en     km
en     km

​ក្រសួង​មហាផ្ទៃ​បង្ហាញមុខមេខ្លោង​៤​នាក់ ​ដែលឆបោក​លុយពលរដ្ឋជាង៦០លានដុល្លារ​

Share

ក្រសួងមហាផ្ទៃបានកំណត់អត្តសញ្ញាណ មេខ្លោងចំនួន៤នាក់ ដើម្បីឈានទៅដល់ការចាប់ ខ្លួនមកផ្តន្ទាទោសតាមច្បាប់។ រហូតដល់ពេលនេះ មានប្រជាពលរដ្ឋជាង៧ពាន់នាក់ ត្រូវបានគេឆបោក និងខាតបង់ទឹកប្រាក់ប្រមាណ៦០លានដុល្លារ តាមរយៈការសន្យាឱ្យការប្រាក់ខ្ពស់។ ការបង្ហាញមេក្លោងទាំងបួននាក់នេះ ធ្វើឡើងនៅក្នុងសន្និសីទមួយនៅព្រឹកថ្ងៃទី៣០ ឧសភា នេះ នៅក្រសួងមហាផ្ទៃ។

លោក ឌី វិជ្ជា បង្ហាញមុខមេខ្លោងទាំង៤ ដែលឆបោកលុយប្រជាពលរដ្ឋ
លោក ឌី វិជ្ជា បង្ហាញមុខមេខ្លោងទាំង៤ ដែលឆបោកលុយប្រជាពលរដ្ឋ

 

មេខ្លោងទាំងបួននាក់ដែលបានបោកលុយប្រជាពលរដ្ឋអស់ជាច្រើនលានដុល្លារ មានម្នាក់ជាជនជាតិម៉ាឡេស៊ី និងបីនាក់ជាម្នាក់ជនខ្មែរ។

មេខ្លោងទាំង៤នាក់នេះ រួមមាន ឈ្មោះ Sean Tan  ជាជនជាតិម៉ាឡេស៊ី ប្រធានក្រុមហ៊ុនEBC  និងជនជាតិខ្មែរ៣នាក់ទៀតរួមមាន ឈ្មោះ ឡុង សម្បត្តិប្រធានទីផ្សាររបស់ក្រុមហ៊ុនEBC ឈ្មោះ ហួត សុវណ្ណ ប្រធានអង្គការ AIF  និងឈ្មោះ ជីហ្គោ សាលី ប្រធានសមាគមប្រឹក្សាយោបល់ផ្នែកវិនិយោគ ICA។

ស្ថាប័នដែលក្រសួងបានបង្ហាញនេះ សុទ្ធសឹងតែដែលមិនទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល និងគ្មានសកម្មភាពអាជីវកម្មច្បាស់លាស់។

លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងថា មេខ្វោងឆបោកទាំង៤នាក់នេះ មានម្នាក់កំពុងរត់គេចខ្លួននៅក្រៅប្រទេស ហើយបីនាក់ទៀត មិនទាន់ដឹងនៅឡើយទេ អាចនឹងកំពុងលាក់ខ្លួននៅក្នុងប្រទេស។ តែទោះជាយ៉ាងណា បើទោះបីជារត់គេចទៅក្រៅប្រទេសក៏ដោយ សមត្ថកិច្ចនឹងព្យាយាមចាប់ខ្លួនឱ្យបាន ដើម្បីយកមកផ្តន្ទាទោស។

លោកបញ្ជាក់ថា ក្រៅពីមេខ្លោងទាំង៤នាក់នេះ នៅមានអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលក្រសួងមិនទាន់បញ្ចេញអត្តសញ្ញាណ។

លោកបន្តថា«អញ្ចឹងរហូតដល់ពេលនេះ យើងមិនទាន់កំណត់ ថាតើអ្នកណាខ្លះមានចំនួនប៉ុន្មាននាក់ដែលស្ថិតនៅក្នុងការទទួលខុសត្រូវទេ ហើយមិញបញ្ចេញជូនហ្នឹងតែមេ ប៉ុន្តែមិនមែនមានតែមេខ្លោងប៉ុន្មាននាក់ហ្នឹងទេ នៅមានច្រើនតទៅទៀត អញ្ចឹងសូមទុកអាហ្នឹងឱ្យស្ថាប័នមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវនិងកំណត់ការទទួលខុសត្រូវចុះ អញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថាតើជាបន្តបន្ទាប់ទៀតដីការចាប់ខ្លួនចេញទៅលើ អ្នកណាៗ មូលហេតុអីហ្នឹង នឹងមានផ្សព្វផ្សាយ»

លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងការតាមរកចាប់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់ និងដើម្បីឱ្យប្រជាពលរដ្ឋបានទទួលសំណងឡើងវិញ។

បើតាមលោក ងី ច័ន្ទផល រហូតដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៧,៤៣០នាក់ បានមកដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ។ ថវិកាដែលចាញ់បោក មានចំនួនជាង៦០លានដុល្លារសហរដ្ឋអាមេរិក។

លោកបន្តថា តាមការប៉ាន់ស្មាន អាចមានប្រជាពលប្រមាណជាង ៥ ម៉ឺននាក់រងគ្រោះក្នុងអំពើឆបោកនេះ ហើយទឹកប្រាក់នៃការខាតបង់ទៅលើអំពើឆបោកនេះ អាចមានចំនួនសរុបប្រមាណ ៤០០ លានដុល្លារ។ លោកជំរុញ ឱ្យប្រជាពលរដ្ឋផ្សេងៗទៀតដែលបានចាញ់បោក បន្តដាក់ពាក្យបណ្តឹង ។

លោកបន្ថែមថា«អញ្ចឹងហើយបានជាក្រុមការងារយើង ពេលដែលយើងដឹងភ្លាមយើងធ្វើមុខសញ្ញាភ្លាម យើងគិតថាប្រហែលជាក្រុមនេះ មានបំណងធ្វើមជ្ឈិត្តកម្ម ធ្វើឱ្យមានហានិភ័យសង្គមផង ដែលប្រជាពលរដ្ឋព្រឹកមិញ គាត់ដាក់តែ១ពាន់ គាត់ឃើញបានលុយមក គាត់ថែម២ពាន់ទៀត ឃើញថាលុយមកគាត់លក់ដីមួយដុំដល់ទៅមួយម៉ឺន ឃើញបានលុយមកគាត់លក់ផ្ទះទៀត ដល់ទៅជិត១៥ម៉ឺនជាង»

លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជំរុញឱ្យតុលាការចាត់វិធានការឱ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋដែលបានរងគ្រោះក្នុងអំពើឆបោកនេះ ។ លោកក៏បានស្នើដល់គណៈមេធាវីកម្ពុជា ចាត់មេធាវី ដើម្បីសម្របសម្រួល  ពិគ្រោះយោបល់ដោយឥតគិតថ្លៃពីប្រជាពលរដ្ឋ និងរៀបចំសំណុំរឿងប្តឹងទៅតុលាការផងដែរ។

ពលរដ្ឋដែលអះអាងថា ចាញ់បោក មេខ្លោង ៤នាក់នេះ ធ្លាប់បាន មកឡើង មកភ្នំពេញ ចំនួន ២ដងមកហើយ ដោយសុំឱ្យសមត្ថកិច្ចជួយពួកគាត់ បានទទួលប្រាក់មកវិញ ។ ពួកគាត់អះអាងថា មានអ្នកខ្លះត្រូវបានចាញ់បោក រហូត ២ម៉ឺនដុល្លារអាមេរិក៕

 

 

 

 

Share

Image
Image
Image