ក្នុងសប្ដាហ៍នេះ នាយករដ្ឋមន្ដ្រីវៀតណាមង្វៀន ជួន ផុក បានទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់ប្រធានាធិបតីដូណាត្រាំ។តែដំណើរទស្សនកិច្ចរបស់មេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាននេះគឺជាលើកដំបូងហើយដែលអង្គុយពិភាក្សាគ្នាផ្ទាល់ជាមួយមេដឹកនាំវៀតណាមនៅការិយាលទ័យពងក្រពើក្នុងសេតវិមានដែលកម្រមេដឹកនាំប្រទេសណាខ្លះមានឱកាសដូចនេះ។ដំណើរទស្សនកិច្ចនេះ ផ្ដើមអោយមានការវិភាគមួយថាតើអាមេរិកសំឡឹងមើលវៀតណាមពេលនេះចង់បានអ្វីពីសមាគមន៍អាស៊ាន? លោក សេរី វឌ្ឍនៈ ជូនសេចក្ដីប្រែសម្រួល៖
លោក ង្វៀន ស៊ុន ផុក នាយករដ្ឋមន្រ្ដីវៀតណាម (ខាងឆ្វេង) និងលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក (ស្ដាំ) ។ រូបភាពពី Thai TheNation
ទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីវៀតណាមដែលគចាត់ទុកថាជាទំនាក់ទំនងប្រវត្តិសាស្ដ្រជាមួយអាមេរិកនោះផ្ដោតសំខាន់លើបញ្ហាពាណិជ្ជកម្ម បញ្ហាគោលនយោបាយការបរទេសអាមេរិកជាមួយវៀតណាម តែរបៀបវារៈគេមិនភ្លេចទេ គឺ បញ្ហាសមុទ្រចិនខាងត្បូង។របៀបវារៈបីដ៏សំខាន់នេះហើយដែលលោកដូណាត្រាំសំរេចចិត្តហៅលោកង្វៀនជួនភុងទៅទស្សនកិច្ចនៅសេតវិមានមុនមេដឹកនាំសមាជិកអាស៊ានដទៃទៀត។
ហេតុអ្វីបានជាសហរដ្ឋអាមេរិកបង្ហាញជំហរទៅប្រទេសវៀតណាមដូចនេះ?
បើនិយាយពីទំនាក់ទំនងអាមេរិក និងវៀតណាម គឺទើបតែចាប់ផ្ដើមឡើងវិញនៅដើមទសវត្ស ១៩៩០ នៅពេលដែលសង្គ្រាមត្រជាក់បានបញ្ចប់។
ទំនាក់ទំនងឡើងវិញនេះ បាននាំអោយអតីតគូសត្រូវនឹងគ្នាមើលមុខគ្នា ហើយចាប់ផ្ដើមកសាងភាពស្និទ្ធស្នាលនឹងគ្នាឡើងវិញដោយបំភ្លេចរឿងអតីតកាលដ៏ល្វីងជូរចត់នឹងគ្នាដែលប្រទេសពីរនេះ ធ្លាប់ប្រយុទ្ធហុតឈាមនឹងគ្នាបណ្ដាលអោយប្រជាជនវៀតណាមស្លាប់រាប់សែននាក់ក្នុងសង្គ្រាមអាមេរិក-វៀតណាម ដើមទសវត្ស ១៩៧០។
ការបើកទំនាក់ទំនងឡើងវិញនេះហើយ ក៏ផ្ដើមអោយមេដឹកនាំអាមេរិកមកធ្វើទស្សនកិច្ចនៅវៀតណាម។ លោក អូបាម៉ា និងលោក ច្សច ប៊ូស រួមទាំងលោក ប៊ីល គ្លីនតុន បានមកធ្វើទស្សនកិច្ចនៅវៀតណាម។
តាមរយៈទស្សនកិច្ចនេះ រឹតតែធ្វើអោយប្រទេសអតីតគូសត្រូវនឹងគ្នាកាន់តែស្គាល់ចិត្តស្គាល់ថ្លើមគ្នាថែមទៀត។ ដូចនេះហើយលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីថ្មីជំនាន់ក្រោយមិនបានបោះបង់ចោល ឬបន្ថយទំនាក់ទំនងជាមួយវៀតណាមនោះទេថែមទាំងបន្ដពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំថែមទៀត។
លោក ង្វៀន ជួនផុក ដែលបានអង្គុយក្នុងការិយាល័យនៃសេតវិមាន ជាមោទនភាពរបស់ប្រទេសសាធារណរដ្ឋសង្គមនិយមមួយនេះនៅអាស៊ីអាគ្នេយ៍ គឺជា មោទនភាពនេះហើយមើលទៅធ្វើអោយវៀតណាមមានឥទ្ធិពលកាន់តែខ្លាំងក្នុងតំបន់។ឥទ្ធិពលនេះមិនត្រឹមតែការពង្រីកពាណិជ្ជកម្មឡើងដល់កម្រឹតខ្ពស់បំផុតនោះទេ ថែមទាំងធ្វើអោយវៀតណាមមានឥទ្ធិពលផ្នែកកងទ័ពក្នុងតំបន់ទៀតផង។
ក្នុងកិច្ចពិភាក្សាជាមួយ លោក ត្រាំ កាលពីថ្ងៃទី ៣១ ខែ ឧសភា លោក ត្រាំបានសន្យានៅចំពោះមុខដៃគូពិភាក្សារបស់លោកដោយជួយវៀតណាមក្នុងការការពារសន្ដិសុខដែនទឹករបស់វៀតណាមទៀតផង។
អាមេរិកបានភ្ជាប់រឿងនេះ ដោយចង់អោយវៀតណាមក្លាយជាប្រទេសមួយហ៊ានប្រឈមជាមួយនឹងប្រទេសចិនក្នុងជំលោះដែនទឹកសមុទ្រចិនខាងត្បូងដែលវៀតណាមអះអាងថា ចិនកំពុងច្បាមយកកោះមួយចំនួនរបស់ខ្លួននៅតំបន់នោះ គឺ នៅប្រជុំ កោះប៉ារ៉ាសែល និងស្ព្រាតលី។ប៉ុន្ដែមុន និងអាមេរិកសន្យាដូចនេះ គឺ ចំពេលដែលវៀតណាមស្វះស្វែងរកជំនួយខ្លះៗពីអាមេរិកដើម្បីការពារដែនទឹករបស់ខ្លួន។
មុន លោក ង្វៀន ជួន ផុក ទៅសេតវិមាន គឺ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយនាវាល្បាតសមុទ្រមួយគ្រឿងទៅអោយវៀតណាម។
តែយ៉ាងណាក៏ដោយ គេអាចគិតថា អាមេរិកទេដែលចង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើតំបន់អាស៊ីអាគ្នេយ៍តាមរយៈប្រទេស វៀតណាម ខណៈអាមេរិក កាលពីអំឡុងការគ្រប់គ្រងដោយប្រធានាធិបតី អូបាម៉ា ហាក់ពុំសូវមានឥទ្ធិពលលើតំបន់អាស៊ាននោះទេស្របពេលចិនមានឥទ្ធិពលកាន់តែខ្លាំង ព្រោះប្រទេសខ្លះ ក្នុងសមាគមន៍អាស៊ាន មានបញ្ហាតានតឹងជាមួយអាមេរិកដូចជាប្រទេសកម្ពុជា និងហ្វីលីពីន ជាដើម។ សម្រាប់ លោក ដូណាល់ត្រាំ ដែលក្នុងឋានៈជាប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ទំនងមិនបណ្តោយឲ្យប្រទេសណាដែលធ្លាប់អាមេរិកមានឥទ្ធិពលលើ ចុះថយភាពស្និទស្នាលនោះទេ។
តាមរយៈទស្សនកិច្ចរបស់លោក ង្វៀន ជួនផុកនេះ គេអាចគិតថា លោកត្រាំ មិនត្រឹមតែប្រើប្រាស់ភាពស្និទស្នាលរបស់អាមេរិកជាមួយវៀតណាម អំពីពាណិជ្ជកម្មទ្វេភាគីនោះទេ តែលោកត្រាំ ក៏ដើរតាមការតម្រូរបស់មេដឹកនាំមុន ដោយចាប់យកវៀតណាមធ្វើជាកូននាគរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ មានន័យថា អាមេរិក ក៏ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទាំងកងទ័ព និងបញ្ហា នយោបាយផងដែរ។
ទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា លោក ង្វៀន ជុងផុក ត្រឡប់មកវិញ គឺ ស្ពាយទាំងកិត្តិយស មោទនភាព និងឥទ្ធិពលអាមេរិកមកជាមួយផងដែរ ៕