en     km
en     km

គ.ជ.ប អំពាវនាវឱ្យក្រុមថៅកែរោងចក្រសម្រួលឲ្យ​កម្មករ​ទៅបោះឆ្នោតបាន

Share

ភ្នំពេញ ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃទី២៤ ឧសភា នេះបានអំពាវនាវដល់ ក្រុមថៅកែសហគ្រាសនិងរោងចក្រ សម្រួលដល់ថ្ងៃឈប់សម្រាករបស់បុគ្គលិក កម្មករ និយោជិត  ដើម្បីឲ្យពួកគេអាច ទៅបោះ ឆ្នោតបានក្រុមប្រឹក្សាឃុំ សង្កាត់បាន។

រូបកម្មការិនីកំពុងដែរសម្លៀកបំពាក់នៅរោងចក្រមួយ
រូបកម្មការិនីកំពុងដែរសម្លៀកបំពាក់នៅរោងចក្រមួយ

បុគ្គលិក កម្មករ និយោជិត ទំនងអាចទទួលបានការឈប់សម្រាករយៈពេលសមស្របមួយដើម្បីអាចធ្វើដំណើរ ទៅបោះ ឆ្នោតបាន។

នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យគ.ជ.ប បញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា គ.ជ.ប នឹងចេញសេចក្តីអំពាវនាវ ទៅដល់ម្ចាស់សហគ្រាស ថៅកែរោងចក្រ ទាំងអស់ឲ្យបង្កភាពងាយស្រួលដល់ការឈប់សម្រាករបស់បុគ្គលិក កម្មករ និយោ ជិត ដើម្បីឲ្យពួកគេមានឱកាសគ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅបោះឆ្នោតបានគ្រប់គ្នាតាមលំនៅដ្ឋានឆ្ងាយជិតរៀងៗខ្លួន។

«និយោជកត្រូវតែពិនិត្យទៅលើលទ្ធភាពជាក់ស្តែង កម្មករខ្លះគាត់ចុះនៅភ្នំពេញ ឬកម្មករខ្លះគាត់ចុះនៅខេត្ត អាហ្នឹងត្រូវមើល ស្ថានភាពហ្នឹងទៅ។ ហើយគ.ជ.ប មិនដាក់កំហិតថា ត្រូវតែធ្វើតាមនោះទេ គ.ជ.ប លើកឡើងនូវសេចក្តីអំពាវនាវ»។

មានកម្មកររោងចក្រប្រមាណ៧០ម៉ឺននាក់កំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា។ កម្មករទាំងនេះភាគច្រើនគឺជាកម្លាំង យុវជនដែលមកពីបណ្តាខេត្តនានា។ ហើយពួកគេជាផ្នែកមួយនៃកម្លាំងយុវជនប្រមាណជា៣០ភាគរយនៃ ប្រជាពលរដ្ឋ សរុបដែលមានសិទ្ធិបោះឆ្នោត។

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា សាទរចំពោះការអំពាវនាវរបស់ គ.ជ.ប នេះ។ លោកសុំអំពាវនាវ ឱ្យថៅកែរោងចក្រ គួរបង្កភាពងាយស្រួលដល់កម្មករអាចឈប់សម្រាកបានគ្រប់គ្រាន់ ដើម្បីឱ្យពួកគេអាចធ្វើដំណើរទៅ បោះឆ្នោតបានគ្រប់គ្នា។ មួយវិញទៀតលោកប៉ាវ ស៊ីណា ក៏អំពាវនាវឱ្យកម្មករទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នាដើម្បី បំពេញ កាតព្វកិច្ចជាពលរដ្ឋល្អ។

លោក វ៉ាន់ សូអៀង ប្រធានសមាគមន៍រោងចក្រកាត់ដេរកម្ពុជា សាទរចំពោះការអំពាវនាវ។ លោកបន្តថា លោកនឹងប្រាប់ទៅ សមាជិកទាំងអស់ឱ្យអនុវត្តតាមសេចក្តីអំពាវនាវនេះ៕

Share

Image
Image
Image