អំពើផ្គើនរបស់ទីក្រុងព្យុងយ៉ាងដែលបានបាញ់កាំជ្រួចជាច្រើនគ្រាប់ រយៈពេលចុងក្រោយនេះគឺជាសញ្ញាដែលបញ្ជាក់ថា សង្គ្រាមនៅលើឧបទ្វីបកូរ៉េទំនងកើតមានឆាប់ៗនេះ ហើយស្របពេលដែលកូរ៉េខាងត្បូងបានបាញ់កាំភ្លើងកាលពីថ្ងៃចន្ទ ទី២៣ឧសភា ជាច្រើនគ្រាប់ចូលទឹកដី កូរ៉េខាងជើង ដោយព្រមានថា ក្រុងសេអ៊ូលមិនខ្លាចញញើតសោះឡើយ បើទោះ ជាសង្គ្រាមកើតនៅពេលណាក៏ដោយ។
ឥឡូវនេះកូរ៉េខាងជើងបានត្រៀមទ័ពរួចហើយដើម្បីវាយលុកចូលទឹកដីកូរ៉េខាងត្បូងចំពេលដែលទីក្រុង ព្យុងយ៉ាង ព្រមាន វាយប្រហារអាមេរិក ដោយ អាវុធនុយក្លេអ៊ែរ ។ យ៉ាងណាមិញ ក្រុងវ៉ាស៊ីនតោន បានចល័តនាវាចម្បាំងធំៗនិង ដាក់ពង្រាយ កាំជ្រួច ដើម្បីវាយប្រហារក្រុងព្យុងយ៉ាង រួចហើយដែរ។
តើសកម្មភាពនេះនាំឱ្យឧបទ្វីបកូរ៉េផ្ទុះសង្គ្រាមឆាប់ៗបានដែរឬទេ?
ទំនងមិនយូរទេសង្គ្រាមឧបទ្វីបកូរ៉េនឹងផ្ទុះឡើងហើយ ព្រោះពេលនេះគ្មានប្រទេសណាមួយអាចនិយាយឱ្យកូរ៉េខាងជើង ស្ដាប់បង្គាប់នោះទេ ទោះបីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដោយរួមទាំងប្រទេសចិននឹងរុស្ស៊ីសម្ព័ន្ធមិត្តរបស់ខ្លួន យល់ព្រមឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងព្យុងយ៉ាង ថែមទៀតនឹង កាន់តែធ្ងន់ធ្ងរក៏ដោយនោះ។
រយៈពេលមួយសប្ដាហ៍ចុងក្រោយនេះឃើញថា ក្រុងព្យុងយ៉ាងមិនត្រឹមតែបញ្ចេញវោហាសាស្ដ្រសង្គ្រាមពាក្យសម្ដីប្រឆាំង សហរដ្ឋអាមេរិកនោះទេ គឺប្រទេសផ្ដាច់ការមួយនេះបានបាញ់កាំជ្រួចអន្ដរទ្វីបជាច្រើនគ្រាប់បង្អើលពិភពលោកទៀតផង។
កាលពីថ្ងៃទី ២៣ ឧសភាកូរ៉េខាងត្បូងហាក់ដូចលែងទ្រាំនឹងការអត់ធ្មត់បានដោយបានបាញ់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ចូល ទឹកដីកូរ៉េខាងជើងបន្ទាប់ពីរកឃើញថាយន្ដហោះDroneមួយគ្រឿងរបស់កូរ៉េខាងជើងបានហោះចូលទឹកដីរបស់ខ្លួន។
ការបាញ់ព្រមានរបស់ទីក្រុងសេអ៊ូលក៏ត្រូវបានមើលឃើញថា ជាសញ្ញាអាក្រក់ដែលឆ្ពោះទៅរកសង្គ្រាមនៅលើឧបទ្វីបកូរ៉េ ខណៈក្រុងសេអ៊ូលបានប្រាប់ទៅក្រុងព្យុងយ៉ាងថាសង្គ្រាមផ្ទុះពេលណាក៏ខ្លួនទប់ទល់បានដែរ។
ការចល័តទ័ពនិងសព្វាវុធអាមេរិកបន្ថែមទៀតនៅកូរ៉េខាងត្បូងអាចនាំអោយផ្ទុះសង្គ្រាមយ៉ាងពិតប្រាកដ
អ្នកតាមដានបញ្ហាយោធានៅលើឧបទ្វីបកូរ៉េជាច្រើនមើលឃើញថា អាមេរិកអាចនឹងវាយលុកដោយសង្គ្រាមកាំជ្រួចទៅលើ កូរ៉េខាងជើងដែលគេថាក្នុងដំណាក់កាលជំហានដំបូងដើម្បីប្រាប់ថាភាពអត់ធ្មត់របស់ក្រុងវ៉ាស៊ីនតោនដល់កម្រិតហើយ។
ការបញ្ជូននាវាចម្បាំងធំៗរបស់សហរដ្ឋអាមេរិកមាន ដូចជា នាវាUSS Carl Vinson USS Ronald Reagan និង USS Michigan ដែលផ្ទុកកាំជ្រូចនិងយន្តហោះចម្បាំង បាន ទៅដល់សមុទ្រកូរ៉េខាងត្បូងស្របពេលកាំជ្រួចបាញ់កំទេចកាំ ជ្រួច របស់អាមេរិកគឺកាំជ្រួច THAAD ដែលមានប្រសិទ្ធភាពបំផុតក៏បានដាក់ពង្រាយរួចហើយនៅតាមព្រំដែននិងនៅលំហសមុទ្រ ដើម្បីត្រៀមប្រតិបត្តិការវាយប្រហារ។
លោកដូណាល់ត្រាំហៅ លោក គីមជុងអ៊ុន ថា មេដឹកនាំឆ្កួតលីលា ខណៈមន្ត្រីអាមេរិកចំអកថាក្រុងព្យុងយ៉ាង កំពុងពន្យុះ អាមេរិកឱ្យធ្វើសង្គ្រាម
លោក ដូណាល់ ត្រាំ បានហៅ លោក គីម ជុងអ៊ុន ជាមេដឹកនាំឆ្កួតលីលា ដែល គំរាមវាយប្រហារអាមេរិក ដោយ អាវុធនុយ ក្លេអ៊ែរ ។ លោក តាំ្រ បាន និយាយដូចនេះ ខណៈលោក បានហៅទូរស័ព្ទទៅលោក ឌូតើតតេ ប្រធានាធិបតី ហ្វីលីន ដែលក្នុង កិច្ចសន្ទនានេះ លោក ត្រាំ បានសរសើរ លោក តើតតេ ក្នុងការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ជាមួយគ្នានេះ ដែរ កាលពីថ្ងៃចន្ទទី២៣ឧសភាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រីNiKi Haley បាន និយាយចំអកឱ្យក្រុងព្យុងយ៉ាងថា កុំបញ្ឆេះអាមេរិកវាយប្រហារឱ្យសោះព្រោះពេលវេលាធ្វើសង្គ្រាមជាមួយអ្នក គឺកាន់ តែ ចូលមកដល់ហើយភាពអត់ធ្មត់របស់ អាមេរិកក៏កាន់តែអស់ដែរ។
លោកស្រីឯកអគ្គរដ្ឋទូតរូបនេះបានព្រមានដូចនេះស្របពេលដែលលោកស្រីប្រាប់ឱ្យប្រទេសចិន ឆាប់បញ្ចប់អំណាចរបស់ គីមជុងអ៊ុន នៅកូរ៉េខាងជើងឱ្យបានឆាប់បំផុត។ លោកស្រីបានព្រមានថា គ្មានពិភពលោកណាគាំទ្រក្រុងព្យុងយ៉ាងទេនៅ ពេលនេះដែលជាពេលវេលាមួយអាចឱ្យក្រុងវ៉ាស៊ីនតោន មានហេតុផលគ្រប់គ្រាន់ដើម្បីការពារសម្ព័ន្ធភាពរបស់ខ្លួនដែលរង ការវាយប្រហារពីសំណាក់កូរ៉េខាងជើងនោះ។
មិនថាឡើយកូរ៉េខាងត្បូងដែលបានប្រាប់ក្រុងព្យុងយ៉ាងថាខ្លួនមិនញញើតការផ្ទុះសង្គ្រាមនោះសូម្បីតែប្រទេសជប៉ុននៅឯនាយបន្ដិចពីកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏បានព្រមានថាក្រុងតូក្យូក៏មិនរួញរាឬក៏ញញើតប្រយុទ្ធដើម្បីការពារខ្លួននោះដែរ។
៣ឆ្នាំទៀត កូរ៉េខាងជើងអាចមានលទ្ធភាពប្រើអាវុធនុយក្លេអ៊ែរ ហើយអាចបាញ់ដល់ទឹកដីអាមេរិក
លោក ឧត្តមសេនីយ៍ទោ Vincent Stewart នាយកទីភ្នាក់ងារចារកម្មការពារជាតិ អាមេរិក បានប្រាប់ សវនាការនៃព្រឹទ្ធសភា អាមេរិកថា រយៈពេល ៣ ឆ្នាំទៀត កូរ៉េខាងជើង អាចមានលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរពេញ ទំហឹង ហើយ អាចវាយ ប្រហារ មកលើ ទឹកដីអាមេរិកទៀតផង។ លោកថា បើទុកឱ្យកូរ៉េខាងជើង នៅបន្តផលិត អាវុធនុយក្លេអ៊ែរទៀតនោះ គឺពិភព លោក នឹងគ្រោះថ្នាក់ហើយ ។ អ្នកជំនាញ ខាងផលិតកាំជ្រួច លោក John Schiling បានប៉ាន ស្មានថា នៅឆ្នាំ២០២០ កូរ៉េខាង ជើង អាចផលិត កាំជ្រួចអន្តរទ្វីប បានដោយជោគជ័យ ហើយ អាចបាញ់ដល់ប្រទេសអាមេរិកទៀតផង។
លោករដ្ឋមន្ត្រីការពារជាតិ អាមេរិក Jim Mattis ព្រមានថា ជម្លោះ ជាមួយកូរ៉េខាងជើងកាន់តែធ្ងន់ ទៅដែល ឆ្ពោះទៅរក សង្គ្រាម ដ៏ឈឺចាប់ និងមានទំហំធំមិនអាចប៉ាន់ស្មានបាន។
ការដាក់ទណ្ឌកម្ម កាន់តែខ្លាំង កូរ៉េខាងជើងកាន់តែ ផ្គើន គឺអាចបាញ់សាកល្បអាវុធនុយក្លេអ៊ែរជាថ្មីទៀត
បណ្ដាញផ្សាយព័ត៌មាន ជាច្រើន បានចុះផ្សាយថា នៅរយៈប៉ុន្មានថ្ងៃទៀតនេះ កូរ៉េខាងជើងអាចបាញ់កាំជ្រួចអន្តរទ្វីប ដោយភ្ជាប់ ក្បាលនុយក្លេអ៊ែរ ហើយជាការ គំរាមយ៉ាងពិតប្រាកដ ថាក្រុងព្យុងយ៉ាង ពិតជាមានសមត្ថភាព វាយប្រហារ អាមេរិកឬ ប្រទេសជប៉ុន ដោយ អាវុធប្រល័យលោកនេះ បើសង្រ្គាមផ្ទុះឡើង។
បើមានការសាកល្បងមែននោះ គឺជាលើកទី៦ហើយ ដែលប្រទេសផ្ដាច់ការមួយនេះ បានបាញ់អាវុធដែលពិភពលោក ហាម ប្រាណ ។ តែបែបនេះក្ដីគេដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេច ជាឯកច្ឆន្ទដាក់ ទណ្ឌកសេដ្ឋកិច្ច លើ ប្រទេសឯកោនេះ ដោយតម្រូវឱ្យបិទទាំងស្រុក មុខជំនួញ ប្រេងឥន្ទៈ ជាមួយ កូរ៉េខាងជើង ។ ករណីនេះ ប្រទេសចិន បាន យល់ព្រមទាំងស្រុងហើយ សន្យាបំពេញ តួនាទីឱ្យមានប្រសិទ្ធភាព ។ ប៉ុន្តែគេនៅតែ មើលឃើញថា ក្រុង ព្យុងយ៉ាង មិន ថប ថយឡើយ ព្រោះ ពីមួយទៅមួយថ្ងៃប្រទេសនេះ បានធ្វើសកម្មភាព ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយមិនចាប់អារម្មណ៍ ចង់ ចរចាជាមួយអាមេរិកឡើយ។
តាមការស្រាវជ្រាវ មួយរបស់ Wikipedia ប្រទេសកូរ៉េខាងជើង មានក្បាល់អាវុធនុយក្លេអ៊ែរ ចំនួន ២២គ្រាប់ ខណៈអាមេរិក មាន ៤៥០០គ្រាប់ ។
តែតាមទម្លាប់ របស់អាមេរិក បើមន្ទីរប៉ុងតាហ្គូន បញ្ជាឱ្យ បញ្ជូននាវាចម្បាំង ទី៨ ដែលផ្ទុក យន្តហោះ ចម្បាំងចំនួន ៣០០ គ្រឿង និងកាំជ្រួច រាប់ពាន់ដើម ឱ្យចេញទៅកាន់ សមុទ្រកូរ៉េហើយនោះ គឺ លទ្ធភាព នៃការវាយប្រហារ របស់អាមេរិក លើ ប្រទេសកូរ៉េខាងជើ់ង នឹងមានយ៉ាងពិតប្រាកដ។
អ្នកសង្កេតការណ៍ពិនិត្យ ឃើញថា ការដាក់ពង្រាយ កាំជ្រួចTHAAD និងការទៅដល់ របស់នាវាចម្បាំង៣គ្រឿងខាងលើនេះ អាចជាសញ្ញា មួយប្រាប់ថា សង្រ្គាមរវាងអាមេរិកនិង កូរ៉េខាងជើង កំពុងតែរង់ចាំពេលវេលាប៉ុណ្ណោះ៕