ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជាទទួលស្គាល់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យទី ៤ មិថុនា បានប្រព្រឹត្តទៅល្អប្រសើរច្រើន បើធៀបនឹងការបោះឆ្នោតកាលពីអាណត្តិមុន។
អង្គកានេះបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន ១ពាន់ ៨៥នាក់ ទៅតាមការិយាល័យបោះឆ្នោត ចំនួន ៤១១ ការិយាល័យទូទាំង ២៥ខេត្ត និងរាជធានីដែលជាតំណាងនៃសំណាកត្រូវបានជ្រើសរើសតាមវិធីសាស្ដ្រស្ថិតិសម្រាប់សង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្ដ្រសិ្ថតិ Sample Based Observation (SBO) ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការនេះឱ្យដឹងខ្លួនទៀតថា បានដាក់អ្នកសង្កេតការណ៍ចំនួន ២០០នាក់ទៀត នៅការិយាល័យបោះឆ្នោតចំនួន ១០០ការិយាល័យ ក្នុងឃុំ-សង្កាត់ ចំនួនបី នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។
ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្ដ្រស្ថិតិ គឺជា ជារួមដំណើរការនៃការបោះឆ្នោតថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា ឬការបំភិតបំភ័យធំដុំឡើយ ហើយមន្ដ្រីការិយាល័យបោះឆ្នោតបានគោរពតាមបទបញ្ជា និងនីតិវិធីយ៉ាងខ្ជាប់ខ្ជួន ។ តែយ៉ាងណាក្នុងនោះអង្គការតម្លាភាពកម្ពុជាបានកត់សម្គាល់ឃើញនូវភាពមិនប្រក្រតីចំនួន ពីរ៖
គឺ ទីមួយ. ទាក់ទងនឹងវត្តមានអ្នកដែលមិនត្រូវបានអនុញ្ញាត្តក្នុងបរិវេណការិយាល័យបោះឆ្នោត (មេភូមិ និងបេក្ខជន)។ ទីពីរ. អ្នកដែលបានចុះឈ្មោះបោះឆ្នោតមួយចំនួន មិនឃើញឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្ដែ តាមអង្គការតម្លភាពកម្ពុជាភាពមិនប្រក្រតីទាំងនេះ ពុំបានកើតឡើងក្នុងទ្រង់ទ្រាយធំនោះឡើយ។
ជាមួយគ្នាតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការតម្លាភាព គឺ តម្លាភាពកម្ពុជានឹងបន្ដសង្កេតការណ៍លើដំណើរការរាប់សន្លឹកឆ្នោត និងផ្ដល់របាយការណ៍បន្ថែមទៀតនៅក្រោយសន្និសីទរបស់ខ្លួននៅថ្ងៃនេះ ៕