ភ្នំពេញ៖ ក្រុមយុវជនសមាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍ (SSEAYP) ចំនួន ៧០ នាក់ នឹងចូលរួមដាំដើមកោងកាងនៅក្នុងសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ – ៣០ ខែសីហាខាងមុខនេះ។ ការចូលរួមដាំដើមកោងកាងរបស់ក្រុមយុវជននេះ ធ្វើឡើងក្នុងគោលបំណងស្ដារព្រៃកោងកាងដែលបាត់បង់ឡើងវិញ បញ្ជ្រាបចំណេះដឹងពីសារៈសំខាន់ព្រៃកោងកាងដល់យុវជននិងពលរដ្ឋនៅក្នុងសហគមន៍ ព្រមទាំងជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៏និងអ្នករស់នៅតំបន់ជុំវិញឱ្យមានឱកាសក្នុងការស្វែងរកចំណូលបន្ថែមពីវិស័យទេសចរណ៍បែបធម្មជាតិ។
អ្នកសម្របសម្រួលកម្មវិធីដឹកនាំយុវជនខាងលើ លោក ហោ សិទ្ធី បានប្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជាថា៖ «កម្មវិធីដាំដើមកោងនៅតំបន់ខាងលើ រៀបចំឡើងដោយក្រុមយុវជនរបស់សមាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាឆ្នាំ ២០១៥ មានការជួយឧបត្ថម្ភពីក្រសួងបរិស្ថាន ដើម្បីជួយស្តារស្ថានភាពព្រៃកោងកាងដែលកំពុងបាត់បង់ដោយសារការខ្វះការយកចិត្តទុកដាក់អភិរក្សពីពលរដ្ឋក្នុងតំបន់»។
លោកបានបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ត្រពាំងសង្កែ បានបាត់បង់មុខរបររបស់ខ្លួនបណ្តើរៗដោយសារចំនួនដើមកោងកាងមានការធ្លាក់ចុះ។ ប្រសិនបើអាចស្ដារស្ថានភាពព្រៃកោងកាងឱ្យមានឡើងវិញ នោះប្រជាពលរដ្ឋ ជាពិសេសយុវជននៅក្នុងតំបន់នឹងមិនធ្វើចំណាកស្រុកទៅក្រៅប្រទេសឡើយ ហើយតំបន់នោះ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរ បានច្រើនថែមទៀតផង។
«រយៈពេល ៤ ថ្ងៃនេះ ក្រៅពីសកម្មភាពដាំដើមកោងកាងឡើងវិញ ក្រុមយុវជនរបស់សមាគមន៍នាវាយុវជន នឹងមានកម្មវិធីបញ្ជ្រាបចំណេះដឹងនានាពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់ដើមកោងកាងទៅដល់ពលរដ្ឋនិងយុវជននៅក្នុងសហគមន៍ផងដែល។ កម្មវិធីរបស់ក្រុមយុវជននេះ មានការរំពឹងទុកថា ប្រជាពលរដ្ឋនិងយុវជនក្នុងសហគមន៍ត្រពាំងស្រែ យល់កាន់តែច្បាស់ពីសារៈសំខាន់នៃដើមកោងកាង ចូលរួមថែរក្សា ការពារដើមកោងកាង ហើយប្រជាពលរដ្ឋនឹងមានគំនិត ការច្នៃប្រឌិតថ្មីៗក្នុងការអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួន ទន្និផលត្រីនឹងមានការកើនឡើង ដើម្បីប្រែក្លាយសហគមន៍នេះ ទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញសម្រាប់ទេសចរ»។ នេះបើតាមលោក ហោ សិទ្ធី បញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា សហគមន៍នេសាទត្រពាំងសង្កែត្រូវបានបង្កើតឡើង កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០០៩ គ្រប់គ្រងលើដែននេសាទ ទំហំ ៣៣៧ ហិចតា ក្នុងនោះព្រៃកោងកាងមានចំនួន ៣១ ហិកតា។ គោលបំណងនៃការបង្កើតសហគមន៍នេះឡើង គឺដើម្បីការពារតំបន់នេសាទ ថែរក្សាព្រៃលិចទឹក បញ្ចៀសពីបទល្មើសនេសាទផ្សេងៗ៕