en     km
en     km

ពលរដ្ឋ​បង្ហាញ​ការ​បំពេញ​កាតព្វកិច្ច​ទៅ​បោះ​ឆ្នោត​(មានសំឡេង)

Share

ភ្នំពេញ៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ បានបើកទ្វារជូនប្រជាពលរដ្ឋចូលបោះឆ្នោតចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង៣រសៀល នាថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ។ ក្នុងដំណើរការបោះឆ្នោតនេះ លោក រស់ គង់ បានចុះសង្កេតការណ៍និងផ្ដិតយកទិដ្ឋភាពទូទៅទាក់ទងនឹងដំណើរការបោះឆ្នោតនេះ នៅតាមបណ្ដាមណ្ឌលបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ជូនប្រិយមិត្តស្ដាប់ដូចតទៅ ៖

peolple

ម៉ោងប្រមាណ៦ព្រឹក មណ្ឌលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤បានបើកទ្វាររបងអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលក្នុងមណ្ឌលបោះឆ្នោត ដើម្បីពិនិត្យឈ្មោះ និងត្រៀមដំណើរការបោះឆ្នោតនៅម៉ោង៧។ ពេលនោះ ប្រជាពលរដ្ឋប្រុសស្រីចាស់ក្មេង ខ្លះដើរជាក្រុម ខ្លះជិះម៉ូតូ មួយចំនួនជិះឡាន បានធ្វើដំណើរចូលក្នុងមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ទន្ទឹមពេលដែលមន្ត្រីគណៈកម្មាធិការសង្កាត់រៀបចំការបោះឆ្នោត កំពុងត្រៀមរៀបចំឲ្យដំណើរការបោះឆ្នោតអាចប្រព្រឹត្តទៅនៅម៉ោង៧ ប្រជាពលរដ្ឋក៏បានចូលទៅក្នុងមណ្ឌលកាន់តែច្រើនឡើង។

អ្នកខ្លះជុំគ្នាជជែកពីនេះពីនោះ ខ្លះជជែកពីប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ខ្លះមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជី ដែលគណៈកម្មាធិការសង្កាត់បានបិទនៅលើក្ដារខៀន នៅមុខការិយាល័យនីមួយៗនោះ។ ម៉ោងប្រមាណ៦.៤០នាទី វត្តមានប្រជាពលរដ្ឋក៏កាន់តែច្រើនដែរ ។

ប្រជាពលរដ្ឋដែលបានពិនិត្យដឹងលេខការិយាល័យ លេខរៀងរបស់ខ្លួនហើយ ក៏ចូលជួរជាបន្តបន្ទាប់មុខការិយាល័យបោះឆ្នោត ត្រៀមចូលបោះឆ្នោតតាមការអនុញ្ញាតពីមន្ត្រីរៀបចំការបោះឆ្នោតនៅការិយាល័យនីមួយៗនោះ។ មានការិយាល័យបោះឆ្នោតមួយក្នុងចំណោម១៦ នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស បានបើកទ្វារឲ្យពលរដ្ឋចូលបោះឆ្នោតមុនគេ។ ស្ត្រីវ័យ៣៧ឆ្នាំម្នាក់ ដឹកដៃកូនបណ្ដើរ សុំមិនបង្ហាញអត្តសញ្ញាណ បានលើកចង្អុលដៃជ្រលក់ទឹកថ្នាំពណ៌ខ្មៅ បង្ហាញអ្នកស្គាល់គ្នា ហើយថា គាត់បោះឆ្នោតរួចហើយ…។

ទន្ទឹមគ្នានេះដែរ កងកម្លាំងនគរបាលក៏កំពុងមមាញឹកយាមកាម និងសម្រួលសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ រីឯមន្ត្រីគណៈកម្មាធិការសង្កាត់រៀបចំការបោះឆ្នោត ក៏សស្រាក់សស្រាំ ណែនាំពលរដ្ឋក្នុងការពិនិត្យឈ្មោះ ខ្លះជួយរកឈ្មោះប្រជាពលរដ្ឋ ខ្លះជួយសម្រួលរាល់ចម្ងល់ផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងមណ្ឌលបោះឆ្នោត ពិសេសអ្នករកឃើញឈ្មោះរបស់ខ្លួនរួចហើយ និងអ្នកបានបោះឆ្នោតរួចរាល់ សុទ្ធសឹងបង្ហាញនូវអារម្មណ៍សប្បាយរីករាយក្នុងដំណើរការបោះឆ្នោតនេះ។

ម៉ោង៧.៣០នាទីព្រឹក លោក យឹម មឿន មុខរបររត់រ៉ឺម៉ក ពាក់អាវដៃខ្លីសមរម្យ ដែលបានបោះឆ្នោតរួចហើយ នៅឡើយមិនទាន់ត្រលប់ទៅផ្ទះវិញទេ គឺគាត់កំពុងផ្ទៀងបញ្ជីឈ្មោះប្រជាពលរដ្ឋ ដើម្បីរកឈ្មោះប្រពន្ធរបស់គាត់ដែលរកមិនទាន់ឃើញ។

អង្គុយលើកៅអីវែង សម្បុរ-ស ធាត់ ស្ត្រីវ័យជិត៧០ឆ្នាំ គឺអ៊ំស្រី ដួង លក្ខិណា។ គាត់ត្រូវបានមន្ត្រីរៀបចំការបោះឆ្នោតផ្ដល់អាទិភាពចូលបោះឆ្នោត ដោយមិនបាច់ចូលតម្រង់ជួរដូចពលរដ្ឋទូទៅ។ ការអង្គុយនៅក្រោមម្លប់ឈើនេះ គឺដោយសាររង់ចាំសមាជិកគ្រួសាររបស់គាត់៨នាក់ផ្សេងទៀត នៅមិនទាន់បោះឆ្នោតហើយ ។ អ៊ំស្រីមានប្រសាសន៍ថា ការបោះឆ្នោតលើកនេះហាក់មានភាពងាយស្រួលជាងអាណត្តិមុនៗ ដោយសារអ៊ំទទួលបាន ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ងាយរកឈ្មោះ និងលេខការិយាល័យ ពិសេសមានរូបថត។

សម្បុរ-ស ពាក់មួករឹបត្រចៀក ដណ្ដប់កន្សែងពោះគោពីក្រោយព័ទ្ធមកខាងមុខ គឺអ្នកស្រី ឡេង ចិន វ័យ ៣៤ឆ្នាំ ។ អ្នកស្រីអះអាងថា មន្ត្រីរៀបចំការបោះឆ្នោតបានផ្ដល់អាទិភាពជូនគាត់។ និយាយដល់ចំណុចនេះ អ្នកស្រីបង្ហើបកន្សែង បង្ហាញកូនស្រីដែលទើបមានអាយុ២ខែក្នុងដៃ ។ អ្នកស្រីអះអាងថា ទោះនៅសរសៃខ្ចី តែអ្នកស្រីត្រូវតែបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ គឺត្រូវជ្រើសរើសអ្នកតំណាងដែលខ្លួនពេញចិត្ត ដោយមិនខ្លាចការគំរាមកំហែងណាមួយឡើយ។

សុំមិនបង្ហាញឈ្មោះ បុរស់វ័យប្រមាណ៥០ឆ្នាំ ដឹកដៃភរិយា និងចៅស្រីម្នាក់ និយាយថា គាត់រីករាយដែលបានចូលរួមបោះឆ្នោត ហើយគាត់នឹងត្រលប់មកតាមដានការប្រកាសលទ្ធផលឆ្នោតនៅក្រោយម៉ោងបី ។

នៅឯសាលាបឋមសិក្សាវត្តចម្ប៉ា សង្កាត់ក្បាលកោះ មានពលរដ្ឋជាច្រើនខ្លះអង្គុយលើម៉ូតូ ខ្លះឈរ ជជែកគ្នាពីនេះពីនោះទាក់ទងនឹងការបោះឆ្នោត ។

ស្ត្រីមា្នក់ពាក់អាវដៃវែង ពាក់មួក និយាយថា គាត់បោះឆ្នោតរួចហើយ តែគាត់ទើបត្រលប់មកដល់មណ្ឌលបោះឆ្នោតជាថ្មីបន្ទាប់ពីនាំបងប្រុសរបស់គាត់ដែលពិការភ្នែកទាំងគូត្រលប់ទៅផ្ទះវិញ ក្រោយបោះឆ្នោតរួច។ ការត្រលប់មកវិញនេះ អ្នកស្រីថា ចូលរួមតាមដានដំណើរការបោះឆ្នោតជាមួយប្រជាពលរដ្ឋផ្សេងទៀត ក្រែងមានជនអន្តោប្រវេសន៍មកបន្លំបោះឆ្នោតដូចអាណត្តិមុនៗ។

លោក យូ ភីរុណ ប្រធានមណ្ឌលបោះឆ្នោត នៅសាលាបឋមសិក្សាច្បារអំពៅ សង្កាត់ច្បារអំពៅ២ មានប្រសាសន៍ថា ពលរដ្ឋចូលរួមបោះឆ្នោតយ៉ាងកុះករ ហើយមានអារម្មណ៍សប្បាយរីករាយ ដោយមិនមានការភ័យខ្លាច។ ពិសេស គឺបានការជួយយាមកាម រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ពីនគរបាលមានសមត្ថកិច្ចផងដែរ។

លោក ជាង ពុំ អ្នកសង្កេតការណ៍របស់គណៈកម្មាធិការឃ្លាំមើលការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ខុមហ្វ្រែល ដែលសង្កេតការណ៍នៅ ក្នុងមណ្ឌលបោះឆ្នោត សាលាបឋមសិក្សាវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក មានប្រសាសន៍ថា ក្នុងដំណើរការបោះឆ្នោតរហូតមកដល់ម៉ោងជិត៣រសៀល មានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះដែលអវត្តមានមិនឃើញមកបោះឆ្នោត។ ទន្ទឹមនេះ ក៏មិនសូវមានបញ្ហា ឬបាតុភាពមិនប្រក្រតីកើតឡើងទេ។ ប៉ុន្តែមានករណីតិចតួច ដែលពលរដ្ឋបានយកអត្តសញ្ញាណប័ណ្ណថតចម្លងមកសុំបោះឆ្នោត តែត្រូវបានមន្ត្រីរៀបចំការបោះឆ្នោតបដិសេធន៍សំណើសុំចូលបោះឆ្នោត៕

Share

Image
Image
Image