ភ្នំពេញ៖ ក្រោយពេលមានចលនាយុវជន និងតំណាងរាស្ត្របក្សប្រឆាំង បាននាំគ្នាសម្រុកទៅមើលព្រំដែនជាបន្តបន្ទាប់ មានព័ត៌មានលេចឮថា មេបក្សធំៗទាំងពីរដែលមានអាសនៈក្នុងសភា បានពិភាក្សាគ្នាពីការកែរដ្ឋធម្មនុញ្ញមាត្រា ២ ។ តើការពិភាក្សានេះចាប់ផ្ដើមនៅពេលណា? ហើយបើសិនជាមានការកែរដ្ឋធម្មនុញ្ញមាត្រា ២ មែននោះ តើអាចរក្សាផែនទីខ្នាត ១/១០០.០០០ បានទេ? លោក ណុល ដារ៉ា រៀបរៀងបទវិភាគនេះ៖
ថ្វីបើព័ត៌មានពីការកែរដ្ឋធម្មនុញ្ញមាត្រា ២ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីគណបក្សនយោបាយទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា ប៉ុន្តែតាមតម្រុយដែលមេដឹកនាំនៃគណបក្សធំៗទាំងពីរ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានបង្ហើបកន្លងមក ឃើញថាគោលបំណងនៃការកែរដ្ឋធម្មនុញ្ញមាត្រា ២ នេះ ត្រូវបានលើកមកពិភាក្សាគ្នារួចហើយ។
មាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបំពានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ និងទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩។
តើកិច្ចពិភាក្សាពីការកែរដ្ឋធម្មនុញ្ញមាត្រា ២ នេះ បានចាប់ផ្ដើមនៅពេលណា?
នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៥ គឺមួយថ្ងៃក្រោយពិធីពិសាអាហារជុំគ្នារវាងគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារលោក សម រង្ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅវិទ្យាស្ថានជាតិអប់រំ ថារដ្ឋធម្មនុញ្ញកម្ពុជាបានសរសេរខុស និងចងដៃខ្លួនឯងត្រង់ចំណុចអធិបតេយ្យភាព។
បន្តមកទៀត គឺនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៥ ក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ក្រុងតាខ្មៅទៅកោះក្របី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកអាចលុបចោលសន្ធិសញ្ញារឿងព្រំដែនជាមួយវៀតណាមបាន បើរដ្ឋធម្មនុញ្ញចែងកម្ពុជាប្រើប្រាស់ផែនទីខ្នាតមួយលើហាសិបពាន់។ លោកមានប្រសាសន៍ថា “បើសិនជារដ្ឋធម្មនុញ្ញបានចែងថា ផែនទីនៃព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ផែនទីខ្នាតមួយ ហាសិបពាន់ (១/៥០.០០០) ខ្ញុំកុណាខ្ញុំក៏សុខចិត្តលុបចោលកិច្ចព្រមព្រៀងរវាងកម្ពុជា — សន្ធិសញ្ញាជាមួយវៀតណាមដែរ”។
ក្រោយមកទៀត គឺនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោក សម រង្ស៊ី បានផ្ញើសារ SMS មកលោក បបួលលោកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ២ ស្ដីពីការប្រើប្រាស់ផែនទីបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។ ក្នុងការបង្ហាញសារ SMS នោះលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មេបក្សចង់កែ តែសមាជិកបក្សបែរជាមិនចង់។
ទាក់ទងនឹងរឿងសារ SMS នោះ លោក សម រង្ស៊ី បានឆ្លើយនឹងសំណួរអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី ១៦ ខែសីហា ឆ្នាំ ២០១៥ ថា ក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីបានលើកយកបញ្ហាមាត្រា ២ នៃរដ្ឋធម្មនុញ្ញមកពិភាក្សាជាមួយលោក។ លោក សម រង្ស៊ី មានប្រសាសន៍ថា “ពេលដែលខ្ញុំបានជួបជាមួយនឹងសម្ដេច ហ៊ុន សែន ក្នុងលក្ខណៈគ្រួសារ លោកបានប្រាប់ខ្ញុំថា យើងមិនគួរចងខ្លួនយើងទេ នៅក្នុងរដ្ឋធម្មនុញ្ញមាត្រាទី ២ ហ្នឹង ពីព្រោះថា យើងបានសរសេរក្នុងមាត្រាទី ២ ហ្នឹង ថាយើងប្រើផែនទីដែលបារាំងធ្វើក្នុងចន្លោះឆ្នាំ ១៩៣៣ ដល់ ១៩៥៣”។
ផ្អែកលើប្រសាសន៍លោក សម រង្ស៊ី ឃើញថា មេដឹកនាំទាំងពីរបានពិភាក្សាពីការកែរដ្ឋធម្មនុញ្ញមាត្រា ២ រួចហើយ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៥ គឺនៅពេលដែលអ្នកនយោបាយទាំងពីរបានពិសាអាហាររួមគ្នាជាលក្ខណៈគ្រួសារ ប៉ុន្តែមិនដឹងថា តើការពិភាក្សានោះមានការខ្វែងគំនិតគ្នាយ៉ាងណានោះទេ ទើបស្ថានភាពនយោបាយតានតឹងឡើង នាំឲ្យមានការចាប់ខ្លួនសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅជិតទីលានប្រជាធិបតេយ្យ ដាក់ពន្ធនាគារឡើងវិញ ហើយជាបន្តបន្ទាប់មានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ក៏ដូចជាការគំរាមចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៧ រូបថែមទៀតផងដែរ។
យ៉ាងណាក៏ដោយលោក សម រង្ស៊ី បានបញ្ជាក់ជំហររបស់ខ្លួនថា លោកមិនបដិសេធការកែរដ្ឋធម្មនុញ្ញមាត្រា ២ នោះទេ បើកែទៅឲ្យផលចំណេញដល់កម្ពុជា ប៉ុន្តែលោកថា នៅតែរក្សាផែនទីខ្នាត ១/១០០.០០០ ដដែល ដោយគ្រាន់តែបន្ថែមផែនទីផ្សេងទៀត ដែលបោះពុម្ពនៅសម័យបារាំង ជាពិសេសផែនទីបោះពុម្ពឆ្នាំ ១៩១៤ ។
បើមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ២ មែននោះ តើអាចរក្សាផែនទីខ្នាត ១/១០០.០០០ បានទេ?
យោងសភាពការណ៍នយោបាយបច្ចុប្បន្ន ឃើញថាលោក សម រង្ស៊ី កំពុងស្ថិតក្នុងស្ថានភាពដោះបញ្ហា។ ដោះបញ្ហាត្រង់ថា សកម្មជននិងអ្នកគាំទ្ររបស់លោកកំពុងជាប់ពន្ធនាគារ ដែលលោកត្រូវរកវិធីដោះស្រាយ ដើម្បីឲ្យអ្នកទាំងនោះបានរួចខ្លួនមកវិញ ហើយវិធីដោះស្រាយនោះ លោក សម រង្ស៊ី និយាយថា ប្រើវិធីត្រជាក់ និងឈប់ចាក់ចង្កេះរដ្ឋាភិបាលតទៅទៀត ។
ក្រោយការថ្លែងរបស់លោក សម រង្ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយប្រយោលថា មេចោរបានចេញសារភាព។ ផ្អែកលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ឃើញថា វិធីសាស្ត្ររបស់លោក សម រង្ស៊ី មិនអាចដោះស្រាយបញ្ហាអ្នកកំពុងជាប់ឃុំឲ្យរួចខ្លួនវិញនោះទេ ។
អ្នកវិភាគយល់ថា ស្ថានភាពបច្ចុប្បន្ននេះ មិនខុសពីស្ថានភាពមុនពេលធ្វើកិច្ចព្រមព្រៀងបញ្ចប់វិបត្តិជាប់គាំងនយោបាយ ថ្ងៃ ២២ ខែកក្កដា ឆ្នាំ ២០១៤ ឡើយ។ ផ្អែកលើបទពិសោធន៍កិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដានោះ ក្រុមអ្នកវិភាគយល់ថា ប្រហែលជាលោក សម រង្ស៊ី មិនអាចការពារផែនទីខ្នាត ១/១០០.០០០ បានដូចការប្ដេជ្ញារបស់ខ្លួនឡើយ បើសិនជាលោកនៅតែបន្តធ្វើនយោបាយដើម្បីសេចក្ដីសុខរបស់ខ្លួន និងកូនចៅខ្លួននោះ។
សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ថា បើកម្ពុជាមិនអាចរក្សាផែនទីខ្នាត ១/១០០.០០០ បានទេ នោះវាអាចធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពមួយចំនួន ជាពិសេសគឺជាមួយវៀតណាម។ លោកបន្តថា តាមការយល់ឃើញរបស់លោក កម្ពុជាគួរតែរក្សាផែនទីខ្នាត ១/១០០.០០០ ។ លោក សូ ចន្ថា មានប្រសាសន៍ថា “បើសិនជាមានការកែរដ្ឋធម្មនុញ្ញមាត្រា ២ ដែលចែងអំពីខ្នាតផែនទី ខ្ញុំយល់ថា យើងត្រូវតែរក្សាខ្នាតផែនទី ១/១០០.០០០ ហើយគ្រាន់តែបន្ថែម បន្ថែមខ្នាតផែនទីផ្សេងទៀត ដែលចែងយ៉ាងច្បាស់អំពីការប្រើប្រាស់ជាមួយប្រទេសជិតខាត។ ឧទាហរណ៍ ខ្នាត ១/១០០.០០០ ប្រើជាមួយប្រទេសវៀតណាម ខ្នាត ១/២០០.០០០ ប្រើជាមួយថៃជាដើម។ អ៊ីចឹងយើងគ្រាន់តែបន្ថែមទៅ!” ។
ចំណែកឯអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមវិញ គឺលោក កែម ឡី យល់ថា បើមានការកែរដ្ឋធម្មនុញ្ញមាត្រា ២ មែននោះ វានឹងធ្វើឲ្យកម្ពុជាបាត់បង់សិទ្ធិក្នុងការទាមទារដីដែលវៀតណាមរំលោភយកនាពេលកន្លងមក។ លោកថា “រួមទាំងកោះត្រល់ហ្នឹងផង ជួនកាលហ្នឹង កាលណាយើងកែដាក់តែមិនស្រួល បាត់ជាស្ថាពរតែម្ដង ឲ្យភាពស្របច្បាប់ឲ្យចោរទៅលួចកោះត្រល់ហ្នឹងតែម្ដង”។
ជារួម ទាំងលោក កែម ឡី ទាំងលោក សូ ចន្ថា យល់ដូចគ្នាថា ការកែរដ្ឋធម្មនុញ្ញមាត្រា ២ គឺដើម្បីតែធ្វើឲ្យការបោះបង្គោលព្រំដែនរវាងកម្ពុជា វៀតណាម នាពេលកន្លងមកមានភាពស្របច្បាប់តែប៉ុណ្ណោះ។
សូមរំឭកថា អង្គការឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានថ្កោលទោសចេតនាក្នុងការកែរដ្ឋធម្មនុញ្ញមាត្រា ២ នេះ។ ប៉ុន្តែការថ្កោលទោសនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលច្រានចោល ដោយនិយាយថា ការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសនោះវាហាក់ដូចជាលឿនពេក ព្រោះរឿងនោះមិនទាន់ជាផ្លូវការនៅឡើយ៕