en     km
en     km

អានហ្វ្រែល៖ កម្ពុជាមិនទាន់ជាទីលានប្រកួតស្មើភាពចំពោះការបោះឆ្នោតឃុំសង្កាត់​ទេ(មានសំឡេង)

Share

ភ្នំពេញ ៖នៅថ្ងៃអង្គារនេះក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិប្រចាំតំបន់(Anfrel) បានអះអាងពីការវិវត្តជាវិជ្ជមាន នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា។

ប៉ុន្តែក្រុមអ្នកជំនាញការបោះឆ្នោតតំបន់អាស៊ីនេះបានរកឃើញភាពមិនប្រក្រតីមួយចំនួនដែលធ្វើឲ្យការបោះឆ្នោតមូលដ្ឋាននៅកម្ពុជាមិនមានលក្ខណៈស្មើភាពគ្នា។

 wmc-0606-pre


បីថ្ងៃក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរីហៅ កាត់ថា អានហ្វ្រែល(
Anfrel) បានទាញសេចក្តីសន្និដ្ឋានថាការបោះឆ្នោតអាណត្តិនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងអាចជួយ ជំរុញដំណើរការប្រជាធិបតេយ្យកម្ពុជាបាន។

ថ្លែងក្នុងសន្និសិទកាសែតក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះក្រុមអ្នកសង្កេតការអន្តរជាតិដែលមកពីប្រទេសឥណ្ឌូណេ ស៊ី ថៃ និងឥណ្ឌា កោតសរសើរបរិយាកាសល្អប្រសើរនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះដោយបានកោតសរ សើរការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែយ៉ាងណាក៏ដោយ អានហ្វ្រែល ដែលបាន បំពេញបេសកម្មសង្កេតការបោះឆ្នោតចាប់តាំងពីមុនដំណើរការឃោសនារកសំឡេងឆ្នោត បានកត់សម្គាល់ឃើញថា កម្ពុជា នៅមិនទាន់អាចសម្រេចបាននូវការប្រកួតប្រជែងមួយដោយស្មើភាពរវាងគណបក្សនយោបាយ។

ដោយសារនៅមានរូបភាពនៃការគំរាមកំហែងរបស់មន្រ្តីរដ្ឋាភិបាលមុនយុទ្ធនាការឃោសនា ការប្រើប្រាស់ធនធានរដ្ឋ សម្រាប់ការធ្វើយុទ្ធនាការ ការបំ ភិតបំភ័យគូបដិបក្ខនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងការទិញសន្លឹក ឆ្នោតដើម្បីគៀងគរការ គាំទ្រជា ដើម។

សកម្មភាពទាំងនេះសុទ្ធតែធ្វើឡើងដើម្បីរាំងស្ទះសុចរិតភាពក្នុងដំណើរការបោះឆ្នោត។នេះបើយោងតាមការវាយតម្លៃ របស់ ក្រុមអ្នកសង្កេតការណ៍ អានហ្វ្រែល។

លោក រ៉ូហាន ណា ប្រធានAnfrel និយាយថា គ.ជ.ប ត្រូវមានវិធានការណ៍ទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព និងអព្យាក្រឹត្យ នូវទង្វើ ឬសារគំរាមកំហែងគ្រប់រូបភាពរបស់មន្រ្តីទាំងនោះ។

លោក រ៉ូហាន ណា បន្តថា កម្ពុជាគួរមានបទបញ្ញាត្តិច្បាស់លាស់មួយដើម្បីទប់ស្កាត់ នូវសកម្មភាពទិញសន្លឹកឆ្នោតក្នុង យុទ្ធនាការឃោសនា ការទប់ស្កាត់សកម្មភាពដើរឃោសនារបស់មន្រ្តីរដ្ឋាភិបាលក្នុងពេលឃោសនា និង ការទប់ស្កាត់ការ ប្រើប្រាស់ធនធានរដ្ឋទៅឃោសនាឱ្យបបក្សនយោបាយជាដើម ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវដើរតួនាទីឱ្យមានអព្យាក្រឹត្យ ផងដែរ។

ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ នេះ អានហ្វ្រែល បានដាក់ពង្រាយអ្នកអង្កេតការបោះឆ្នោតចំនួន ១៥នាក់ ដែលរួមមានអ្នកវិភាគការបោះឆ្នោត ២ នាក់ និងអ្នកស្ម័គ្រចិត្តអង្កេតការណ៍ ២១នាក់នៅទូទាំងប្រទេសដើម្បីពិនិត្យ តាមដានយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោត។ បេសកម្មនេះធ្វើឡើងក្នុងខេត្ត១៣ អំឡុងពេលពិនិត្យតាមដានយុទ្ធនាការ ឃោសនា និងស្ថានីយ៍បោះឆ្នោត ១៥១ ក្នុងខេត្ត១៨ នៅថ្ងៃបោះឆ្នោត។

អង្គការតម្លាភាពកម្ពុជា និងបណ្តុំបន្ទប់ស្ថានការណ៍បោះឆ្នោតយល់ថា ការរកឃើញរបស់អានហ្វ្រេលនេះ គឺឆ្លុះបញ្ចាំងទិដ្ឋ ភាពជាក់ស្តែងនៅកម្ពុជា ពោលគឺប្រហាក់ប្រហែលនឹងទិន្នន័យដែលខ្លួនបានរកឃើញផងដែរ។

លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជានិយាយថា បរិយាកាសមុនការបោះឆ្នោតពិតជាមានមិនសូវល្អ ប្រសើរមែន បន្ទាប់ពីមានសារគំរាមកំហែងពីសង្គ្រាមរបស់មន្ត្រីមានអំណាច។ លោកបន្តថាអង្គការសង្គមស៊ីវិលធ្លាប់បាន លើកជាអនុសាសន៍ផងដែរ លើការបង្កើតវិធានការមួយចំនួនដើម្បីគ្រប់ គ្រងចំនូលចំណាយរបស់បក្សក្នុងការឃោសនាបោះ ឆ្នោតនេះផងដែរ។

«ភាគច្រើននៅប្រទេសប្រកាន់ប្រជាធិបតេយ្យគឺមានច្បាប់គ្រប់គ្រងថវិកាយុទ្ធនាការឃោសនាបោះឆ្នោត សូម្បីតែបោះពុម្ភ លិខិតប័ណ្ណហ្នឹងក៏គេកំណត់ទំហំដែរ»

វិទ្យុស្រ្តីមិនទាក់ទងលោកបណ្ឌិតហង្ស ពុទ្ធា ដើម្បីបកឆ្លើយតបទៅនឹងការរកឃើញរបស់ក្រុមសង្គមស៊ីវិលនិងអ្នកសង្កេតការណ៍អន្តរជាតិខាងលើនេះទេ នៅថ្ងៃនេះ៕

 

Share

Image
Image
Image