en     km
en     km

សមាជិកសភាអាស៊ានព្រួយការគំរាមកំហែង ក្នុងការបោះឆ្នោតឃុំសង្កាត់​នៅ​កម្ពុជា

Share

ភ្នំពេញ៖ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស AseanParliamen tarians for Human Right (APHR) នៅថ្ងៃពុធនេះ បានលើកពីការ ព្រួយ បារម្ភចំពោះការគំរាមកំហែងនិងអំពើហិង្សាដែលអាចកើតឡើងក្នុងអំឡុងពេលបោះឆ្នោត។

មន្ត្រីគណបក្សប្រឆាំងគាំទ្រការលើកឡើងនេះ។ ប៉ុន្តែមន្ត្រីផ្លូវការរបស់គណបក្សកាន់អំណាចមិនយល់ស្របនឹងការលើកឡើងនេះទេ។

nec-elect2017

ប្រាំថ្ងៃមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មកដល់ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានអំពាវនាវ ឲ្យមានការ«បញ្ចប់ការគំរាមកំហែងពីអំពើហិង្សា និងការបំភិតភ័យ»ដើម្បីធានាដល់ការបោះឆ្នោតមួយសេរីនិងត្រឹមត្រូវ។

សមាជិកសភាអាស៊ាន គឺជាអង្គការដែលប្រមូលផ្តុំដោយសមាជិសភានៅក្នុងសមាគមអាស៊ាន និងមានមូលដ្ឋាននៅទីក្រុងហ្ស៊ាការតា ប្រទេសឥណ្ឌូណេស៊ី។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ៣១ ខែ ឧសភានេះ ក្រុមសមាជិកអង្គការនេះបានកត់សម្គាល់ដោយបញ្ជាក់ចំៗពីការប្រើវោហាសាស្ត្ររបស់សម្តេចហ៊ុន សែន និងលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិថាមានការគំរាមកំហែងពីអំពើហឹង្សា«ម្តងហើយម្តងទៀត ធ្វើឡើងដោយសមាជិកជាន់ខ្ពស់របស់គណបក្សកាន់អំណាចមុនពេលបោះឆ្នោត»។

លោក Charles Santiago ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សនិងជាសមាជិកសភាប្រទេសម៉ាឡេស៊ីលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា«ប្រជាពលរដ្ឋកម្ពុជាសមនឹងទទួលបានឱកាសនៃការជ្រើសរើសមេដឹកនាំនៅមូលដ្ឋានរបស់ខ្លួនដោយគ្មានការភ័យខ្លាច។»

ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សដដែលលើកឡើងបន្តទៀតថា«ខណៈពេលដែលមានរបាយការណ៍ជាច្រើនពីការគំរាមកំហែង វាមិនអាចទៅរួចទេដែលមិនមានការព្រួយបារម្ភ អំពីការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ។»

ជាមួយគ្នានេះលោកCharles Santiago សង្កត់ធ្ងន់ថា បរិយាកាសអាប់អួរនៅមុនពេលបោះឆ្នោត«មិនអំណោយផលដល់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវឡើយ។»

លោក យឹម សុវណ្ណ  តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ យល់ស្របជាមួយសេចក្តីថ្លែងការណ៍នេះ។


លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ថា សេចក្តីថ្លែង ការណ៍របស់ក្រុមសមាជិកសភាអាស៊ានមិនបង្ហាញការពិតនោះទេ។


ទោះជាយ៉ាងណាលោកយ៉ង់ គឹមអេង សមាជិកបន្ទប់ស្ថានការណ៍ដែល ប្រមូល ផ្តុំដោយអង្គការក្រៅរដ្ឋាភិបាលចំនួន៤០ ចង់ឃើញគណបក្សនយោបាយ គោរព ក្រមសីលធម៌នៃការបោះឆ្នោត។


សូមបញ្ជាក់ថានៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សហគម អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដោយសំដែងការព្រួយបារម្ភអំពីអំពើហឹង្សានិងការគំរាមកំហែងដែលស្តែងចេញតាមរយៈវោហាសាស្ត្រនៃមន្ត្រីរដ្ឋាភិបាល។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសកម្ពុជាចៀសវាងអំពើហិង្សា និងការគំរាមកំហែងផ្នែកនយោបាយនៅពេល ដែលការឃោសនា បោះឆ្នោតថ្នាក់មូលដ្ឋានចាប់ផ្តើម។

លោកស្រី អាលីស្យា អេដវើដស៍ ( Alicia Edwards) អ្នកនាំពាក្យមួយរូប របស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅ ថ្ងៃសៅរ៍ទី ២០ ឧសភានេះ ថា «សហរដ្ឋអាមេរិកទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា ធានាដល់លំហនយោបាយដែលគ្មានការគំរាមកំហែងនិងគ្មានការបំបាក់ស្មារតី» និងធានាដល់ការគោរពសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងពេលថ្មីៗនេះដែរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួមទាំងក្រសួងមហាផ្ទៃក៏បានធ្វើសេចក្តីណែនាំដល់កងកម្លាំងប្រដាប់អាវុធឲ្យចូលរួមធានាដល់បរិយាកាសបោះឆ្នោត«គ្មានការបំភិតបំភ័យនិងគ្មានអំពើហឹង្សា»ផងដែរ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង