កូរ៉េ ៖សង្គ្រាមរវាងអាមេរិក និងកូរ៉េខាងជើង ទំនងនឹងផ្ទុះឡើងនៅ ពេលដ៏ខ្លីខាងមុខនេះ។ នេះជាការព្យាករណ៍របស់អ្នកជំនាញកិច្ចការយោធាដែលធ្វើឡើង បន្ទាប់ពីអាមេរិកបញ្ជូននាវាចម្បាំងមួយគ្រឿងទៀតទៅកាន់សមុទ្រកូរ៉េហើយរំពឹងថានឹងទៅដល់សប្ដាហ៍ក្រោយនេះ។ តែនៅពេលនេះ កូរ៉េខាងជើងចាប់ផ្ដើមធ្វើសមយុទ្ធទ័ពអាកាសដោយគំរាមវាយប្រហារលើនាវាចម្បាំងអាមេរិក Carl Vinson ដែលកំពុងចតនៅ សមុទ្រកូរ៉េ។ តើកូរ៉េខាងជើងពិតជាហ៊ានវាយប្រហារអាមេរិកមែនឬយ៉ាងណា ?
លោក នួន បូរិន្ទ ជូនសេចក្ដីអធិប្បាយដូចតទៅ៖
ជាការពិតកូរ៉េខាងជើង គ្រហឹម វាយប្រហារអាមេរិកជាច្រើនឆ្នាំមកហើយ តាំងពីក្នុងការគ្រប់គ្រងរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា កាលពី ៨ឆ្នាំមុន គឺ ពេលនោះ លោក អូ បាម៉ា និងគណបក្ស ប្រជាធិបតេយ្យ គ្រាន់តែចាត់វិធានការការទូត ប៉ុណ្ណោះហើយ សូម្បីតែ ធ្វើសកម្មភាពយោធាក៏មានតិចតួចដែរ។ ចំពោះសម័យកាលគ្រប់គ្រងរបស់ លោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋមិនដូច លោក អូបាម៉ា នោះទេ។ គ្រាន់តែកាន់អំណាចបានជិត ៦ខែ សេតវិមានរបស់ លោក ត្រាំ បាន បញ្ជូនទាំងនាវាចម្បាំងដែលផ្ទុកយន្តហោះរាប់សិបគ្រឿងនាវាមុជទឺក និងកាំជ្រួច Thaad ទៅកាន់កូរ៉េខាងត្បូងភ្លាមៗ។
សកម្មភាពនេះ បន្ទាប់ពីកូរ៉េខាងជើងបានបន្តបាញ់កាំជ្រួចអន្តរទ្វីបបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ គឺ ម្ដងហើយ ម្ដងទៀត ទើបស្ថានការណ៍កងទ័ពលើឧបទ្វីបកាន់តែតានតឹង។ បើនិយាយពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចវិញ គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់រាប់សិបដងមកហើយ តែក្រុងព្យុងយ៉ាង មិនដែលចុះញ៉មឡើយ។
តើទាំងនេះ ពិតជាទាញទៅរកសង្គ្រាមមែនទេ?
នៅថ្ងៃនេះ នៅសមុទ្រកូរ៉េពោរពេញដោយភាពភ័យខ្លាច ។ ភ័យខ្លាច ដោយសារនាវាចម្បាំងដ៏ធំ ២គ្រឿងរបស់អាមេរិក គឺនាវាចម្បាំង USS Carl Vinson និង USS Ronald Reagan ។ បានធ្វើសមយុទ្ធរួមគ្នា ខណៈ នាវាមុជទឹក USS Michigan និង USS Cheyenne កំពុងបណ្ដែតខ្លួន យ៉ាងភ័យខ្លាច នៅសមុទ្រកូរ៉េខាងជើង ។ ការធ្វើសមយុទ្ធនេះ ក៏ជាការរុញឱ្យកូរ៉េខាងជើង ធ្វើសមយុទ្ធទ័ពអាកាស តបវិញដោយព្រមានវាយប្រហាលើនាវាចម្បាំងអាមេរិកនៅពេលណាមួយ ។កូរ៉េខាងជើង បានហៅ ការធ្វើសមយុទ្ធរបស់អាមេរិកថា ជាការបង្កប្រទូសរ៉ាយនាំឱ្យមានសង្គ្រាម ដែលក្រុងព្យុងយ៉ាង អះអាងថា នឹងបាញ់ទៅលើអាមេរិក ដោយអាវុធនុយក្លេអ៊ែរ។
សិស្សសាលាកូរ៉េខាងជើងហ្វឹកហាត់ប្រើអាវុធ
សិស្សិសាលានៅតាមវិទ្យាល័យ និងអនុវិទ្យាល័យមួយចំនួននៅប្រទេសកូរ៉េខាងជើង ត្រូវបានពួកយោធាមកហ្វឹកហ្វឺន អំពីការប្រើប្រាស់អាវុធដើម្បីវាយប្រហារសត្រូវ(អាមេរិក) បើសង្គ្រាមផ្ទុះឡើង។
តាមគេហទំព័រ Daily mail.com ការហ្វឹកហ្វឺនសិស្សសាលានេះ បានធ្វើឡើងតាំងពីថ្ងៃទី ១ មិថុនា នៃទិវាសិទ្ធិកុមារអន្ដរជាតិ។ អាវុធដែលគេយកអោយកុមារហាត់បាញ់នេះ គឺ អាវុធ AK 47 និងគ្រាប់បែក។
អ្នកបង្វឹកបានប្រាប់កុមារថា ការហ្វឹកហ្វឺនេះ ដើម្បីអោយកុមារចេះកាន់អាវុធអាចប្រើប្រាស់បានដើម្បីការពារខ្លួនពេលដែលមានសង្គ្រាម។ អ្នកបង្វឹកបានបញ្ជាក់ទៀតថា អ្វីដែលសំខាន់នោះ គឺ កុមារទាំងនោះត្រូវការពារមេដឹកនាំប្រទេសគឺលោក គីម ជុងអ៊ុន។
កាលពីថ្ងៃច័ន្ទ ទី០៥ មិថុនា ប្រទេសកូរ៉េខាងជើងបានបើកយុទ្ធនាការនៃការប្រើប្រាស់អាវុធនៅទូទាំងប្រទេស ជាពិសេសបង្ហាត់បង្រៀនកុមារនៅតាមសាលារៀន។
ចំណែកសិស្សសាលានៅកូរ៉េខាងត្បូងវិញ បានចាប់ផ្ដើមរៀនពាក់ឧបករណ៍ការពារអាវុធគីមី។ សិស្សសាលាដែលគេបង្ហាត់គឺនៅតាមព្រំដែននឹងនៅក្រុងសេអ៊ូល។ ចំណែកនៅប្រទេសជប៉ុនមានការបង្ហាញរបៀបភៀសខ្លួន ពេលប្រទេសមានសង្គ្រាម។ ស្របពេលនេះដែរ កងទ័ពជប៉ុនបានបើកធ្វើយុទ្ធយោធានៅសមុទ្ររបស់ខ្លួន ប៉ុន្តែក្រុងតូត្យូ អះអាងថា ដើម្បីការពារខ្លួន ។
អាមេរិកប្រហែលជាវាយប្រហារកូរ៉េខាងជើងមុនកូរ៉េខាងជើងវាយលើខ្លួន
លោក George Friedman អ្នកជំនាញកិច្ចការភូមិសាស្ត្រនយោបាយនៃប្រទេសអាមេរិកបានព្យាករណ៍ថា អាមេរិកនឹងវាយប្រហាលើប្រទេសកូរ៉េខាងជើងក្នុងពេលដ៏ឆាប់នេះ បើកូរ៉េខាងជើងបន្តបាញ់សាកល្បងកាំជ្រួចម្ដងទៀតនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ News Max.com ដែលស្រង់ការវិភាគរបស់លោក George Friedman ជាជនជាតិ ហុងគ្រី ជាអ្នកជំនាញភូមិសាស្ត្រ និងយុទ្ធសាស្ត្រនយោបាយអំពីកិច្ចការអន្តរជាតិ ។ លោកបានព្យាករណ៍ថា នាវាចម្បាំងរបស់អាមេរិក USS Nimitz ដែលជានាវាចម្បាំងដ៏ធំរបស់ប្រទេសអាមេរិកមកដល់សមុទ្រកូរ៉េពេលណានោះ គឺ ភាពតានតឹងនឹងឡើងកំដៅមួយកម្រិតទៀត ហើយពេលនោះ គឺជាសញ្ញានៃការចាប់ផ្ដើម វាយប្រហារលើប្រទេសកូរ៉េខាងជើងយ៉ាងពិតប្រាកដ។ តាមការវិភាគរបស់លោក គឺអាមេរិក បានត្រៀមខ្លួនហើយ ដើម្បីវាយប្រហារកូរ៉េខាងជើង ព្រោះគ្រឿងសព្វាវុធរបស់អាមេរិកហាក់រៀបចំសព្វគ្រប់ហើយ។
ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍មកថា នាវាចម្បាំងដ៏ធំមួយគ្រឿង គឺនាវាUSS Theodor Roosevelt ក៏នឹងត្រៀមចេញដំណើរមកកាន់សមុទ្រកូរ៉េដែរ។ ស្របពេលនេះដែរ ប្រទេសជប៉ុន បានប្រកាសគាំទ្រអាមេរិកពេញទំហឹងទាំងជម្រើសដំណោះស្រាយការទូត និងយោធា។ តែជាមួយគ្នានេះ ប្រទេសចិនដែលជាមហាមិត្តប្រទេសកូរ៉េខាងជើងបានសុំឲ្យអាមេរិកទុកពេលឲ្យខ្លួន ១០០ថ្ងៃទៀត ដើម្បីគាបសង្កត់ក្រុងព្យុងយ៉ាង។
អ្នកជំនាញរូបនេះ ព្យាករណ៍ថា អាមេរិកនឹងប្រើយន្តហោះ ១០០គ្រឿង ដើម្បីវាយសន្ធប់លើប្រទេសកូរ៉េខាងជើង ដោយសំដៅលើ មូលដ្ឋានទ័ពអាកាសទ័ពជើងទឹក និងសំដៅលើឃ្លាំងអាវុធនុយក្លេអ៊ែរ៕