en     km
en     km

យុវជន​កម្ពុ​ជាមួយ​ក្រុម​ឈ្នះ​ការ​ប្រកួត​សរសេរ​គម្រោង​អាជីវកម្ម​ពិភពលោក​?

Share

ភ្នំពេញ៖ គម្រោងអាជីវកម្ម «ដើមឈើបំភ្លឺផ្លូវ» ឬ Phos2light របស់យុវវជនកម្ពុជាមួយក្រុម បានទទួលជ័យលាភីពីការប្រកួត រសរសេរគម្រោងអាជីវកម្មពិភពលោកប្រចាំឆ្នាំ២០១៧នេះ។ ជ័យលាភីនេះ បានយកឈ្នះលើគូប្រកួតមកពីប្រទេសចំនួន ០៨ នៃទ្វីបផ្សេងៗ។

សន្និសីទកាសែតនៅ CJCC
សន្និសីទកាសែតនៅ CJCC

«ដើមឈើបំភ្លឺផ្លូវ» ឬ Phos2light គឺជាគម្រោងអាជីវកម្មរបស់យុវជនកម្ពុជាមួយក្រុមមានគ្នាប្រាំបី នាក់ដែលផ្តោតលើការលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ជាខ្សែអាត់វីដេអូ ដែលមានរយៈពេលប្រមាណ ២នាទីនិង ៥៨វិនាទីបានយកឈ្នះលើគម្រោងដែលផលិតដោយក្រុមយុវជនមកពីប្រទេសចំនួនប្រាំបីនៃទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិកខាងត្បូង ក្នុងការប្រកួតសរសេរគម្រោងអាជីវកម្មកាលពីថ្ងៃទី២១ ឧសភា ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ថ្លែងក្នុងសន្និសីទកាសែតនៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន នៅថ្ងៃទី៣១ ខែឧសភានេះ លោក ទ្រី សុឧត្តម ជាសិស្សមកពីសាលា ZAMAN តំណាងក្រុមជ័យលាភីកម្ពុជា បាននិយាយថា ការជ្រើសរើសយកប្រធានបទ «ដើមឈើបំភ្លឺផ្លូវ» ឬ Phos2light បង្កើតជាវីដេអូ ពីព្រោះតែពួកគេបានមើលពីបញ្ហាដែលពិភពលោកកំពុងប្រឈមបញ្ហា ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល។ ប្រធានបទនេះគឺផ្ដោតសំខាន់ការទាញយកផលប្រយោជន៍ពីដើមឈើដោយមិនប្រើប្រាស់អគ្គិសនី។ «អាចនិយាយបានថា concept របស់យើងនេះគឺផ្ដោតទៅលើការបំភ្លឺបរិស្ថាន បំភ្លឺផ្លូវសាធារណៈ ក៏ដូចជាយើងអាចលើកកម្ពស់ខាងវិស័យទេសចរណ៍ ដែលនឹងធ្វើឲ្យភ្ញៀវជាតិនិងអន្ដរជាតិចាយលុយកាន់តែច្រើន»។
contgruលោកទ្រី សុឧត្តម បានបង្ហាញពីក្ដីរីករាយជាខ្លាំងចំពោះជ័យជំនះដែលលោកនិងក្រុមទាំងមូលបានទទួលនាពេលនេះ។ ក្រុមយុវជនទាំងប្រាំបីនាក់នេះមកពីវិទ្យាល័យទួលទំពូង  វិទ្យាល័យពោធិ៍សាត់ (ខេត្ដពោធិ៍សាត់) សាលា ឯកជន AIS  និងសាលាឯកជនZAMAN។
ពួកគេបានចំណាយពេលប្រមាណជិត ១២ម៉ោងដើម្បីបង្កើតជាវីដេអូនេះឡើង ហើយបញ្ជូនវីដេអូនេះទៅគណៈកម្មការកណ្ដាលសម្រាប់ការប្រកួតប្រជែងនៅប្រទេសជប៉ុន។ នេះជាលើកទី២ ហើយដែលយុវជនកម្ពុជាបានទទួលជ័យជំនះពីការប្រកួតសរសេរគម្រោងអាជីវកម្មថ្នាក់ពិភពលោកនេះ។ លើកទី១ គឺនៅឆ្នាំ២០១៤។
លោក Din Somethearith សហស្ថាបនិកនៃសណ្ឋាគារ Frangipani ដែលជាគ្រូបណ្ដុះបណ្ដាលសម្រាប់ការប្រកួតប្រជែងបានថ្លែងក្នុងពិធីនេះដែរថា ជ័យជំនះរបសយុវជនកម្ពុជាលើកនេះគឺជាការលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្ដរជាតិ តាមរយៈការសម្តែងសមត្ថភាពរបស់យុវជនជំនាន់ថ្មីរបស់ប្រទេសកម្ពុជា។ «ខ្ញុំសូមបញ្ជាក់ថា ពានរង្វាន់នេះគឺជាកិត្ដិយសខ្លាំងណាស់សម្រាប់ប្រទេសជាតិកម្ពុជាទាំងមូល វាជាមោទនភាពសម្រាប់ជាតិខ្មែរ»។

ក្រុមសិស្សដែលទទួលជ័យលាភី
ក្រុមសិស្សដែលទទួលជ័យលាភី

ជាមួយគ្នានេះតំណាង មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន CJCC ដែលជាអ្នកនាំយកកម្មវិធីនេះមកកម្ពុជាគឺអ្នកស្រី Sem Sreytouch មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកនេះគឺផ្ដូចផ្ដើមឡើងដោយប្រទេសអូស្ដ្រាលី។ ហើយបានមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០១២ កម្មវិធីនេះនឹងប្រារព្ធឡើងរៀងរាល់មួយឆ្នាំម្ដង ក៏ប៉ុន្ដែបានអាក់ខានៅឆ្នាំ២០១៦ ខណៈតំណាងប្រទេសដែលបានផ្ដូចផ្ដើមគំនិតរៀបចំកម្មវិធីនេះបានទទួលមរណភាព ហើយបច្ចុប្បន្នប្រទេសដែលជាងតំណាងគណៈកម្មការកណ្ដាលគឺប្រទេសជប៉ុន។ «ចា ដោយសារប្រទេសអូស្ដ្រាលីឥឡូវគាត់មានបញ្ហាផ្ទៃក្នុងបន្ដិច ទើបប្រទេសជប៉ុនគាត់មករៀបចំដំណើរការជំនួសវិញម្ដង»។
យោងតាមអ្នកស្រី Sem Sreytouch បេក្ខជនដែលអាចដាក់ពាក្យប្រកួតបានគឺជាយុវជនស្ថិតក្នុងកម្រិតសិក្សាវិទ្យាល័យ អាយុពី១៦ ដល់១៨ឆ្នាំ ចេះភាសារអង់គ្លេស និងកម្មវិធីកុំព្យូទ័រមួយចំនួន៕

Share

Image
Image
Image