en     km
en     km

ឥទ្ធិពលគ្រឿងញៀនក្នុងសង្គម ធ្វើឱ្យស្ត្រីមេផ្ទះបារម្ភពីការអប់រំកូនចៅ

Share

ភ្នំពេញ៖ ការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គម ជាមូលហេតុចម្បងមួយដែលប្រជាពលរដ្ឋចាត់ទុកជាអំពើគ្រោះថ្នាក់និងបង្ហបញ្ហាអសកម្មផ្សេងៗក្នុងសង្គម ហើយកំពុងស្ថិតនៅក្នុងក្តីបារម្ភចំពោះស្ត្រីមេផ្ទះ និងអាណាព្យាបាលគ្រប់រូបក្នុងការអប់រំកូនចៅ។ អ្នកទាំងនោះយល់ថា បញ្ហានេះត្រូវតែមានដំណោះស្រាយ ដោយមានការចូលរួមចម្បងពីអ្នកដឹកនាំមូលដ្ឋាន។ បើបញ្ហានេះមិនត្រូវដោះស្រាយបានទេ គឺឥទ្ធិពលគ្រឿងញៀននឹងប៉ះពាល់ដល់អនាគតក្មេងជំនាន់ក្រោយកាន់តែធ្ងន់ធ្ងរ។ ស្ត្រីមេផ្ទះដែលមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានសាកសួរ ពួកគាត់ជឿជាក់ថា មានតែអ្នកដឹកនាំឃុំ សង្កាត់ ជាពិសេសអ្នកដឹកនាំជាស្ត្រីតែប៉ុណ្ណោះ ជាក្ដីសង្ឃឹមនៃការដោះស្រាយបញ្ហាគ្រឿងញៀន ដែលកំពុងប៉ះពាល់អនាគតកូនៗរបស់ពួកគេ។

« ប្រាំឆ្នាំគ្រឿងញៀនកំពុងបំផ្លាញគ្រួសារខ្ញុំ »

«ជាងប្រាំឆ្នាំហើយខ្ញុំព្យាយាមផ្តាច់កូនពីគ្រឿងញៀន តែធ្វើមិនបានទេរហូតមកដល់ពេលនេះ… គ្មានអ្នកអើពើគ្រួសារខ្ញុំសោះ… » ។ អង្គុយក្នុងរោងដោលតូចមួយមានប្រក់បំណះតង់រហែកដោយអន្លើរនៅខាងមុខផ្ទះ អ្នកស្រី ឃឿន ស្រីកុដ អាយុ ៥០ ឆ្នាំ បាននិយាយរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួនដែលមានកូនប្រុសពីរនាក់ប្រើប្រាស់គ្រឿងញៀន។

អ្នកស្រី ឃឿន ស្រីកុដ អាយុ៥០ ឆ្នាំ បាននិយាយរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួនដែលមានកូនប្រុសពីរនាក់ប្រើប្រាស់គ្រឿងញៀន / រូបភាព WMC
អ្នកស្រី ឃឿន ស្រីកុដ អាយុ៥០ ឆ្នាំ បាននិយាយរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួនដែលមានកូនប្រុសពីរនាក់ប្រើប្រាស់គ្រឿងញៀន / រូបភាព WMC

អាណាព្យាបាលរូបនេះ បានបន្តរៀបរាប់ទាំងអួលដើមកថា រយៈពេលជាង៥ ឆ្នាំហើយដែលកូនប្រុសទាំងពីររបស់អ្នកស្រីបានប្រើប្រាស់គ្រឿងញៀន ហើយបានបំផ្លាញទ្រព្យសម្បត្តិគ្រួសារអស់យ៉ាងច្រើន។

អ្នកស្រី ឃឿន ស្រីកុដ ៖ «វាប្រើថ្នាំចាក់ ព្រោះតែថ្នាំញៀន វាលួចលុយខ្ញុំ លួចទ្រព្យខ្ញុំយកទៅលក់ ដើរចោលផ្ទះសម្បែង កុំថាឡើយខ្ញុំ សូម្បីតែម្តាយអ៊ុំវាក៏ហ៊ានស្តីឱ្យដែរ… និយាយលែងស្តាប់ ខ្ញុំវិញមិនហ៊ានធ្វើអីទេ វាធ្លាប់ច្រានខ្ញុំផ្ទុបនឹងជញ្ជាំង»។

អ្នកស្រី ឃឿន ស្រីកុដ មានស្វាមីប្រកបរបរជាអ្នកលេងភ្លេងការ និងមានកូនប្រាំនាក់កំពុងរស់នៅក្នុងបន្ទុកគ្រួសារ។ គ្រួសារមានជីវភាពក្រីក្រមួយនេះ ស្ថិតនៅក្នុងសង្កាត់ជើងឯក ជាយរាជធានីភ្នំពេញ។ អ្នកស្រីបានឱ្យដឹងថា ជីវភាពគ្រួសាររបស់អ្នកស្រីធ្លាក់ខ្លួនក្រលំបាកខ្លាំង ចាប់តាំងពីកូនប្រុសទាំងពីរលួចប្រើប្រាស់គ្រឿងញៀន ហើយប្រាក់ដែលស្វាមីនិងអ្នកស្រីរកបានរាល់ថ្ងៃ ស្ទើរតែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានឡើយ។

អ្នកស្រី ឃឿន ស្រីកុដ ៖ «ខ្ញុំនិងគ្រួសារព្យាយាមអប់រំណែនាំគ្រប់យ៉ាងដល់កូន សុំឱ្យអាជ្ញាធរមូលដ្ឋានជួយ ប៉ុន្តែគ្មានអ្នកអើពើគ្រួសារខ្ញុំទេ… គេមិនជួយយើងទេ ! ខ្ញុំខ្មាស់គេខ្លាំងណាស់ព្រោះតែកូន សូមឱ្យអាជ្ញាធរ អ្នកពាក់ព័ន្ធកម្ចាត់គ្រឿងញៀនឱ្យអស់ពីភូមិខ្ញុំ ហើយពេលកម្ចាត់សូមឲ្យប្រជាពលរដ្ឋដឹងផង…ខ្ញុំចង់ឱ្យមានអ្នកជួយសហការជាមួយខ្ញុំ»។

ឥទ្ធិពលគ្រឿងញៀនបង្ករភាពភ័យខ្លាចចំពោះស្ត្រី

អ្នកស្រី ឃឿន សាវឿន បងស្រីអ្នកស្រី ឃឿន ស្រីកុដ បាននិយាយថា អ្នកស្រីពិតជាបារម្ភពីសុវត្ថិភាពរបស់ក្មួយប្រុសទាំងពីរ ប៉ុន្តែអ្នកស្រីមិនអាចជួយឱ្យពួកគេបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនបានឡើយ។

និមិត្តសញ្ញាហាមឃាត់ការប្រើប្រាស់គ្រឿងញៀន (រូបតំណាង)
និមិត្តសញ្ញាផ្សេងៗហាមឃាត់ចំពោះការប្រើប្រាស់គ្រឿងញៀន (រូបតំណាងពី អង្គការរ៉ាក់)

អ្នកស្រី ឃឿន សាវឿន ៖ «ពួកគេមិនស្តាប់ខ្ញុំទេ ប៉ុន្តែក្មួយប្រុសខ្ញុំម្នាក់គេបានបញ្ឈប់ហើយ ប្រហែលវាអាណិតម្តាយ វានឹកឃើញបានឈប់ប្រើគ្រឿងញៀន…នៅម្នាក់ទៀត។

ស្ត្រីមេផ្ទះរូបនេះ បានឱ្យដឹងទៀតថា អ្នកស្រីបារម្ភពីបញ្ហាសន្តិសុខដែលបង្កដោយក្មេងទំនើង ក្មេងញៀនថ្នាំ ព្រោះពួកគេកំពុងបង្កបញ្ហាជាច្រើនដូចជា លួច ឆក់ប្លន់ និងបង្កហិង្សាដាក់គ្នា។ អ្នកស្រីបន្តរៀបរាប់ដោយចោទជាសួរថា តើអនាគតក្មេងជំនាន់ក្រោយនឹងទៅជាយ៉ាងណា បើសង្គមនេះគ្មានការទប់ស្កាត់គ្រឿងញៀន ហើយមានបញ្ហាជាច្រើនដែលកើតឡើងស្មានមិនដល់។ អ្នកស្រីបានចូលរួមផ្ដល់យោបល់ខ្លះៗថា ដើម្បីជួយកាត់បន្ថយការសេពគ្រឿងញៀន ត្រូវការមេឃុំចេះគិតគូររឿងនេះ និងដោះស្រាយឱ្យមានប្រសិទ្ធភាព។

អ្នកស្រី ឃឿន សាវឿន ៖ «ដើម្បីដោះស្រាយរឿងនេះ ម្តាយឳពុករបស់ពួកគេពួកគេមិនអាចដោះស្រាយបានទាំងស្រុងទេ បើគ្មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន… ខ្ញុំចង់បានមេឃុំថ្មីយកចិត្តទុកដាក់បញ្ហាចំពោះមុខ និងដោះស្រាយបញ្ហាជាបន្ទាន់… ខ្ញុំចង់ឃើញគ្រឿងញៀនត្រូវបាត់អស់ពីសង្គមយើង ក្លាយជាសង្គមមួយដ៏ល្អ»។

អ្នកស្រី អ៊ឺ គឹមលាង ផ្តល់បទសម្ភាសន៍ដល់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា
អ្នកស្រី អ៊ឺ គឹមលាង អាជីវករលក់ចាបហ៊ួច នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ផ្តល់បទសម្ភាសន៍ដល់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា

មិនខុសពីការយល់ឃើញខាងលើសម្រាប់អ្នកស្រី អ៊ឺ គឹមលាង ពលរដ្ឋនៅក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ បាននិយាយថា បញ្ហាគ្រឿងញៀនកំពុងបំផ្លាញអនាគតយុវជន ព្រោះអ្នកស្រីតែងប្រទះឃើញសកម្មភាពយុវជនប្រើប្រាសគ្រឿងញៀនជារៀងរាល់ថ្ងៃ។ ម្តាយដែលមានកូនប្រុស៤ នាក់រូបនេះបន្តទៀតថា រាល់ថ្ងៃអ្នកស្រីបារម្ភពីកូនរបស់ខ្លួន និងក្មេងដទៃទៀតក្នុងភូមិខ្លាចមានការអូសទាញពីជនខិលខូចឱ្យប្រើប្រាស់គ្រឿងញៀន។

ល្បែង Game ធ្វើឱ្យកុមារភ្លេចការសិក្សា និងអាចឈានទៅរកការប្រើប្រាស់គ្រឿងញៀន

អ្នកស្រី តន់ វណ្ណធឿន ផ្តល់សម្ភាសន៍ដល់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាអំពីបញ្ហាកូនអ្នកស្រីភ្លេចការសិក្សាព្រោះលេងហ្គេម (រូបភាព WMC )
អ្នកស្រី តន់ វណ្ណធឿន ផ្តល់សម្ភាសន៍អំពីបញ្ហាកូនអ្នកស្រីភ្លេចការសិក្សាព្រោះលេងហ្គេម (រូបភាព WMC )

គ្រឿងញៀន និង គ្រឿងស្រវឹងកំពុងធ្វើឱ្យយុវជនខ្មែរមួយចំនួនងុបងល់នឹងឥទ្ធិពលរបស់វាដោយដកខ្លួនមិនរួច ព្រមទាំងបង្កបញ្ហាជាច្រើនដល់សង្គម ក្នុងនោះល្បែងហ្គេមលួចលាក់ ក៏កំពុងមានប្រជាប្រិយភាព រហូតធ្វើឱ្យយុវជននិងកុមារមួយចំនួនភ្លេចការសិក្សា។

អ្នកស្រី តន់ វណ្ណធឿន ពលរដ្ឋសង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ រៀបរាប់ថា កូនប្រុសទាំងពីររបស់អ្នកស្រីចូលចិត្តលួចលេងហ្គេមលួចលាក់ រហូតភ្លេចការសិក្សា ហើយក្នុងមួយថ្ងៃៗកូនរបស់អ្នកស្រីចំណាយប្រាក់លេងហ្គេមពីប្រាំពាន់រៀលទៅមួយម៉ឺនរៀល។ អ្នកស្រីថា៖«អាយុ ១៥ ទៅ ១៦ ឆ្នាំហ្នឹង ហ្គេមធ្វើឱ្យកូនលែងស្តាប់ម្តាយឳពុកអស់ហើយ» ។

និយាយដោយបារម្ភអំពីអនាគតកូន អ្នកស្រី វណ្ណធឿន បានឱ្យដឹងទៀតថា កូនរបស់អ្នកស្រីមិនសូវខំរៀនទេ ហើយពេលទំនេរពីរៀនពួកគេតែងលួចទៅកន្លែងទូហ្គេម។

ជុំវិញរឿងនេះអ្នកស្រីចង់ឲ្យអាជ្ញាធរជួយលុបបំបាត់ទូហ្គេមឲ្យអស់ពីតំបន់ដែលអ្នកស្រីរស់នៅ ដោយអ្នកស្រីយល់ថា ល្បែងហ្គេមជាចំណែកមួយអាចធ្វើឱ្យក្មេងប្រើប្រាស់គ្រឿងញៀនបានផងដែរ»។

គ្មានស្រី្តដឹកនាំ ទើបបញ្ហាក្នុងឃុំ សង្កាត់នៅតែគ្មានដំណោះស្រាយ

ស្ត្រីបានដើរតួនាទីសំខាន់ក្នុងគ្រួសារ ហើយក្រៅពីបំពេញភារកិច្ចជាម្តាយចិញ្ចឹមបីបាច់ ថែរក្សា អប់រំកូនចៅឲ្យក្លាយជាមនុស្សល្អក្នុងគ្រួសារ គឺសកម្មភាពរបស់ស្ត្រីបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចូលរួមធ្វើសេចក្តីសម្រេចចិត្តផ្សេងៗនៅសង្គមជាតិទាំងមូល។ ស្ត្រីជាមេផ្ទះយល់ថា បើមានស្ត្រីជាអ្នកដឹកនាំភូមិ ឃុំរបស់ពួកគេ បញ្ហាក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន និងបញ្ហាអសកម្មផ្សេងៗនឹងដោះស្រាយបាន ។

អ្នកស្រី សួង សារីម ពលរដ្ឋរស់នៅក្នុងភូមិបឹងឈូក សង្កាត់ទួលសង្កែ និយាយថា ស្ត្រីមានភាពទន់ភ្លន់ជាងបុរស
អ្នកស្រី សួង សារីម ពលរដ្ឋរស់នៅក្នុងភូមិបឹងឈូក សង្កាត់ទួលសង្កែ និយាយថា ស្ត្រីមានភាពទន់ភ្លន់ជាងបុរសក្នុងការដឹកនាំ (រូបភាព WMC )

អ្នកស្រី សួង សារីម ពលរដ្ឋរស់នៅក្នុងភូមិបឹងឈូក សង្កាត់ទួលសង្កែ ខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ បាននិយាយដូច្នេះថា ៖ «ខ្ញុំយល់ថាបុរសក៏ជាអ្នកដឹកនាំល្អដែរ ប៉ុន្តែបុរសមិនអាចអង្គុយស្តាប់បញ្ហារបស់ស្ត្រីដូចស្ត្រីគ្នាឯងទេ។ យើងជាស្រ្តីដូចគ្នាងាយស្រួលនិយាយគ្នា មិនដូចបុរសនោះទេ»។

អ្នកស្ត្រីឱ្យដឹងទៀតថា ប្រសិនបើមានបញ្ហាអ្វី មានមេឃុំ ឬចៅសង្កាត់ជាស្រ្តីអាចពិភាក្សានិងដោះស្រាយបាន ដូចជាបញ្ហាយុវជនទំនើងក្នុងភូមិ បញ្ហាទឹកលិចផ្ទះ ឬពលរដ្ឋមានបញ្ហាសុខភាពជាដើម។

ចំណែកអ្នកស្រី អ៊ុក សារឿន ជាម្តាយចិញ្ចឹមកូនពីរនាក់ក្នុងបន្ទុក រស់នៅក្នុងសង្កាត់ឃុំឃ្មួញ ខ័ណ្ឌពោធិ៍សែនជ័យ រៀបរាប់ថា បើបញ្ហាគ្រឿងញៀននៅតែកើតដដែលៗរាល់ថ្ងៃ នោះអំពើអសន្តិសុខនឹងកើតឡើងជារៀងរាល់ថ្ងៃដែរ។ អ្នកស្រីថា អំពើនេះកើតឡើងដោយសារអាជ្ញាធរមូលដ្ឋាន មិនមានការដោះស្រាយច្បាស់លាស់ក្នុងការលុបបំបាត់។

អ្នកស្រី អ៊ុក សារឿន រស់នៅក្នុងសង្កាត់ឃុំឃ្មួញ ខ័ណ្ឌពោធិ៍សែនជ័យ
អ្នកស្រី អ៊ុក សារឿន រស់នៅក្នុងសង្កាត់ឃុំឃ្មួញ ខ័ណ្ឌពោធិ៍សែនជ័យ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះការចូលរួមរបស់ស្ត្រីមានសារៈសំខាន់ក្នុងភូមិ ឃុំ (រូបភាព WMC )

ជុំវិញរឿងលុបបំបាត់គ្រឿងញៀនក្នុងភូមិឃុំរបស់ខ្លួន ពលរដ្ឋរូបនេះយល់ថា មានតែអ្នកដឹកនាំក្នុងភូមិឃុំជាស្ត្រីទេ ទើបអាចសហការនិងដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋបាន ។ អ្នកស្រី សារឿន បានពន្យល់ថា ស្ត្រីចូលរួមធ្វើកិច្ចការអ្វីមួយ ស្រ្តីតែងតែមានភាពទន់ភ្លន់ និងម៉ត់ចត់ជាងបុរសជានិច្ច។ លើសពីនេះអ្នកស្រីជឿជាក់ថា មេឃុំ ឬចៅសង្កាត់ជាស្រ្តី អាចដឹងទុក្ខធុរៈពលរដ្ឋរបស់ខ្លួនច្បាស់ជាងបុរស។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការប្រើប្រាស់គ្រឿងញៀន ឬសេពគ្រឿងញៀននៅកម្ពុជា មិនត្រឹមតែមាននៅកន្លែង ឬភូមិរបស់អ្នកស្រុកនោះទេ គឺសូម្បីវត្តអារាមក៏មានប្រើប្រាស់ផងដែរ។ ករណីនេះរដ្ឋាភិបាលដាក់ចុះយុទ្ធនាការបង្រ្កាបគ្រឿងញៀន រយៈពេលប្រាំមួយខែចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដោយលទ្ធផលរហូតមកទល់ពេលនេះសមត្ថកិច្ចបានបង្ក្រាបរាប់រយករណីហើយ។ បន្ថែមព័ត៌មានសូមចូលទៅកាន់គេហទំព័រអគ្គស្នងការដ្ឋាននរគបាលជាតិ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន ។

នៅក្នុងឆ្នាំ ២០១៥ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២០០០ ករណីគឺមានការកើនឡើង១០០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៤ ដែលបង្ក្រាបបាន ១០០០ ករណី ខណៈដែលសន្ទុះនៃការជួញដូរគ្រឿងញៀន ត្រូវបានគេមើលឃើញថាមានសភាពគគ្រឹកគគ្រេង និងរីករាលដាលនៅស្ទើរគ្រប់ច្រកល្ហក សូម្បីតែនៅក្នុងពន្ធនាគារ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភកាន់តែខ្លាំង៕

Share

ព័ត៌មានទាក់ទង

Image