en     km
en     km

បក្ស​CPP​ និង​CNRP​ អះអាង​ថា​ មេឃុំ​ចៅសង្កាត់​របស់​ខ្លួន​សន្យា​ខំ​បម្រើ​ពលរដ្ឋ​ខ្លាំង​ជាង​មុន​(មានសំឡេង)

Share

ភ្នំពេញ៖ ជាធម្មតាក្រោយការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការបញ្ចប់ទៅរយៈពេល ១៤ថ្ងៃ គណបក្សនយោបាយដែលទទួលបានសម្លេងធ្វើជាមេឃុំចៅសង្កាត់ក្នុងអាណត្តិនេះ នឹងចាប់ផ្ដើមចូលធ្វើការនៅតាមថ្នាក់មូលដ្ឋានរៀងៗខ្លួន។

គណបក្សនយោបាយចំនួនពីរដែលជាប់អាសនៈច្រើនជាងគេសន្យាថា មេឃុំ និងចៅសង្កាត់ដែលជាប់ឆ្នោតនឹងខិតខំបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ ដោយអនុវត្តការងារនៅតាមឃុំសង្កាត់និមួយៗឱ្យមានប្រសិទ្ធភាព។

cnrpand-cpp-0k

កញ្ញាជុំ ជោគជាតាជូនសេចក្ដីរាយការណ៍៖

ក្រោយថ្ងៃបិទបញ្ចប់នៃការរាប់សន្លឹកឆ្នោតនៅម៉ោង ៣រសៀលថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០១៧ លទ្ធផលបណ្ដោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

(គ.ជ.ប) នៅលើកញ្ចក់ទូរទស្សន៍បង្ហាញថា គណបក្សចំនួន ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទទួលបានអាសនៈ ធ្វើជាមេឃុំ ចៅសង្កាត់ច្រើនជាងគេក្នុងចំណោមគណបក្សនយោបាយទាំង ១២ ។

ទន្ទឹមនឹងលទ្ធផលដែលបង្ហាញដូចនេះ គណបក្សទាំងពីរបានប្ដេជ្ញាបន្ដអនុវត្តគោលនយោបាយនៅភូមិឃុំរបស់ខ្លួន ដែលមិនអោយឃុំ ឬសង្កាត់របស់ខ្លួនគ្រប់គ្រង មានអំពើហិង្សា ឬ សម្លុត គំរាមកំហែង យកប្រាក់ និងអំពើពុករលួយណាមួយនោះទេ។

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានពន្យល់ដូចនេះថា៖«យើងខិតខំពង្រឹងបន្ថែមឱ្យភូមិឃុំមានសុវត្ថិភាព កុំអោយមានបងធំ បងតូច កុំអោយមានគ្រឿងញៀន កុំអោយមានល្បែងស៊ីសង កុំអោយមានអំពើហិង្សាក្នុងគ្រួសារ កុំអោយមានអំពើពុករលួយ កុំអោយមានបាតុភាពអសកម្មចោរលួច ចោរប្លន់ ដើម្បីធ្វើម៉េចផ្ដល់សេចក្ដីសុខក្សេមក្សាន្ដដល់ប្រជាពលរដ្ឋ»។

នៅក្នុងកិច្ចសម្ភាសន៍ខ្លីមួយទាក់ទងទៅនឹងគោលនយោបាយរបស់មេឃុំ ចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន្ដ បានឱ្យដឹងទៀតថា ប្រសិនបើ មេឃុំ ឬចៅសង្កាត់ ណាមួយដែលធ្វើខុសតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបំពេញតួនាទីជាមេឃុំ និងចៅសង្កាត់នោះ ថ្នាក់លើគណបក្សប្រជាជនកម្ពុជានឹងចាត់តាមទៅនីតិវិធីច្បាប់ ។

លោក សុខ ឥសាន្ដ៖ «យើងដោះស្រាយតាមនីតិវិធីច្បាប់ ហើយនឹងគោលនយោបាយរបស់គណបក្ស ពេលណាដែលចូលដល់អាណត្តិកាន់តំណែងនេះ យើងខិតខំបណ្ដុះបណ្ដាលអប់រំមន្ដ្រីរបស់យើងជាមូលដ្ឋាន។ ទីពីរ .បើក្នុងការអប់រំមិនស្ដាប់ទេ យើងនឹងមានវិធានការវិន័យ»។

ដោយឡែក លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិឯណេះវិញ ក៏បានបង្ហាញពីគោលនយោបាយនឹងការប្ដេជ្ញារបស់ខ្លួនផងដែរ ។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងដូចនេះក្នុងបទសម្ភាសន៍ជាមួយវិទ្យុមួយដែលលោក ថា មេឃុំគណបក្សសង្គ្រោះជាតិដែលនឹងឡើងកាន់តំណែងថ្មីនឹងជួយពង្រឹងសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជួយរកទីផ្សារដល់ប្រជាពលរដ្ឋ និងកសិករជាដើម។

លោក កឹម សុខា៖«យើងបានគិតគូរសិទ្ធិអំណាចរបស់យើងក្នុងគោលនយោបាយយើងក្នុងពេលឃោសនាបោះឆ្នោតនោះ គឺ ដើម្បីយើងធ្វើតាមអ្វីដែលយើងបានសន្យា ដូចជាការពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ដោយធ្វើយ៉ាងម៉េចឱ្យពលរដ្ឋចងក្រង ជាសហគមន៍ ដូចជា ជារឿងទីផ្សារ យើងនឹងរៀបចំជួយគាត់ »។

តាមលោក កឹម សុខា ប្រសិនបើមេឃុំ ឬចៅសង្កាត់ ដែលមិនបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវទេ គឺ គណបក្សសង្គ្រោះជាតិនឹងមិនទុកឱ្យនៅបន្ដទៀតទេ ។

លោក កឹម សុខា «មេឃុំយើងបានប្ដេជ្ញាហើយពេលឈរឈ្មោះ បើសិនជាមាន គាត់សុខឱ្យដកគាត់ចេញ ។ ហើយយើងមិនមែនចាំអោយគាត់ថាទេយើងនឹងបង្កើតគណៈកម្មាធិការចាស់ទុំនៅក្នុងភូមិឃុំហ្នឹង ដើម្បីដាក់ពិន្ទុ បើសិនជាពិន្ទុគាត់ចេះតែធ្លាក់ៗទៅ យើអត់ទុកឱ្យគាត់នៅបន្ដទៀតទេ»។

នៅពេលឃោសនារកសម្លេងឆ្នោតគណបក្សទាំងពីរនេះ សុទ្ធតែមានគោលនយោបាយជាក់លាក់រៀងខ្លួន ហើយគោលនយោបាយទាំងនោះ បានធ្វើអោយពលរដ្ឋជាម្ចាស់ឆ្នោតមានទំនុកចិត្តទើបពួកគេសម្រេចចិត្តបោះឆ្នោតអោយ។

យ៉ាងណាក៏ដោយការអនុវត្តផ្ទាល់គឺជារឿងពិបាកបំផុតសម្រាប់មេឃុំ និងចៅសង្កាត់នៃគណបក្សនិមួយៗ ៕

Share

ព័ត៌មានទាក់ទង

Image