en     km
en     km

នាយករដ្ឋមន្រ្តី៖ ​គណបក្ស​ប្រជាជននឹងឈ្នះក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់

Share

ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំការឃោសនានយោបាយសម្រាប់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រនេះ ដែលជាថ្ងៃបិទបញ្ចប់ការឃោសនាស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ក្នុងការឃោសនានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតនេះ។

សម្តេច ហ៊ុន សែន ដឹកនំាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ។ ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន។
សម្តេច ហ៊ុន សែន ដឹកនំាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ នៅថ្ងៃទី ២ មិថុនានេះ។ ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន។

គឺជាលើកទី១ហើយក្នុងរយៈពេល២៤ឆ្នាំក្រោយពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញដឹកនាំការឃោសនាបោះឆ្នោតដោយផ្ទាល់។
និយាយទៅកាន់អ្នកគាំទ្ររាប់ម៉ឺននាក់ នៅផ្លូវ៦០ម៉ែត្រ ជាយទីក្រុងភ្នំពេញ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា សង្ឃឹមយ៉ាងមាំថាគណបក្សរបស់សម្តេចនឹងឈ្នះឆ្នោតភាគច្រើននៃក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ខែមិថុនានេះ។ មានគណបក្សចំនួន១២ចូលរួមក្នុងការប្រកួតនេះ។

ចាប់តាំងពីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួនប្រាំអាណត្តិនិងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួនបីអាណត្តិមកហើយ។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីអាណត្តិមុន គណបក្សប្រជាជនកម្ពុជាទទួលបានអសនៈក្រុមប្រឹក្សាឃុំសង្កាត់មកគ្រប់គ្រងចំនួន១៥៩២។រីឯគណបក្សសម រង្ស៊ី របស់លោកសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា ទទួលបានអសនៈសរុបចំនួន៤០។

ហើយក្រោយមកទៀតគណបក្សប្រឆាំងទាំងពីរបានច្របាច់បញ្ចូលគ្នានិងបង្កើតបានជាគណបក្សសង្គ្រោះជាតិ។

បច្ចុប្បន្នអសនៈក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបង្កើនដល់ចំនួន១៦៤៦ ឃុំសង្កាត់។

សម្តេចហ៊ុន សែន បានឈរថ្លែងពីលើវេទិកាដោយពាក់អាវផ្ទៃមេឃមានសញ្ញាទេវតា និងបានអំពាវនាវឲ្យសមាជិកគណបក្សប្រជាជនប្រមាណ៥លាននាក់ឲ្យប្រាប់សមាជិកគ្រួសាររបស់ខ្លួនឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

«យើងត្រូវប្រែក្លាយ ដោយមោទនភាពថាសមាជិកបោះម្នាក់គឺសន្លឹកឆ្នោតមួយសន្លឹកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»។

ជាមួយគ្នានេះសម្តេច ហ៊ុន សែន  ក៏បានអំពាវនាវឲ្យសមាជិកគណបក្សនយោបាយទំាងអស់ត្រូវទទួលស្គាល់លទ្ធិផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នំា ២០១៧នេះ។

សូមបញ្ជាក់ថាគណបក្សសង្គ្រោះជាតិក៏ធ្លាប់បានអះអាងថាខ្លួននឹងឈ្នះលើសលុប ក្នុងការបោះឆ្នោតអាណត្តិនេះ៕

Share

Image
Image
Image