en     km
en     km

UN​ ថា​ បោះ​ឆ្នោត​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ទៀត​លុះត្រាតែ​សេរីភាព​បើកចំហ​(មានសំឡេង)

Share

ក្រុងភ្នំពេញ៖ អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការ សរសើដល់ការបោះឆ្នោតនៅកម្ពុជាថា មានដំណើរល្អ បើទោះជាមានភាពអវិជ្ជមានខ្លះក្ដី។ អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការដោះលែងសកម្មជននយោបាយ និងមន្ត្រីសង្គមស៊ីវិលឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ តែសម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ការដែលជំរុញឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សគឺអាស្រ័យជាការឆន្ទៈរបស់ប្រជាជន។ 

un-and-adhoc

លោក សេរី វឌ្ឍនៈ រាយការណ៏ជូន៖

អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ដោយសរសើរដល់ការបោះឆ្នោតនៅកម្ពុជាថា មានស្ថានភាពល្អព្រោះតែ មិនមានអំពើហឹង្សា ឬរូបភាពផ្សេងៗដែលបង្កឲ្យមានការរអាក់រអួលក្នុងដំណើរការបោះឆ្នោត។ តែយ៉ាងណាក៏ដោយការិយាល័យសិទិ្ធមនុស្សអង្គការសហប្រជាជាតិនៅអាស៊ីនេះ ក៏គេសង្កេតឃើញមានភាពអវិជ្ជមានខ្លះៗដែរ។

ក្នុងន័យនេះ បានអំពាវនាវឲ្យកម្ពុជាដោះលែងសកម្មជន នយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិលឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៨ ឆ្នាំក្រោយនេះ ទើបអាចចាត់ទុកថា កម្ពុជាមានលំហសេរីភាពមួយរឹងមាំសមជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។ តែយ៉ាងនេះក្ដី សម្រាប់ លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានទទួលយកការកោតសរសើរ ការបោះឆ្នោតមានភាពល្អប្រសើរ ខណៈលោកច្រានចោលនូវការទាមទារឱ្យកម្ពុជាដោះលែងអ្នកជាប់ឃុំ មកពីគណបក្សនយោបាយ និងមន្ត្រីអង្គការសិទ្ធិមនុស្ស ។លោក ថា គឺជាការជ្រៀតជ្រៀកក្នុងរឿងការងារផ្ទៃក្នុងរបស់កម្ពុជា។

លោក ផៃ ស៊ីផាន៖ «វាហាក់ដូចជាការជ្រៀតជ្រែកក្នុងការងាររបស់កម្ពុជា ហើយគឺជាការមិនទទួលស្គាល់នូវឆន្ទះរាស្ត្រខ្មែរតែប៉ុណ្ណោះ ហើយការបោះឆ្នោតគឺស្តែងចេញពីកម្ពុជាខ្លួនឯង ដោយស្ថិតនៅក្នុងលំហរនយោបាយដោយសេរី ហើយនិងរបបសេរីពហុបក្សរបស់កម្ពុជានេះឯង»។

តែផ្ទុយទៅវិញលោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស មិនយល់ឃើញដូចនេះទេ លោកថា ការទាមទាររបស់អង្គការសហប្រជាជាតិ គឺជាការត្រឹមត្រូវ ព្រោះមុនការបោះឆ្នោតបរិយាកាសនយោបាយមានការគម្រាមកំហែង បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

លោក មឿន តុលា ៖ « ការទាមទាររបស់អង្គការសហប្រជាជាតិ និង គឺជារឿងត្រឹមត្រូវ អញ្ជឹងកម្ពុជាគួរតែយកចិត្តទុកដាក់ មែនទែន ព្រោះថា គេសរសើរពីការបោះឆ្នោត ក៏ប៉ុន្តែបរិយាកាស នយោបាយ វាមិនអាចធានាថា ការបោះឆ្នោតពីមុនៗមកនិង គេមិនអាចធានាបានថា មានសេរីភាព និង យុត្តិធម៌ទេ ដោយសារភាគីម្ខាងទៀតនិងអង្គការសង្គមស៊ីវិល ទទួលរងនូវការគម្រាមកំហែង រិតត្បិតមិនឲ្យមានការបញ្ជេញមតិ»។

ដូចគ្នានេះដែរ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយហាក់យល់ស្របនឹងការលើកឡើងរបស់ការិយាល័យសិទិ្ធមនុស្សអង្គការសហប្រជាជាតិនៅអាស៊ីនេះ។ លោកថា សេរីភាពនៃការបោះឆ្នោតមិនទាន់មានភាពទូលំទូលាយនៅឡើយនោះទេ។
លោក ឯម សុវណ្ណារ៉ា៖«លក្ខ័ណ្ឌនៃការបោះឆ្នោតយើងឃើញសេរីភាព និង យើងឃើញថាវាមិនទាន់មានភាពប្រសើរទាំងស្រុងទេ ដោយសាមានការអំពាវនាវពី អង្គការសហប្រជាជាតិ ដែលមានសកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងគណបក្សនយោបាយ ដែលប្រព័ន្ធនយោបាយនិងដែលគេហៅថា រំលោភទៅលើច្បាប់និង វាគឺថាមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរពេក ហួសពីស្ថានភាព វាមិនសមក្នុងការដាក់ទោសទណ្ឌ វានៅក្នុងរូបភាពមួយដែលគេអាចមើលឃើញថា គំឬាមកំហែងឬ ក៏ជាការបិទសិទ្ធិមួយផ្នែកនយោបាយ»។

យ៉ាងណាស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតជប៉ុននៅកម្ពុជាដែលជាម្ចាស់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា បានសរសើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃ ទី ០៤ មិថុនា ដោយមើលឃើញថា ប្រព័ន្ធគ្រប់គ្រងការបោះឆ្នោត អាចទទួលយកបាន ហើយ ចំនួនអ្នកចេញបោះឆ្នោតដែលមានចំនួនច្រើននេះ រហូតដល់ជិត ៩០% គឺជាសន្ទុះខ្ពស់បំផុតបើធៀបនឹងការបោះឆ្នោតរបស់បណ្តាប្រទេសមួយចំនួនទៀត៕

 

Share

Image
Image
Image