en     km
en     km

​ថ្ងៃ​ទី​ ​១ ​​កូន​​ចូល​​​ប្រឡង​​បាក់​​ឌុបមា្តយ​​​ឪពុក​​​​ភ័យ​​ជំនួស​​

Share

ភំ្នពេញ​៖​ ស្រប​ពេល​ដែល​ដំណើរ​ការ​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​​សិស្ស​ទុតិ​យ​ភូមិ ​ឬ​ហៅ​ថា​បាក់ឌុប​ កំពុង​ប្រព្រឹត្ត​ទៅនាថ្ងៃទី​ ២៤ ​ខែ​សីហា​ ឆ្នាំ​២០១៥​ គេ​សង្កេត​ឃើញ​ថា​នៅ​ ​មណ្ឌល​ប្រឡង​នីមួយ​ៗ ​មាន​សភាព​ស្ងប​ស្ងាត់​គួរ​ឲ្យ​កត់​សម្គាល់​។ ​​ដោយ​ឡែក​ ទិដ្ឋ​ភាព​នៅ​ខាង​ក្រៅ​អាគារ​នៃ​មណ្ឌល​ប្រឡង​វិញ​ មាន​ម្តាយ​ឪពុក​ អា​ណា​ព្យា​បាល​ បង​ប្អូន​របស់​សិស្ស​ជា​ច្រើន​​នាក់​ ខ្លះ​ឈរ ​ខ្លះ​អង្គុយ​ កំពុង​រង​ចាំ​កូន​ចៅ​និង​សាច់​ញាតិ​របស់​ខ្លួន​ចេញ​ពី​មណ្ឌល​ប្រឡង ​ដោយ​ម្នាក់​ក្នុង​ចិត្ត​ហាក់​ដូច​រសាប់​រសល់​ភ័យ​អរ​ជំនួស​បេក្ខ​ជន​។​ ពួក​គាត់​​បាន​លើក​ឡើង​ស្រដៀង​ៗ​គ្នា​ថា​ ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ ​មាន​សភាព​ស្ងាត់​ល្អ​ ប៉ុន្តែ​ក្នុង​ចិត្ត​ពុំ​ស្ងប់​សុខ​សោះ​ ព្រោះ​តែ​ការ​ប្រឡង​តឹង​រ៉ឹង​ និង​មិន​មាន​ការ​ប្រឡង​លើក​ទី ២ ​ដូច​ឆ្នាំ​កន្លង​ទៅ​។​

BacIIកំពុង​អង្គុយ​លើ​ម៉ូតូ​ម៉ាក​ឌ្រីម​សង់​ពណ៌​ខ្មៅ ​អ្នក​ស្រី ​ជា ​ចាន់​ធូ​ ជា​អាណា​ព្យា​បាល​សិស្ស​ម្នាក់​ប្រឡង​នៅ​មណ្ឌល​សន្ធរ​ម៉ុក​ មក​ពី​ខ​ណ្ឌ​សែន​សុខ ​បាន​លើក​ឡើង​ថា​៖ «​មិន​យ៉ាង​​ម៉េច​ទេ ​អារម្មណ៍​ចេះ​តែ​ភ័យ​អរ​ៗ​…​ ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង​របស់​ក្រសួង​​អប់​រំ​ក្នុង​ការ​ប្រឡង​ទី​ ១២ ​នៅ​ឆ្នាំ​នេះ​ ប៉ុន្តែ​ការ​អនុវត្តន៍​របស់​ក្រសួង​អប់​រំ​ហាក់​ដូច​ជា​ប្រញាប់​ប្រញាល់​ពេក​។​ ការ​ប្រឡង​នេះ ​មិន​អាច​ឱ្យ​សិស្ស​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​បាន​ឡើយ​ ហើយ​ក្រសួង​គួរ​ណាស់​តែ​រឹត​បន្តឹង​ពី​ថ្នាក់​ទាប​ៗ​សិន​បាន​ល្អ​… ​ភ័យ​ខ្លាច​កូន​ធ្លាក់​ដែរ ​ចេះ​តែ​មក​លើក​ទឹក​ចិត្ត​កូន​ទៅ ​កុំ​កូន​ឱ្យ​ភ័យ​»​។​

​មាន​អាយុ​ ៥៣​ ​ឆ្នាំ ​មក​ពី​តំបន់​ផ្លូវ​ទំនប់​កប់​ស្រូវ ​សង្កាត់​គោក​រកា ​ខណ្ឌ​​ដង្កោ ​អ្នកស្រី​ សុខ​ បាន​និយាយ​ទាំង​ភ័យ​ផង​អរ​ផង​ថា​ ការ​ប្រឡង​ឆ្នាំ​នេះ​ អ្នក​ស្រី​ភ័យ​អរ​ជំនួស​កូន​យ៉ាង​ខ្លាំង​ ព្រោះ​ការ​ប្រឡង​តឹង​តែង​ជាង​ឆ្នាំ​មុន​ៗ​ ហើយ​សូម្បី​តែ​ការ​ប្រឡង​លើក​ទី​ ២​ ​ឡើង​​វិញ​​ក៏​គ្មាន​​។​ ​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ មុន​នឹង​មក​ប្រឡង​នេះ​ អ្នក​ស្រី​បាន​ខិត​ខំ​បន់​ស្រន់​សុំ​ឱ្យ​កូន​អាច​ធ្វើ​បាន​គ្រប់​វិញ្ញា​សារ​​ ទោះ​ជា​ស្ថិត​នៅ​ក្នុង​ជំនឿ​អរូ​បី​ក៏​ដោយ​ ក៏​នៅ​តែ​ព្យាយាម​ធ្វើ​វា​ឱ្យ​អស់​ចិត្ត​ដែរ​។​

​​«​ឆ្នាំ​នេះ​វា​ខុស​ប្លែក​ជាង​ឆ្នាំ​កន្លង​ទៅ​ ឥឡូវ​តឹង​តែង​ស្ងប់​ស្ងាត់​ណាស់​មិន​ដឹង​យ៉ាង​ម៉េច​ទេ​អ្នក​ប្រឡង​… ​ទឹក​ចិត្ត​ម៉ែ​ឪ​រឿង​បារម្ភ​វា​បារម្ភ​ហើយ​សម្រាប់​កូន​ ប៉ុន្តែ​មិន​​ដឹង​ធ្វើ​ម៉េច​មានពឹង​លើ​ចំណេះ​របស់​កូន​… ​បើ​ធ្វើ​ត្រូវ​ទៅ​ជាប់​ ហើយ​បើ​ធ្លាក់​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ​ ឮ​ថា​អត់​ឆ្នាំ​មុន​ប្រឡង​ឡើង​វិញ​ផង​។ ​កន្លង​ទៅ​ ​ខ្ញុំ​ធ្លាប់​ជូន​កូន​មក​​ប្រឡង​ពីរ​ដង​ដែ​រ​ តែ​ដូច​ជា​អ៊ូ​អរ​ជាង​នេះ​មិន​សូវ​ភ័យ​ ដល់​ពេល​នេះ​ភ័យ​ដែ​រហ្នឹង​…​»​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ សា​រឿន​ អា​ណា​ព្យា​បាល​សិស្ស​មាន​ទីលំ​នៅ​សង្កាត់​ចោម​ចៅ​ កំពុង​អង្គុយ​សម្លឹង​មើល​ទៅ​កាន់​មាត់​ទ្វា​ចេញ​ចូល​វិទ្យា​ល័យ​សន្ធរ​ម៉ុក​។​

មិន​ខុស​ពី​ឪពុក​ម្តាយ​ និង​អា​ណា​ព្យា​បាល​សិស្ស​ខាង​ លោក ​លី ​ស៊ា ​មាន​កូន​ប្រុស​ប្រឡង​នៅ​ថ្ងៃ​នេះ​ម្នាក់​ដែរ​នោះ​ បាន​លើក​ឡើង​ថា ​ក្រសួង​អប់រំ​ធ្វើ​បែប​នេះ​ពិត​ជា​ល្អ ​ប៉ុន្តែ​លោក​សង្ឃឹម​តិច​ណាស់​ចំពោះ​លទ្ធ​ផល​កូន ​ព្រោះ​កូន​បាន​ប្រាប់​ថា​រូប​គេ​មិន​សូវ​មាន​សង្ឃឹម​សោះ​ចំពោះ​ការ​ប្រឡង​។ លោក​បាន​បន្ថែមថា​ អ្វី​ដែល​ខ្ញុំ​ជា​ឪពុក​អាច​ជួយ​គេ​បាន ​គឺ​បាន​ត្រឹម​តែ​មក​លើក​ទឹក​ចិត្ត ​និង​ប្រាប់​ទៅ​កាន់​កូន​ឱ្យ​ប្រឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថ​ភាព​តែ​ប៉ុណ្ណោះ​។​

អ្នកចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងបាក់ឌុបរបស់អង្គភាពប្រឆាំងអំពើពុករលួយ យុវជន​ រង្សី បានឱ្យដឹងថា​៖ «​តាម​ខ្ញុំ​ដឹង​ការ​ប្រឡ​ង​នេះ ប្រសិន​បើ​បេក្ខ​ជន​មាន​កា​រ​បើក​សំ​ណៅ​ឯក​សារ​មើល​អ៊ី​ចឹង​ ឬ​មិន​ឱ្យទូរ​ស័ព្ទ​ទៅ​គ្រូ​អនុ​រក្ស​រក្សា​ទុក​ បេក្ខ​ជន​នោះ​អាច​ធ្លាក់​​។ ឆ្នាំ​​នេះ​ហាក់​ស្ងាត់​ល្អ​ សម្រាប់​ខ្ញុំ ​ខ្ញុំ​មាន​សិទ្ធិ​ត្រឹម​មើល​បេក្ខ​ជន​ទាំង​អស់ ​នឹង​ប្រាប់​ទៅ​កាន់​គ្រូ​អនុ​រក្ស ​ប៉ុន្តែ​មិន​អាច​ចាប់​បាន​នោះ​ទេ ​ទាល់​តែ​មាន​ភស្តុ​តាង​ពិត​ប្រាកដ​ទើប​ចាប់​បាន​​។

​នា​ព្រឹក​​ថ្ងៃ​​ទី​ ២៤ ​ខែ​សីហា ​ឆ្នាំ ​២០១៥ ​នេះ​ដែរ​ លោក​ ហង់​ ជួន ​ណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវ​ជន​និង​កីឡា​ បន្ទាប់​ពី​ការ​ចូល​រួម​បើក​វិញ្ញា​សារ​និង​ពិនិត្យ​ដំណើរ​ការ​ទូទៅ​នៃ​ការ​ប្រឡង​នៅ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ​ ​រួច​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​បណ្ដារ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ពី​ទិដ្ឋ​ភាព​ទូទៅ​នៃ​ដំណើរ​ប្រឡង​នា​ព្រឹក​ថ្ងៃ​ទី ​១ ​នេះ​ថា​ចំណុច​បួន​សំខាន់ៗ ​​នៃ​​ការ​កត់​សម្គាល់​ក្នុង​ការ​ប្រឡង​បាក់​ឌុប​ក្នុង​ឆ្នាំ​នេះ​៖ ​
១. ​មាន​ការ​វិវត្តន៍​មួយ​​ជំហាន​ទៀត​ ដោយ​បេក្ខ​ជន​មក​ដល់​មណ្ឌល​ប្រឡង​មុន​ម៉ោង​ ពុំ​មាន​នាំ​យក​ទូរសព្ទ ​សៀវ​ភៅ​ ឬ​សំ​ណៅ​វិញ្ញាសារ​ជាប់​ខ្លួន​។ ​​​
២.​​ សិស្សា​​នុ​សិស្ស​ដើរ​ចូល​ក្នុង​បន្ទប់​ប្រឡង​ ដោយ​មាន​ភាព​ស្វា​​ហាប់​ និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​។​
៣. ​ជុំ​វិញ​មណ្ឌល​ប្រឡង​មាន​ភា​ព​ស្ងប់​ស្ងាត់​ ដោយ​ពុំ​មាន​ការ​លក់​សៀវ​ភៅ​ ឬ​សំណៅ​វិញ្ញាសារ​ផ្សេង​ៗ​។
៤.​ មាន​​ការ​​សហ​ការ​ល្អ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​។​

គួ​រ​រម្លឹក​ថា​ ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យ​ភូមិ​ឆ្នាំ​នេះ​ ក្រសួង​អប់រំ​បាន​ឱ្យ​ដឹង​ថា​ មិន​មាន​ការ​រៀប​ចំ​ប្រឡង​លើក​ទី ​២ ​សម្រាប់​បេក្ខ​ជន​ដែល​ធ្លាក់​ឡើយ​។ ​ឆ្នាំ​សិក្សា ​២០១៣ ​- ​២០១៤ ​កន្លង​ទៅ​ ក្រសួង​អប់រំ​យុវ​ជន​និង​កីឡា​ បាន​រៀប​ចំ​ការ​ប្រឡង​បាក់​ឌុប​លើក​ទី ​២ ​ក្រោម​ហេតុ​ផលការ​ប្រឡង​មាន​ការ​រឹត​បន្តឹង​លើក​ទី ​១ ​មាន​បេក្ខ​ជន​ធ្លាក់​ច្រើន​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង