en     km
en     km

អង់គ្លេស ​ថា​រក​មិន​ឃើញ​ផែនទី​ដែល​នាយក​រដ្ឋមន្រ្តីហ៊ុន សែន ស្នើ​សុំ​ខ្ចី

Share

ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​ខ្ចី​ផែន​ទី​កម្ពុជា​របស់ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន លោក ដេវីត កាំម៉េរុន (David Cameron) នាយក​រដ្ឋ​មន្រ្តីអង់គ្លេស បាន​ឱ្យ​ដឹង​ថា​រដ្ឋាភិបាល​អង់គ្លេស មិន​មាន​ផែន​ទី​ដែល​កម្ពុជា​ស្នើសុំ​នោះ​ទេ​។ ប៉ុន្តែ​ក្នុង​លិខិត​ដដែល​របស់​នាយក​រដ្ឋ​មន្រ្តីអង់គ្លេស ចុះ​ថ្ងៃ​ទី​២១​ខែ​សីហាបាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​អង់​គ្លេស​មាន​ផែន​ទី​៣​ឈុត​ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិ​សាស្រ្ត​ឥណ្ឌូ​ចិន​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ដែល​មាន​នៅ​បណ្ណាល័យ​សាធារណៈ​របស់​ប្រទេស​អង់​គ្លេស​។

យោង​តាម​លិខិត​​របស់​នាយក​រដ្ឋមន្រ្តីអង់គ្លេស ចុះ​ថ្ងៃ​ទី​២១​ខែ​សីហាដែល​បាន​ផ្សព្វ​ផ្សាយ​ដោយ​​រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ លោក ដេវីត កាំម៉េរុន បាន​ឱ្យ​មន្រ្តី​របស់​លោក​ស្វែង​រក​ផែន​ទី​នៅ​កន្លែង​រក្សា​ឯក​សារ​របស់​ជាតិ ប៉ុន្តែ​លោក​ថា មន្រ្តី​របស់​លោក​រក​មិន​ឃើញ​នោះ​ទេ​។

លិខិត​ដដែល​បន្ត​ថា មាន​ផែន​ទី​ចំនួន​៣​ឈុត បោះពុម្ព​ដោយ​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូ​ចិន ខ្នាត១/១០០.០០០ បាន​រក្សា​ទុក​ក្នុង​បណ្ណាល័យ​សាធារណៈ​នៅ​អង់​គ្លេស ហើយ​ផែន​ទី​ទាំង​នេះ គឺ​ជា​ឯក​សារ​ដែល​អាច​រក​បាន​ជា​សាធារណៈ ដែល​តំណាង​ស្ថាន​ទូត​កម្ពុជា​នៅ​អង់​គ្លេស​អាច​រក​បាន​ ប្រសិន​បើចង់​បាន​។

ក្នុង​​លិខិត​ឆ្លើយ​តប​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស ចុះ​ថ្ងៃ​ទី​ ២៤ សីហា លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​ផែន​ទី​ទាំង​បី បោះពុម្ព​ដោយ​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូ​ចិន ដែល​លោក​ដេវីត កាំមេរ៉ុន បាន​បញ្ជាក់​ថា មាន​នៅ​ក្នុង​បណ្ណាល័យ​អង់គ្លេស​នោះ អាច​នឹង​មាន​ផែន​ទី​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​សម្រាប់​ការងារ​ផ្ទៀង​ផ្ទាត់​ផែន​ទី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ លោក​បន្ត​ថា លោក​បាន​ផ្តល់​ការ​ណែ​នាំ​រួច​ហើយ​ដល់​អគ្គ​រាជ​ទូត​កម្ពុជា​នៅ​ទី​ក្រុង​ឡុង ឱ្យ​ស្វែង​រក​ផែន​​ទី​​ទាំង​នោះ​រួច​បញ្ជូន​មក​កម្ពុជា ដើម្បី​រដ្ឋាភិបាល​មាន​ចំណាត់​ការ​បន្​ត។

ក្នុង​លិខិត​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិបាល​អង់​គ្លេស​នេះ​ដែរ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន លើក​ឡើង​ដែរ​ថា ផែន​ទី​ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុ​ជា បាន​​និង​កំពុង​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ការ​កំណត់ និង​ការ​បោះ​បង្គោល​ព្រំ​ដែន​ជា​មួយ​វៀតណាម គឺ​មាន​លក្ខណៈ​ត្រឹម​ត្រូវ និង​ស្រប​ទាំង​ស្រុង​តាម​
គតិ​ច្បាប់​ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ និង​អនុញ្ញាត​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជ​ក្រម ចុះ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០០៥​។

លោក ហ៊ុន សែន ក៏​បាន​រំឭក​ឡើង​​វិញ​ផង​ដែរ អំពី​សារៈ​សំ​ខាន់នៃ​ផែនទី​ដែល​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ស្វែង​រក ដើម្បី​បង្ហាញ​អំពី​តម្លា​ភាព​និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋា​ភិបាល​របស់​លោក ក្នុង​ការ​កំណត់​ព្រំ​ដែន​ជា​មួយ​ប្រទេស​ជិត​ខាង និង​ដើម្បី​បញ្ចប់​គំនិត​ញុះ​ញង់​ជាតិ​និយម​ជ្រុល​ពី​សំណាក់​កម្លាំង​នយោបាយ​មួយ​ចំនួន​។​

គួរ​រម្លឹក​ថា កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ទៅ​ថ្នាក់​ដឹក​នាំ​ប្រទេស​មហា​អំណាច​ចំនួន​៣​ គឺ​បារាំង​ អង់គ្លេស​និងសហរដ្ឋ​អាមេរិក ដោយ​ស្នើ​សុំ​ខ្ចី​ផែន​ទី​និង​សុំ​ជំនួយ​ជា​អ្នក​ជំនាញ​ខាង​ផែន​ទី ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ដែល​រដ្ឋា​ភិបាល​កំពុង​តែ​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​។ ក្នុង​លិខិត​ស្នើ​សុំ​ខ្ចី​ដល់​រដ្ឋាភិបាល​អង់​គ្លេស លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សរសេរ ព្រះបរម​រតនកោដ្ឋ​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​អង់​គ្លេស​លើ​ការ​ផ្ញើ​ផែន​ទី​នេះ ដូច្នេះ​ប្រទេស​អង់​គ្លេស​អាច​នឹង​មាន​ផែន​ទី​របស់​កម្ពុជា។ លិខិត​បញ្ជាក់​ថា ក្នុង​ករណី​ដែល​អង់​គ្លេស​មាន​ផែន​ទី​ដែល​ទទួល​បាន​ពី​រដ្ឋា​ភិបាល​កម្ពុជា​នា​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ កម្ពុជា​សុំ​ស្នើ​ខ្ចី​ផែន​ទី​ទាំង​អស់​នោះ និង​ស្នើ​សុំ​អ្នក​ឯក​ទេស​ខាង​ផែន​ទី​មក​ជួយ​កម្ពុជា​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​៕

Share

Image
Image
Image