en     km
en     km

កម្មករប្រមាណ២០០នាក់ធ្វើបាតុកម្មទាមទារដាក់សម្ពាធថៅកែឲ្យដោះស្រាយបញ្ហាប្រាក់ខែ

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារនេះក្រុមកម្មករ-កម្មការិនីរោងចក្រ ហ្វឺស ហ្គាវ័ន្ត អឹភែរឹល ប្រមាណជាង២០០នាក់ធ្វើបាតុកម្មដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយបញ្ហា ប្រាក់ខែនិងទទួលយកតំណាងសហជីពឲ្យចូលធ្វើការវិញ។មន្ត្រីក្រសួងការងារអះអាង ថា ខ្លួនកំពុងស្វែងរកដំណោះស្រាយបញ្ហានេះ។

ក្រុមកម្មករនិយោជិតបាតុកម្មនៅមុខរោងចក្រហ្វឺស ហ្គាវ័ន្ត អឹភែរឹល ថ្ងៃទី៣០ ឧសភា ឆ្នំា២០១៧
ក្រុមកម្មករនិយោជិតបាតុកម្មនៅមុខរោងចក្រហ្វឺស ហ្គាវ័ន្ត អឹភែរឹល ថ្ងៃទី៣០ ឧសភា ឆ្នំា២០១៧

ក្រុមកម្មករទាំងនេះបានធ្វើបាតុកម្មអស់រយៈពេលពីរថ្ងៃមកហើយដើម្បីទាមទារឲ្យថៅកែរោងចក្របើកប្រាក់ខែឲ្យពួកគេឲ្យបានទៀតទាត់និងទទួលយកតំណាងសហជីព លោក ឃឹម មករា ឲ្យចូលធ្វើការវិញ។

ក្រុមកម្មករ រោងចក្រ  ហ្វឺស ហ្គាវ័ន្ត អឹភែរឹល ដែលមានទីតាំងនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជ័យ បានឲ្យដឹងថាថៅកែរោងចក្របានបើកប្រាក់ខែមិនគ្រប់ចំនួន ដល់ពួកគេ ចាប់តាំងពីខែមិនាមកម្ល៉េះ។ហើយតំណាងសហជីពរបស់ពួកគេក៏ត្រូវបញ្ឈប់ពីការងារដំណាលគ្នានោះដែរដោយផ្អែកលើមូលហេតុថារោងចក្រមានបញ្ហាហិរញ្ញវត្ថុ។

ទោះបីជាត្រូវបណ្តេញចេញ លោក ឃឹម មករា បានដឹកនាំបាតុកម្មនៅថ្ងៃអង្គារនេះនៅពី មុខរោងចក្រ ហ្វឺស ហ្គាវ័ន្ត អឹភែរឹល។ «យើងនឹងរកដំណោះស្រាយបន្តបន្ទាប់ទៀតព្រោះអីយើងមិនទាន់បញ្ចប់ត្រឹមនេះទេលុះត្រាតែពួកយើងទាមទារបានសម្រេចបានយើងចូលធ្វើការងារវិញ»។

ចំណែកអ្នកស្រី សុខ វណ្ណា ដែលជាកម្មការនីរោងចក្រកាត់ដេរ ហ្វឺស ហ្គាវ័ន្ត អឹភែរឹល អស់រយៈពេល ៦ឆ្នំា មកហើយ លើកទ្បើងថាក្រុមអ្នកតវ៉ាចង់បានអន្តរាគមពីក្រសួង ការងារ។«បើថៅកែមិនព្រមយកខឹម មករាចូលវិញនាងខ្ញុំនឹងតវ៉ាដល់ខាង រដ្ឋមន្រ្តី ក្រសួងការងារលោក អ៊ិត សំហេង ឱ្យគាត់ចុះមកជួយសម្របសម្រួលខ្ញុំ បើគេជួយ មិនបានខ្ញុំនឹងចូលទៅសម្តេចតេជោ ឱ្យគាត់ជួយយើងខ្ញុំ ហ្វឺស ហ្គាវ័ន្តទំាង អស់គ្នា ឱ្យបានជោគជ័យ»។

អ្នកស្រី មឿន វី ជាអ្នកចូលរួមបាតុកម្មម្នាក់ទៀត៖ «ថៅកែមិនបើកលុយទៀងទាត់ មួយខែបើ ២ដង ៣ដង ខែទី១ជំពាក់៥០សិប ដល់ខែទី២ ៥០សិបទៀតដល់ទី៣ ឱ្យតែ ២០រៀលទេក្នុង១ខែ អត់បើកប្រាក់ខែឱ្យកម្មករ ទេអញ្ចឹងតវ៉ាទាមទារ ឱ្យតំណាង សហជីពចូលធ្វើការផងថៅកែសូម្បីតែសហជីពមិនហ៊ានឱ្យយកចូល»។

រោងចក្រ ហ្វឺស ហ្គាវ័ន្ត អឹភែរឹល មានកម្មករសរុបប្រមាណ៤០០នាក់។

វិទ្យុស្រ្តីមិនទាន់អាចសុំការឆ្លើយបំភ្លឺបន្ថែមពីភាគីថៅកែរោងចក្របាននៅទ្បើយនោះទេ នៅថ្ងៃនេះដោយមន្រ្តីរោងចក្រថារវល់ជាប់ប្រជុំ។

លោក វង្ស សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មការដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថានាយកដ្ឋានវិវាទការងារកំពុង ស្វែងរកដំណោះស្រាយ៕

 

 

Share

ព័ត៌មានទាក់ទង

Image