en     km
en     km

CPP និង CNRP មិនទាន់មានគម្រោងដោះដូរសមាសភាពមេភូមិនៅឡើយទេ(មានសំឡេង)

Share

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលឈ្នះអសនៈមេឃុំ ចៅសង្កាត់ច្រើនជាងគេក្នុង អាណត្តិនេះ មិនទាន់សម្រេចសើររើដំណែងមេភូមិនៅឡើយទេ។ មន្ត្រីផ្លូវការរបស់គណបក្សទាំងពីរអះអាងថា ដើម្បីសម្រេចកិច្ចការ នេះត្រូវមានកិច្ចពិភាក្សាក្នុងចំណោមសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(ឆ្វេង) លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ(ស្តាំ)។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(ឆ្វេង) លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ(ស្តាំ)។

យោងលទ្ធផលបឋមក្រៅផ្លូវការគណបក្សប្រជាជនកម្ពុជាទទួលបានអសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង១១០០ និងគណបក្ស សង្គ្រោះជាតិទទួលបានអសនៈក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ ៥០០ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់កាលពីថ្ងៃទី៤ខែ មិថុនា។

ជាគោលការណ៍គណបក្សជាប់ឆ្នោតទាំងពីរអាចនឹងមានលទ្ធភាពរៀបចំមេភូមិរបស់ខ្លួន។ ប៉ុន្តែមន្ត្រីផ្លូវការនៃគណបក្សទាំង ពីរបានប្រាប់វិទ្យុស្ត្រី FM ១០២ នៅថ្ងៃពុធនេះថា ក្រុមខ្លួនមិនទាន់មានគ្រោងណាមួយដើម្បីធ្វើការដោះដូរសមាសភាព មេភូមិ នៅឡើយ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និយាយថា គណបក្សនឹងមិនសម្រេចរុះរើ ឬដោះដូរសមាសភាពមេ ភូមិភ្លាមៗនោះទេ។

យ៉ាងណាលោកបន្តថា ការដោះដូរមេភូមិអាចប្រព្រឹត្តិទៅបាន លុះត្រាមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងឆ្លងកាត់ការ សម្រេចពីក្រុមប្រឹក្សាឃុំសង្កាត់ជាមុនសិន។

«ប៉ុន្តែប្រសិនជាគាត់ធ្វើការបំរើគណបក្ស ហើយគាត់ធ្វើឱ្យប្រជារាស្រ្តមានការថ្នាំងថ្នាក់ចិត្ត មិនបំរើផលប្រយោជន៍ប្រជារាស្រ្ត ទារលុយទារកាក់ពីប្រជារាស្រ្តអីហ្នឹង និងមានពាក្យបណ្តឹងពីពលរដ្ឋមកយើងនឹងពិចារណាពិនិត្យមើល»។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សលោកក៏ពុំមានគម្រោងផ្លាស់ ប្តូរមេភូមិចាស់ដាក់មេភូមិថ្មីអ្វីនោះដែរ។ ប៉ុន្តែគណបក្សកាន់អំណាចកំពុងពិចារណា ពិនិត្យសមាសភាពមេឃុំ ចៅសង្កាត់ ដែលទើបធ្លាក់ឆ្នោត ដើម្បីផ្តល់ការងារនិងមុខងារថ្មី។   «អាចបងប្អូនណាមន្រ្តីណាដែលចុះចេញពីការងារហ្នឹង មានតួនាទី ខ្ពស់ទៅយើងអាចយកទៅធ្វើទីប្រឹក្សា ឬមួយជំនួយការអីជូនគាត់ ហើយប្រសិនអ្នកណាមានការងារគណបក្សនៅមូលដ្ឋាន មានឥទ្ធិពល យើងប្រើប្រាស់នៅមូលដ្ឋានការងារបក្ស ដោយយើងឧបត្ថម្ភប្រាក់បៀវត្តគាត់សមរម្យ»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប មានប្រសាសន៍ថា តាមច្បាប់សិទ្ធិ សម្រេចក្នុងការដក ឬដោះដូរមេភូមិនៅមូលដ្ឋាន គឺមិនមែនជាសិទ្ធិអំណាចរបស់មេឃុំ ចៅសង្កាត់តែម្ខាងនោះទេ គឺត្រូវមាន ការចូលរួមសម្រេចពីក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ៕

Share

Image
Image
Image