en     km
en     km

ភរិយា​របស់​អតីត​ទណ្ឌិត​ជាប់​តំណែង​ជា​មេឃុំ​ជំនួស​ស្វាមី​(មានសំឡេង)

Share

ភ្នំពេញ៖អតីតទណ្ឌិត លោក ស៊ាង ចែត មេឃុំស្រុកមកពីគណបក្ស សម រង្ស៊ី នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នឹងត្រូវផ្ទេរតំណែងឲ្យភវិយារបស់ខ្លួន គឺ អ្នកស្រី ស្រេង សុខឃឿន ក្នុងអាណត្តិថ្មីនេះ ដែលមកពីគណបក្សសង្គ្រោះជាតិ ក្រោយពីលទ្ធ ផលបញ្ជាក់ថា អ្នកស្រីបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យ។

សូមស្ដាប់សេចក្ដីរាយការណ៍លម្អិតពីរឿងនេះដូចតទៅ៖

cnrp-party

ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ បានចប់សព្វគ្រប់កាលពីថ្ងៃទី ៤ ខែឧសភា ហើយទោះនៅពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាសលទ្ធផលផ្លូវការក្ដី តែការរាប់សន្លឹកឆ្នោត នៅក្នុងឃុំ ស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបង្ហាញថា មេឃុំអាណត្តិថ្មី មកពីគណបក្សសង្គ្រោះជាតិជាស្ត្រីនឹងមកស្នងតំណែងមេឃុំចាស់ជាស្វាមី និងជាអតីតទណ្ឌិតជាប់ទោសក្នុងសំណុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ ។

អ្នកស្រី ស្រេង សុខឃឿន ដែលត្រូវមកដឹកនាំឃុំ ស្រក បន្ទាប់ពីស្វាមីខ្លួន គឺ លោក ស៊ាង ចែត ដែលខកខានមិនអាចក្លាយជា បេក្ខជនដោយសារលោកជាទណ្ឌិត។

អនាគតមេឃុំស្រី អ្នកស្រី សុខឃឿន បានបង្ហាញសេចក្តីសាទរថា អ្នកអ្នកស្រីមានមោទនភាពចំពោះ លទ្ធផលដែលបង្ហាញថា អ្នកស្រីជាប់ជាមេឃុំ ។

ការទទួលបានលទ្ធផលជាទីគាប់ចិត្តនេះ អ្នក ស្រី សុខឃឿន និយាយថា វាមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែការគ្រាំទ្រនេះកើតចេញពីការខិតខំរបស់ស្វាមីអ្នកស្រីនាពេលកន្លងមក ដែលធ្វើការងារបម្រើប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ស្ត្រីដែលមានអាយុ ៤៤ ឆ្នាំ រូបនេះ កំពុងតែត្រៀមខ្លួនធ្វើជាមេឃុំថ្មី និងយកគម្រូ តាមការនឹកនាំរបស់ស្វាមីអ្នកស្រី ដើម្បីជួយដោះស្រាយ បញ្ហាផ្សេងៗ ដូចជា លិខិតស្នាមសាធារណៈ និង សេវាសាធារណៈក្នុងឃុំ ។ស្ត្រីដែលជាម្តាយ កូនប្រុសទាំង ៥នាក់រូបនេះ បន្តថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ គឺជាកត្តាសំខាន់សម្រាប់អ្នកស្រី។

កន្លងមកលោក ស៊ាង ចែត ជាមេឃុំស្រក មកពីគណបក្សសម រង្ស៊ី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តែបុរសនេះ ត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១៦ ឃាត់ខ្លួនហើយនាំទៅឃុំនៅព្រៃស ក្រោមបទចោទថា បានណែនាំឱ្យ កញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ករណីរបស់លោក កឹម សុខា ពេលនោះជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ហើយត្រូវបានដោះ មកវិញនៅថ្ងៃ ៨ ខែ ធ្នូឆ្នាំ២០១៦ បន្ទាប់ពីមានការសម្របសម្រួលនយោបាយ។

ស្ត្រីដែលមិនពូកែសម្តី អ្នកស្រី សុខឃឿនបានពន្យល់ថា កន្លងមកអ្នកស្រីមិនដែលមានគំនិតចង់ចូលរួមក្នុងសកម្មភាពនយោបាយនោះទេ។ តែកត្តាដែលធ្វើឲ្យអ្នកស្រីចូលរួមក្នុងសកម្មភាពនយោបាយក្នុងឆ្នាំ២០១៦ ព្រោះតែស្វាមីជាប់ឃុំខ្លួន នាំឱ្យអ្នកស្រីចង់រកយុត្តិធម៌ជូនស្វាមី ។

ទោះជាមានកិច្ចការមើលថែរក្សាកូនចៅ ផ្ទះសំបែង អ្នកស្រី សុខឃឿន បញ្ជាក់ថា អ្នកស្រីនឹងខិតខំបំរើសប្រជាពលរដ្ឋក្នុងអាណត្តិខ្លួនដឹកនាំឲ្យបានល្អបំផុត។

ចំណែក លោក ស៊ាង ចែត ដែលជិតផុតអាណត្តិគ្រប់គ្រងឃុំស្រក មានប្រសាសន៍ថា លោកនឹងជួយណែនាំដល់មន្ត្រីក្រុមប្រឹក្សាឃុំ អាណត្តិក្រោយនេះ ចំពោះបញ្ហាដោះផ្សេងៗដែលមិនទាន់ដោះស្រាយ និងបញ្ហាដែលត្រូវស្រាយជាបន្ទាន់។

លោក ស៊ាង ចែត បញ្ជាក់ថា លោកនឹងបន្តជួយផ្នែកគំនិតដើម្បីជួយទាំងសន្តិសុខ និងការអភិវឌ្ឍ។

ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំនួន ៤ភូមិ មានប្រជាពលរដ្ឋប្រមាណ ៧៨០០នាក់ គ្រួសារមានចំនួនជាង ២០០០គ្រួសារ ហើយប្រជាពលរដ្ឋភាគច្រើនប្រករបរកសិកម្ម និងដាំដំណាំផ្សេងៗ៕

 

Share

Image
Image
Image