យ៉ាងហោចណាស់មានកម្មកររោងចក្រចំនួនដប់នាក់ត្រូវបានព្យួរការងារក្រោយពីពួកគេព្យាយាមឈប់ដើម្បីទៅបោះឆ្នោត។ ការព្យួរការងារនេះបានបំផុសឲ្យក្រុមកម្មករធ្វើកូដកម្ម។
កម្មការ កម្មការនីសៅលែន ហៅរោងចក្រ ៦ជាន់ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅជាយរាជ ធានីភ្នំពេញ ច្រើនជាង៣០០នាក់បានចាប់ផ្តើមធ្វើកូដកម្មចាប់តាំងពីថ្ងៃអង្គារម្សិលមិញ ដើម្បីទាមទារឲ្យថៅកែរោងចក្រ ទទួលយកតំណាងរបស់ខ្លួនចំនួនដប់នាក់ឲ្យមកធ្វើការវិញ។
តំណាងកម្មករទាំងដប់នាក់ត្រូវព្យួរការងារ បន្ទាប់ពីពួកគេបានតវ៉ាឲ្យមានការផ្តល់ការឈប់សម្រាកដល់ក្រុមកម្មករដើម្បីឲ្យ ពួកគេមានពេលវេលាសម្រាប់ចេញដំណើរទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ប៉ុន្តែដោយសារមិនមានការឆ្លើយតបពីថៅកែរោងចក្រកម្មករទាំងអស់ក៏បានសម្រេចឈប់សម្រាកដោយខ្លួនឯង។ ប៉ុន្តែនៅពេលដែលពួកគេចូលធ្វើការងារវិញនៅថ្ងៃអង្គារ តំណាងកម្មករទាំងនោះត្រូវបានព្យួរការងារដោយមិនមានពេល កំណត់។
លោកឡាញ់ ភារម្យ តំណាងកម្មករោងចក្រសៅលែន បានប្រាប់ពីមូលហេតុ ដូច្នេះថា៖«តាមពិតទៅអត់ផង កម្មករទាំង អស់គាត់មានឆន្ទៈ គាត់ធ្វើដោយខ្លួនឯងហ្នឹង។ ដំបូងគាត់ចង់ឱ្យក្រុមហ៊ុនហ្នឹងប្រាប់គាត់ឱ្យបានច្បាស់លាស់ គាត់ឈប់ថ្ងៃ ណា ឬមិនឱ្យឈប់ ប៉ុន្តែក្រុមហ៊ុនរហូតមកថ្ងៃសុក្រទី២ ហើយអត់ជូនដំណឹងឱ្យគាត់ទៀត គឺនាំគ្នាសំងំរហូត ហើយអត់មាន ដំណោះស្រាយ គាត់ក៏នាំគ្នាបិទម៉ាស៊ីនចុះមកជាន់ក្រោមទៅទាំងអស់គ្នារួចហើយខាងក្រុមហ៊ុនក៏អត់ព្យាយាមដោះស្រាយ ជូនបងប្អូនកម្មករទេ គាត់បែរគេចវេស ចេញហើយនិងចូលៗ ដល់ពេលទីបញ្ចប់បងប្អូនកម្មករក៏គាត់ចាប់ផ្តើមនាំគ្នា សម្រេច ចិត្តថាទៅផ្ទះតែម្តងទៅ ចាំថ្ងៃអង្គារចូលធ្វើការ.»។
បន្ទាប់ពីកម្មករបាននាំគ្នាឈរតវ៉ា នៅមុខរោងចក្រ តំណាងរបស់ពួកគេទាំង១០ នាក់ត្រូវអធិការកិច្ចនៃក្រសួងការងារ ហៅ ទៅសួរនាំនូវកំហុសដែលខាងក្រុមហ៊ុនបានចោទប្រកាន់ពួកគេ។
លោក ហឹម ជ័វ័ន្ត ជាតំណាងកម្មករម្នាក់ក្នុងចំណោម១០ដែលត្រូវព្យួរការងារបានឱ្យដឹងថា អធិការកិច្ចនៃក្រសួងការងារ បានសំណូមឱ្យគេ ប្រាប់ទៅកម្មករ ចូលធ្វើការវិញ ដោយក្រសួងសន្យាថានឹងព្យាយាមជជែក ជាមួយក្រុមហ៊ុន ដើម្បីឱ្យពួក គេបានធ្វើការធម្មតាវិញ។ យ៉ាងណាមិញលោកមិនទទួលយកសំនូមពរនេះនោះទេ។
«អត់មានបានប្រាប់ទេបង មូលហេតុនាយកក្រុមហ៊ុនអត់មានថា ចេញសេចក្តីប្រកាសត្រូវតែឱ្យកម្មករចូលធ្វើការវិញ ដើម្បី ចរចារឿងពួកខ្ញុំអីផង ពួកគាត់អត់មានមាត់អីសោះតែម្តង មានតែខាងអធិការកិច្ចក្រសួងហ្នឹងគេទៅសួរទៅនាំ»។
វិទ្យុស្រ្តី មិនអាចសុំការឆ្លើយតបពីតំណាងរោងចក្រ សៅលែន បានទេ នៅថ្ងៃនេះ។
សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធសហជីពចលនាកម្មករ បានប្រតិកម្មថា ការព្យួរការងារថ្នាក់ដឹកនាំ និងសកម្មជនសហជីពខាង លើ គឺជាការរើសអើង និងប៉ុនប៉ងរំលាយសហជីពឯករាជ្យពីសំណាក់ភាគីក្រុមហ៊ុន ហើយទង្វើរបស់ក្រុមហ៊ុននេះ បាននឹង កំពុងរំលោភបំពាន ច្បាប់ស្តីពីការងារ និងអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ។
បើតាមលោក ជីវ័ន្ត រហូតមកដល់ម៉ោង៣រសៀល កម្មករមួយចំនូនបានត្រលប់ទៅផ្ទះវិញរៀងៗ មួយចំនួនទៀតបន្តនៅ មុខរោងចក្រ និងប្រមាណជាង២០០នាក់ទៀតបានចូលធ្វើការ៕