែរ អ្នកចាញ់ទៅឈ្នះអ្នកឈ្នះទៅជាចាញ់ យ៉ាហោចណាស់ក៏មានបួនឃុំដែរ មានការផ្លាស់ប្តូរ ដោយសារអីលទ្ធផលវានៅប្រកៀកគ្នាពេក។»

ក្រៅពីនេះបន្ទប់ស្ថានការណ៍ក៏រកឃើញភាពមិនប្រក្រតីផងដែរ ជុំវិញការផ្ទៀងផ្ទាត់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតឬទំរង់ ១១០២ របស់គ.ជ.ប និងបន្ទប់ស្ថានការណ៍។ ភាពខុសគ្នាលើការផ្ទៀងផ្ទាត់រវាងគ.ជ.ប និងបន្ទប់ស្ថានការណ៍រួមមាន លទ្ធ ផលសន្លឹកឆ្នោត សន្លឹកឆ្នោតខូច ចំនួនសន្លឹកឆ្នោតដែលមានក្នុងហិបឆ្នោត សន្លឹកឆ្នោតមិនបានប្រើប្រាស់ និងការបំពេញ ឈ្មោះបេក្ខជនជំនួសគណបក្សនយោបាយជាដើម។ ជាក់ស្តែងករណីការិយាល័យលេខ០២៨៧ នៅខេត្តព្រះវិហារសន្លឹក ឆ្នោតបង្ហាញដោយ គ.ជ.ប មានចំនួន ១២១សំឡេង តែភ្នាក់របស់បន្ទប់ស្ថានការណ៍រកឃើញមាន ១២៦សំឡេង។

លោក គល់ បញ្ញា បន្ថែមទៀតថា បន្ទប់ស្ថានការនឹងយករបាយការណ៍នៃភាពមិនប្រក្រតីនេះដាក់ជូន គ.ជ.ប ដើម្បីពិនិត្យ កែសម្រួលបច្ចេកទេសឡើងវិញ។

យ៉ាងណាបន្ទប់ស្ថានការបានសាទរចំពោះលទ្ធផលបោះឆ្នោតបឋមនៃការជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ ដែលចេញផ្សាយគឺមានភាពត្រឹមត្រូវដូចគ្នា ៩៣,១% នៃលទ្ធផលនៃការរាប់សន្លឹកឆ្នោតសម្រាប់គណបក្សនយោបាយ  នីមួយៗ បើទោះបីជាមានកំហុសខ្លះដែល គ.ជ.ប អាចត្រួតពិនិត្យ និងកែតម្រូវ។

ជាងនេះទៀតបន្ទប់ស្ថានការណ៍រកឃើញទៀតថា កម្រិតនៃភាពលំអៀងសំឡេងឆ្នោតមានតែ ០.៥% ប៉ុណ្ណោះដែលអាចឱ្យ គូភាគីអស់ចិត្ត និងទទួលយកលទ្ធផលបោះឆ្នោតឃុំសង្កាត់នេះបាន។

លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆនោត ស្វាគមន៍ការអំពាវនាវរបស់បន្ទប់ស្ថាន ការណ៍នេះ។ហើយលោកបញ្ជាក់ថា  គ.ជ.ប កំពុងដោះស្រាយបណ្តឹងជាបណ្តើរៗហើយ។

មានបណ្តឹងសរុប៣៦បណ្តឹងមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ប៉ុន្តែបណ្តឹងមួយចំនួនត្រូវបានដោះស្រាយនៅថ្នាក់គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់។មាន តែបណ្តឹងចំនួន១៦ប៉ុណ្ណោះដែលបានឡើងមកដល់ការិយាល័យ គ.ជ.ប។ ក្នុងនោះ  គ.ជ.ប បានចាប់ផ្តើមដោះស្រាយបណ្តឹង មួយពីគណបក្សសង្គ្រោះជាតិទាក់ទងនឹងការស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃចន្ទ័នេះដែរ។

ក្នុងបណ្តឹងនេះគណបក្សសង្គ្រោះជាតិស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្នុងការិយាល័យទាំង ២៣ នៃឃុំដូង។

គួរបញ្ជាក់ថាច្បាប់ស្តីពីការបោះឆ្នោតចែងថា រាល់លទ្ធផលនៅមណ្ឌលណាដែលមានកម្រិតលំអៀងនៃការ ប្រកួតប្រជែង នៃគណបក្សចំនួនពីរមានចំនួន ០,៥ % នោះគណបក្សអាចស្នើឱ្យមានការរាប់ឡើងវិញបានផងដែរ បើទោះបីមានការបដិ សេធនៅគណកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំក៏ដោយ៕

Share

Image
Image
Image