en     km
en     km

សហជីពរំពឹងថា កម្មកររោងចក្រអាចទៅបោះឆ្នោតឃុំសង្កាត់បានច្រើននៅអាណត្តិនេះ(មានសំឡេង)

Share

ភ្នំពេញ ៖ ខណៈការបោះឆ្នោតជិតចូលមកដល់ ប្រធានសហជីពមួយចំនួនបានសម្តែងសុទិដ្ឋិនិយមថា កម្មករ-កម្មាការិនី រោងភាគច្រើននឹងចេញទៅបោះឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់ ច្រើនជាងអាណត្តិមុនៗ។

កម្មករកម្មការិនី កំពុងចេញពីរោងចក្រ
កម្មករកម្មការិនី កំពុងចេញពីរោងចក្រ

មានបច្ច័យវិជ្ជមានមួយចំនួនដែលថាកម្មករ-កម្មាការិនី ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ អាចចេញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នេះបានច្រើនជានការបោះឆ្នោតមុនៗ។ ប្រធានសហជីពកម្មករមួយចំនួន ដែលវិទ្យុស្រ្តី បានជួបសម្ភាសន៍នៅថ្ងៃទី ៣០ ឧសភា នេះ អះអាងថានិតិវិធីនៃការបោះឆ្នោតលើកនេះមានការសម្រួលច្រើនដល់លទ្ធភាព របស់ក្រុមកម្មកររោងចក្រដើម្បីឲ្យពួកគេមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត។ ភាពងាយ ស្រួលទាំងនោះរួមមានប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីបានបង្កលក្ខណងាយស្រួលឱ្យកម្មករអាចបោះឆ្នោតនៅទីតាំងដែលខ្លួនកំពុងរស់នៅនិងធ្វើការ។ មួយទៀតគឺមធ្យោបាយធ្វើដំណើរ និងផ្លូវ កាន់តែងាយស្រួល ហើយការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំនេះក៏ចំថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាក។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និយាយថា សន្ទុះការចេញទៅបោះឆ្នោតឃុំសង្កាត់របស់កម្មករ -កម្មាការិនី អាចមានច្រើននៅឆ្នាំនេះ ព្រោះកម្មករអាចបោះឆ្នោតនៅការិយាល័យជិតទីតាំងការងាររបស់ពួកគេ គួបផ្សំសេចក្តី អំពាវនាវរបស់ គ.ជ.ប បានផ្តល់អាទិភាពដល់កម្មករបានបោះឆ្នោតមុនផងដែរ។

«គ.ជ.ប ផ្តល់អាទិភាពដល់កម្មករបានផ្តល់អាទិភាពឱ្យបោះឆ្នោតមុនគេ គឺជារឿងមួយល្អប្រសើរ ដោយសារតែការឈប់ទៅ បោះឆ្នោតរបស់កម្មករមានតែមួយថ្ងៃ ដូច្នេះការផ្តល់ពេលវេលាឱ្យគាត់បោះមុនគេវាងាយឱ្យគាត់វិលត្រលប់មកកន្លែងធ្វើការ វិញ។»

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.បបានចេញសេចក្តីណែនាំដល់មន្រ្តីការិយាល័យបោះឆ្នោតឱ្យ សម្រួលដល់ កម្មករ-កម្មាការិនី ជាក្រុមដែលមានអាទិភាព អាចបោះឆ្នោតបានមុនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ~សង្កាត់ នៅថ្ងៃទី៤ ខែមិថុនាខាងមុខ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់វិទ្យុស្រ្តីថា ការសម្រេចដូចនេះ គឺដើម្បីលើកទឹក ចិត្តដល់កម្មករទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

ចំណែកលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា យល់ឃើញដូចគ្នានេះដែរ។

«ខ្ញុំគិតថា បងប្អូនកម្មករយើងភាគច្រើនក៏បោះនៅកន្លែងធ្វើការរបស់គាត់ ហើយទីពីរទោះបីគាត់ចុះឈ្មោះនៅស្រុកកំណើត ខ្ញុំគិតថាគាត់ក៏អាចចូលរួមបានច្រើនដែរ ពីព្រោះឥឡូវនេះ ខេត្តមានផ្លូវស្រួលការធ្វើដំណើរស្រួល ខ្ញុំគិតថា មិនរាំងស្ទះដល់ ការ ធ្វើដំណើរទៅបោះឆ្នោតទេ។»

ដោយឡែក លោក ជា មុន្នី គណៈកម្មាការនាយកនៃសហជីពសេរីកម្មករ យល់ថាក្រសួងការងារគួរចេញសេចក្តីសម្រេចឲ្យ ថៅកែរោងចក្របើកប្រាក់ខែមួយចំនួនដល់កម្មករនៅមុនថ្ងៃបោះឆ្នោត។

«ក្រសួងការងារត្រូវជូនដំណឹងទៅរោងចក្រសហគ្រាសក្នុងរយៈ ៧ ថ្ងៃទៅ១០ ថ្ងៃមុន ដើម្បីឱ្យគេងាយរៀបចំបើកប្រាក់បុរេ ទានឱ្យកម្មករ ឆ្នាំនៅមិនដឹងថាក្រសួងការងារតំអកយ៉ាងម៉េចទេ ខ្ញុំគិតថាចេញដូចរាល់ឆ្នាំទៅ កម្មករគាត់បោះឱ្យនរណា គាត់បោះទៅ បើយើងធ្វើល្អគាត់បោះឱ្យហើយ»។

រូបកម្មការិនីកំពុងដែរសម្លៀកបំពាក់នៅរោងចក្រមួយ
រូបកម្មការិនីកំពុងដែរសម្លៀកបំពាក់នៅរោងចក្រមួយ

រៀងរាល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិនៅឆ្នាំមុនៗ ក្រសួងការងារបានចេញសេចក្តីសម្រេច ឱ្យថៅកែរោងចក្រ សហគ្រាល ម្ចាស់ភោជនីយដ្ឋាន ក្រុមហ៊ុន និងស្ថាប័នមួយចំនួន ផ្តល់ប្រាក់ខ្ចីដល់បុគ្កលិក កម្មករ ដើម្បី ចំណាយក្នុងការធ្វើដំណើរទៅបោះឆ្នោត។ ហើយក្រសួងក៏បានកំណត់ថ្ងៃឈប់សម្រាក់សមរម្យផងដែរតាមការិយាល័យ បោះឆ្នោតឆ្ងាយជិតរបស់បុគ្គលិក កម្មករ។

មានកម្មករប្រមាណ ៧០ ម៉ឺននាក់កំពុងបម្រើការក្នុងវិស័យវាយនភ័ណ្ឌនៅប្រទេសកម្ពុជា។ វិស័យនេះគឺជាឧស្សាហកម្មនាំ មុខដែលតំណាងឲ្យការនាំចេញរបស់ប្រទេសកម្ពុជា។ ក្រុមកម្មករដែលជាក្រុមយុវជនត្រូវគេកត់សម្គាល់ថា ភាគច្រើនអាច នឹងមាន សមានចិត្តចំពោះគណបក្សប្រឆាំង។

លោក គីម សាវ៉ាត កម្មករផ្នែកជួលជុលម៉ាស៊ីនដេរក្នុងរោងចក្រអ៊ីហ្វាក្នុងខណ្ឌពោធិ៍សែនជ័យ និយាយថា លោកនឹងទៅបោះ ឆ្នោតជ្រើសរើសមេឃុំនៅពេលខាងមុខនេះ ព្រោះជាពេលវេលាសំខាន់ដើម្បីជ្រើសរើសមេឃុំដែលលោកពេញចិត្ត។

«រដ្ឋាភិបាលតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋឱ្យគាត់ទៅបោះឆ្នោតបានគ្រប់ៗគ្នា ហើយសន្លឹកឆ្នោតរបស់ពលរដ្ឋមានតំលៃ។ ទៀតសោទនៅពេលដែលគាត់កំពុងនិយាយអញ្ចឹងហើយ ក៏ប៉ុន្តែអត់មានប្រព័ន្ធណាមួយដើម្បីឱ្យកម្មករទៅបោះឆ្នោតបាន ងាយស្រួលទេ ផ្ទុយទៅវិញមានតែការរឹតត្បឹតមិនឱ្យគាត់បានទៅបោះឆ្នោត ខ្ញុំមើលឃើញថាវាជាចំណុចខុសឆ្គង។»

វិទ្យុស្រ្តីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ច្រើនថ្ងៃមកហើយតែលោកមិនទទួលទូរស័ព្ទ៕

Share

ព័ត៌មានទាក់ទង

Image