en     km
en     km

បទយកការណ៍ ៖ ​ប្រជាពលរដ្ឋ​ទូទៅ​ ៖​ មិន​ត្រូវការ​សង្គ្រាម​ តែ​ត្រូវការ​ការ​អភិវឌ្ឍ​

Share

អ្នកទីក្រុងភ្នំពេញដែលកំពុងត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ មានមតិយោបល់ប្រហាក់ប្រហែលគ្នាជុំវិញការព្រមានអំពីសង្គ្រាមរបស់សម្តេចនាយករដ្ឋមន្ត្រី។

wok
ដៃកំពុងប្រមូលស្មៅដែលច្រូតហើយក្នុងដីវាលមួយកន្លែង នៃខណ្ឌឬស្សីកែវ ជាកសិករ មួយរូបបែកញើសជោកអាវ។
ក្នុងវ័យ ៦៧ឆ្នាំ  លោក រឿម អាត ដែលមករស់នៅក្នុងខណ្ឌនេះតាំងពីឆ្នាំ១៩៩៣ មិនជឿថាកម្ពុជាអាចផ្ទុះសង្គ្រាមម្តងទៀតទេ។ «ហូយ ខ្ញុំមិនជឿថា សង្គ្រាមទេ បើសង្គ្រាមលើកលែងតែមនុស្សអ្នកបង្កើត អាហ្នឹងខ្ញុំជឿមែន បើថាបង្កើតចេះតែបង្កើត ធ្វើឲ្យវាមានបញ្ហាមែន តែបើតាមតែសមត្ថភាពមួយចំហៀងវាគ្មានអីទៅធ្វើសង្គ្រាម»។
ជាងនេះលោកបន្ដទៀតថា លោកចង់ឃើញប្រទេសមានការរីកចម្រើន តែប្រសិនបើសង្គ្រាមកើតឡើងមែនគឺគ្មានផលចំណេញអ្វីសម្រាប់ប្រទេសជាតិនឹងពលរដ្ឋនោះទេ ផ្ទុយទៅវិញវាមានតែការព្រាត់ប្រាស់គ្នាដូចកាលពីរបបប៉ុលពតប៉ុណ្ណោះ។
មិនខុសគ្នាដែរ ស្ដ្រីមានសម្បុរស រាងស្ដើងមើលទៅទំនងជាខ្មែរកាត់ចិន កំពុងអង្គុយបរិភោគចេកឆឹង។
អ្នកស្រី យេន វី មានវ័យ ៦៣ឆ្នាំ រស់នៅខណ្ឌសែនសុខ ដែលជាខណ្ឌជាប់ព្រំប្រទល់ជាមួយខណ្ឌឬស្សីកែវដែរនោះ។ អ្នកស្រីបានរម្លឹកការលំបាកកាលពីកម្ពុជាជួបសង្គ្រាមថា អ្នកស្រីបានឆ្លងកាត់រួចហើយការលំបាកព្រោះសង្គ្រាម ដូច្នេះ អ្នកស្រីមិនចង់ឲ្យសង្គ្រាមវិលមកបំផ្លាញការរស់នៅរបស់អ្នកស្រីក៏ដូចជាអ្នកផ្សេងសព្វថ្ងៃនេះទេ។ «បញ្ហាសង្គ្រាមគ្មានអ្នកណាចង់មានទេអូនហ្ហើយ ធម្មតាទោះបីជាយើងមិនមានវីឡាមានឡានដូចគេ តែយើងរស់នៅមួយគ្រប់ៗ រស់នៅមួយខែៗ ក៏យើងវាសុខចិត្ដហើយ»។
ជាងនេះអ្នកស្រីចង់បានការរីកចម្រើនក្នុងសង្គម និងភាពយុត្ដិធម៌សម្រាប់ប្រជាពលរដ្ឋទូទៅ។
wokk
នៅឯខណ្ឌព្រែកព្នៅឯណោះវិញ ស្ដ្រីមួយរូបទៀតវ័យ ៣៣ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះ ជាកម្មការិនីរោងចក្រកាត់ដេរមួយរូប។  អ្នកស្រីកំពុងឈរចាំអ្នកធ្វើការជាមួយកម្មករដទៃទៀតនៅខាងមុខក្រសួងការងារ តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី។ អ្នកស្រីនិយាយទាំងអួលដើមកថា ចង់ឲ្យកូនខ្មែរចេះរួបរួមគ្នា កុំបែកបាក់គ្នានាំការព្រាត់ប្រាស់គ្នាទៀត។ «បើមានសង្គ្រាមកើតទៀតវានាំតែពិបាក ហើយខ្ញុំចង់ឲ្យកូនខ្មែរទាំងអស់គ្នាសួមឲ្យរួបរួមគ្នា កុំឲ្យមានបែងគំនិតគ្នាអញ្ចឹង ក្រុមគ្រួសារម៉ែខ្ញុំ ៨នាក បែកគ្នាទាំងអស់សល់ពីរនាក់ ឥឡូវម៉ែខ្ញុំស្លាប់អ្នកជំនាន់គាត់សល់តែ១»។
តែជាមួយគ្នានេះអ្នកស្រីអះអាងថា អ្នកស្រីរកមើលមិនឃើញពីមូលហេតុដែលប្រទេសកម្ពុជានឹងមានសង្គ្រាមនោះទេ។
ចំណែកបុរស់វ័យ ២៤ឆ្នាំសម្បុរស្រអែម ដែលសព្វថ្ងៃកំពុងបំរើការងារនៅក្រុមហ៊ុនឯកជនមួយកន្លែងនៃរាធានីភ្នំពេញ គិតថា កម្ពុជាមិនអាចមានសង្គ្រាមទេ តែក្នុងចិត្ដលោកក៏មានការភ័យខ្លាចសង្គ្រាមដូចពលរដ្ឋទូទៅដែរ។ «ខ្ញុំគិតថាមិនអាចទៅរួចទេបង ហើយខ្ញុំគិតថាមិនគួរទេបង សង្គ្រាមវាអាចខាតបង់ច្រើន ដូចជាអ្នកវិនិយោគអញ្ចឹងគេប្រុងវិនិយោគគឺគេអាចដកទុនចេញវិញ បើអ្នករកស៊ីវិញគេនឹងប្រឈមច្រើន ហើយប្រជាជនក៏ពិបាកដែរ ព្រោះប្រទេសយើងក៏ទើបនឹងងើបដែរទេ»។
okk
ចំណែកអ្នកស្រីអ្នកស្រី សារ៉េត មានវ័យ ៣៥ឆ្នាំ ជាអ្នកលក់ដូរភេសជ្ជៈនៅម្ដុំរង្វង់មូលកាំកូស៊ីតធី បង្ហាញចំណាប់អារម្មណ៍ថា អ្នកស្រីខ្លាចសង្គ្រាមព្រោះសង្គ្រាមមិនដែលនាំការរីកចម្រើនមកប្រទេសជាតិនោះទេ ។  «បើសិនជាអាចកុំឲ្យមានកើតឡើងអញ្ចឹង ព្រោះកូនខ្មែរបច្ចុប្បន្នគ្មានអ្នកចង់ឲ្យកើតសង្គ្រាមឡើយទាំងគេទាំងយើង ព្រោះគេខំរៀនដើម្បីប្រទេសរីកចម្រើន មិនចង់ឲ្យវាច្រំដែលដូចពីមុនអញ្ចឹង»។
មិនខុសគ្នាដែរលោក ស៊ិន សុវណ្ណ ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកព័ត៌មានវិទ្យា និយាយថា មិនថាលោក ឬក៏អ្នកណាទេគឺសុទ្ធតែខ្លាចសង្គ្រាម ប៉ុន្ដែលោកជឿជាក់ថា អង្គការពិភពលោកនឹងមិនបណ្ដោយឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមបានឡើយ។ «សង្គ្រាមអ្នកណាក៏ខ្លាចដែរបង តែរាល់ថ្ងៃនេះខ្ញុំគិតថា មិនអាចកើតមានបានទេ ព្រោះយើងមានអង្គការពិភពលោកគេអ្នកការពារយើង»។
kk
ជាងនេះយុវជនរូបនេះបន្ដថា ខ្លួនចង់បានការអភិវឌ្ឍ ដែលនាំប្រទេសឆ្ពោះទៅរកការរីចម្រើន ជាជាងការកើតសង្គ្រាមបង្កការលំបាក្នុងប្រទេស។
ចំណែកនិស្សិតមួយរូបទៀតគឺកញ្ញា រតនា អាយុ២០ឆ្នាំជានិស្សឆ្នាំ០២ នៃវិទ្យាស្ថានវណ្ណដា មិនត្រូវការសង្គ្រាមទេ។ «សម្រាប់ខ្ញុំអត់ត្រូវការទេ អ្នកណាចង់ព្រាត់ប្រាស់គ្នានោះបង»។
យ៉ាងណាក៏ដោយក្រុមប្រជាពលរដ្ឋខាងលើសុទ្ធតែបានអះអាងថាខ្លួននឹងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ទៅតាមឆន្ទៈដែលខ្លួនចង់ប្រគល់ជូនគណបក្សដែលខ្លួនពេញចិត្ត៕

Share

Image
Image
Image