en     km
en     km

ស្រ្តីបំរើសេវាកំសាន្តសប្បាយកំពុងរងគ្រោះដោយ​សារ​គ្រឿងញៀន(មានសំឡេង)

Share

ភ្នំពេញ៖ ស្រ្តីបំរើសេវាកំសាន្តមួយចំនួនបានប្រើប្រាស់គ្រឿងញៀន ដើម្បីបន្ថែមថាមពលទៅបំរើការងារ និងបំរើការ សប្បាយផ្ទាល់ខ្លួន។ នេះបើយោងតាមរបាយការណ៍អង្កេតថ្នាក់ជាតិរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០១៦។

សកម្មភាពសេពគ្រឿងញៀន។រូបភាពពី Face book
សកម្មភាពសេពគ្រឿងញៀន។រូបភាពពី Face book

ស្ត្រីដែលកំពុងបម្រើការក្នុងសេវាកំសាន្តប្រមាណ ១០ ភាគរយកំពុងប្រើប្រាស់គ្រឿងញៀន។

តាមរបាយការណ៍អង្កេតរបស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជម្ងឺអេដស៍ សើស្បែក និងកាមរោគ ដែលធ្វើការស្រាវជ្រាវលើ ស្រ្តីសេវាកំសាន្តសប្បាយជាង ៣ ពាន់បានបញ្ជាក់ថា ស្រ្តីទាំងនោះបានសេពគ្រឿងញៀនប្រភេទ អំហ្វេតាមីន យ៉ាម៉ា និង ម៉ាទឹកកក ។ ចំណែកស្រ្តីជាង ១% ទៀត បានប្រើប្រាស់គ្រឿងញៀនតាមរយៈការចាក់ដោយប្រើសឺរ៉ាំង។

របាយការណ៍ខាងលើត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃចន្ទ័ក្នុងសិក្ខាសាលាមួយក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែមិនមានការបញ្ជាក់អំពីមូលហេតុនៃការសេពគ្រឿងញៀនរបស់ស្ត្រីទាំងនោះទេ។

លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា មានប្រសាសន៍ថា មូលហេតុដែលនារីបំរើការងារក្នុងគ្រឹះស្ថានកំសាន្ត សប្បាយប្រើប្រាស់គ្រឿងញៀន ព្រោះពួកគេត្រូវការថាមពលដើម្បីបំពេញការងារ បំរើការសប្បាយផ្ទាល់ខ្លួន ហើយនារីទាំង នេះក៏ងាយរងគ្រោះក្នុងការអូសទាញផងដែរ។

លោកបន្តថា អង្គការខាណា បានចុះអប់រំស្រ្តីទាំងនេះពីបញ្ហាជម្ងឺអេដស៍ និងផលប៉ះពលនៃការប្រើប្រាស់គ្រឿងនេះផងដែរ។

«យើងតែងនិយាយពីគ្រឿងញៀន តើថាផលប៉ះពលនៃគ្រឿងញៀនមានស្អីខ្លះសម្រាប់គាត់ ដែលធ្វើការក្នុងមុខរបបហ្នឹង ហើយថាគាត់គួរកាត់បន្ថយការប្រើប្រាស់យ៉ាងម៉េច ដើម្បីឱ្យមានសុខភាពល្អ។ នេះគឺជាការបញ្ចូលសាររបស់យើង សម្រាប់ ជួយដល់ពួកគាត់គឺផ្តោតសំខាន់ទៅលើសុខភាពរបស់គាត់»

 លោកស្រី រស់ សុភាព នាយិកាអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា មានប្រសាសន៍ថា ការប្រព្រឹត្តគ្រឿងញៀនបានធ្វើ ឱ្យជីវភាពនារីប្រកបរបបកំសាន្តសប្បាយទាំងនោះ កាន់តែខ្វះខាតថែមទៀត ។ ហើយតម្លៃជាស្រ្តីក៏ធ្លាក់ចុះផងដែរ ខណៈ ការងារជានារីកំសាន្តសប្បាយត្រូវបានសង្គមមិនសូវឱ្យតំលៃនោះ។

«ទាំងប្រឈមហ្នឹងជីវភាពរស់នៅខ្វះខាត ហើយធ្វើឱ្យគាត់ហ្នឹងអាចប្រព្រឹត្តអំពើដែលសង្គមមិនឱ្យតំលៃយូរៗទៅខ្លួនរបស់ គាត់ហ្នឹងលែងគិតថាខ្លួនឯងជាមនុស្សម្នា»

កាលពីថ្ងៃ២០ ឧសភា សមត្ថកិច្ចកម្ពុជាបានរឹបអូសគ្រឿងហេរ៉ូអ៊ីន និងមេតំហ្វេតាមីនគ្រីស្តាល់ ឬ ម៉ាទឹកកក ទម្ងន់ជាង ៦០ គីឡូក្រាម អំឡុងការឆ្មក់ចាប់ក្នុងរាជធានីភ្នំពេញ និងខេត្តរតនគិរី។ ជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួន ក្នុងការឆ្មក់ចាប់នេះ ហើយបានចោទប្រកាន់ពីបទជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់៕

Share

ព័ត៌មានទាក់ទង

Image