en     km
en     km

នាយករដ្ឋមន្ដ្រីទៅគោរពវិញ្ញាណក្ខន្ធសពកងទ័ពមួកខៀវកម្ពុជាទាំងយប់

Share

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា ដែលមានឯកសណ្ឋានកងទ័ព និងមានពាក់ផ្កាយលើស្មាផ្កាយមាសប្រាំ បានទៅ គោរពវិញ្ញាណក្ខន្ធសពកងទ័ពមួកខៀវកម្ពុជាដោយផ្ទាល់ នៅអាកាសយាន្ដដ្ឋានភ្នំពេញអន្ដរជាតិវេលាម៉ោង ៩ យប់នៅ ថ្ងៃអាទិត្យទី ២១ ឧសភានេះ។

រូបទានហានមួកខៀវកម្ពុជា ៤ រូបដែលបានបាត់បង់ជីវិតនៅអាហ្វ្រិចកណ្តាល ដែលដាក់តាំងនៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងម្លាំងរក្សាសនិ្តភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមនៅក្នុងខ័ណ្ឌទួលគោក ភ្នំពេញ។
រូបថតទាហានមួកខៀវកម្ពុជា ៤ រូបដែលបានបាត់បង់ជីវិតនៅអាហ្វ្រិចកណ្តាល ដាក់តាំងនៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងម្លាំងរក្សាសនិ្តភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមនៅក្នុងខ័ណ្ឌទួលគោក ភ្នំពេញ។ wmc/កែវ សុខា

សពកងទ័ពមួកខៀវកម្ពុជា ៤ នាក់ត្រូវបានដឹកមកដល់អាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ នៅម៉ោងប្រហែល ៨ យប់ថ្ងៃ អាទិត្យនេះ ដែលសពពួកគេបានដាក់ក្នុងមឈូសគ្របដោយទង់ជាតិខ្មែរ និងទង់ជាតិអង្គការសហប្រជាជាតិ ហើយមាន រូបថតដាក់កម្រងផ្កាអ្នកទាំង ៤រូប។ ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្ដ្រីបានគោរពវិញ្ញាណក្ខន្ធអ្នកទាំង ៤ ដោយទឹកមុខ ក្រៀមក្រំ។

សម្ដេចបានចាត់ទុកការបាត់បង់ជីវិតកងទ័ពមួកខៀវទាំង ៤ រូបនេះគឺជាការបាត់បង់ដ៏ធំធេងរបស់ជាតិមាតុភូមិ ហើយបាន ចាត់ទុកការពាលីរបស់ពួកគេ គឺជាការពាលីប្រកបដោយកិត្តិយសសំរាប់ជាតិមាតុភូមិ។ នេះបើតាមការចុះផ្សាយរបស់ គេហ ទំព័រសិ្នទ្ធជាមួយរដ្ឋាភិបាលអង្គភាពព័ត៌មាន Fresh News ។

កងទ័ពមួកខៀវទាំង ៤ រូបនេះមានឈ្មោះ អឹម សំ អាយុ ៣៧ឆ្នាំ មានឋាន្ដរស័ក្ដ អនុសេនីយ៍ទោ។  លោកអនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ លោកព្រឹន្ទបាលទោ ស៊ាង នរិន្ទ អាយុ៣៥ឆ្នាំ និង ព្រឹន្ទបាលទោ មុំ តុលា។ កងទ័ពមួកខៀវកម្ពុជាទាំង ៤ រូបនេះមានបេសកកម្មទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាលក្នុងក្របខ័ណកងរក្សាសន្ដិភាពអង្គការសហប្រជាជាតិ។ ប៉ុន្ដែពួកគាត់ជាកងទ័ពមួកខៀវក្នុងអង្គភាពវិស្វកម្ម។

ពួកគាត់ត្រូវបានបាត់បង់ជីវិតដោយសារការវាយប្រហាររបស់ក្រុមពួកឧទ្ទាមកាលពីថ្ងៃទី ៩ ឧសភា។ កម្ពុជាបានបញ្ជូនកង ទ័ពរបស់ខ្លួនក្នុងក្របខ័ណអង្គការសហប្រជាជាតិចាប់ពីឆ្នាំ២០០៦ មកមានចំនួន៤៦៨៩នាក់ ។ ពួកគេបានបំពេញបេសកកម្ម នៅប្រទេសអាហ្វ្រិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី សូដង់ សូដង់ខាងត្បូង និង ប្រទេស សាធារណរដ្ឋ ឆាដ ដោយការប្ដូរវេនគ្នា រវាងកងទ័ពកម្ពុជាដែលត្រូវបញ្ជូនទៅប្រទេសទាំងនោះ។ នេះជាលើកដំបូងហើយដែលកងទ័ពមួកខៀវកម្ពុជារង ការវាយ ប្រហារនិងបាត់បង់ជីវិតមានចំនួនច្រើនបែបនេះ៕

 

Share

Image
Image
Image