ភ្នំពេញ៖ នៅថ្ងៃទី២១ ឧសភា ដែលជាថ្ងៃទី២ នៃការឃោសនា រកសំលេងឆ្នោត គណបក្សប្រជាជនកម្ពុជា បានហែរក្បួនឃោសនា ទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។ ក្បូនឃោសនានេះ មានអ្នកគាំទ្រជាច្រើនពាន់នាក់ចូលរួម។
ក្បួនដង្ហែរ បានចាប់ផ្តើមចេញដំណើរពីមជ្ឈមណ្ឌលកោះពេជ្រ ទីដែលសកម្មជនគណបក្សនេះជួបជុំគ្នា សំដៅឆ្ពោះទៅដងវិថីនានាក្នុងរាជធានីភ្នំពេញ។
ក្រុមសកម្មជននិងអ្នកទទួលខុសត្រូវនយោបាយមូលដ្ឋាន ក្នុងសំលៀកបំពាក់អាវស និងមួកពណ៌ស ដែលគ្រវីទង់បក្សពណ៌បៃតងខ្ចី រំលេចដោយរូបទេវតាបាចផ្កានៅចំកណ្តាល បានធ្វើដំណើរដោយម៉ូតូ ដោយរថយន្តទេសចរណ៍និងរថយន្តទ្រុង ដោយមានការចាក់ផ្សាយពីគោលនយោបាយរបស់គណបក្សតាមឧឃោសនសព្ទ័។ សារដែលរំលឹកពីការរំដោះប្រទេសពីរបបខ្មែរក្រហម ការគ្រប់គ្រងសម្រាប់ការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ រួមទាំងការការពារសន្តិភាព និងការពង្រឹងវឌ្ឍនភាពនៅតាមមូលដ្ឋានជាដើម។
ក្រុមអ្នកគាំទ្រនៅក្នុងក្បួន បានស្រែកអំពាវនាវឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
ក្បួនឃោសនាដ៏ធំនេះ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចទាំងពីររូបមិនបានថ្លែងសារដោយផ្ទាល់ទៅកាន់ប្រជាពលរដ្ឋនៅតាមដងផ្លូវនោះទេ។
ទោះជាយ៉ាងណាមានការចាក់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សាររបស់សម្តេចហ៊ុន សែន ដែលអានដោយអ្នកអានព័ត៌មានមួយរូបបានរំលឹកពីស្នាដៃរបស់គណបក្សកាន់អំណាចនិងការអំពាវនាវឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ក្រៅពីការចាក់សារ របស់ថ្នាក់ដឹកនាំ អ្នកចូលរួមក្បួនដង្ហែរបាននាំគ្នា រាំ និងច្រៀង លើរថយន្តដែលកំពុងតែធ្វើដំណើររំកិលទៅមុខ។
ប៉ូលីសចរាចរណ៍បានជួយសម្រួលចរាចរណ៍របស់ក្បួនដង្ហែរដើម្បីចៀសវាងការកកស្ទះចរាចរណ៍យូរពេល។
ក្នុងពិធីជួបជុំជាមួយសកម្មជន និងតំណាងគណបក្សក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២០ ឧសភា គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំ បានរំពឹងថាខ្លួននឹងដណ្តើមជ័យជំនះសារជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ឱ្យគ្រប់គណបក្សនយោបាយទាំងអស់ដែលចូលរួមប្រកួតប្រជែង ហែរក្បួនឃោសនាជាលក្ខណៈទ្រទ្រាយធំ បានតែ២ដងប៉ុណ្ណោះ ក្នុងរយៈពេល១៤ថ្ងៃ។ ក្រៅពីនេះ គណបក្សនីមួយៗ អាចដើរចែកខិត្តប័ណ្ណ និង ចាក់ឧឃោសនស័ព្ទ ផ្សព្វផ្សាយនៅតាមទីស្នាក់ការ ឬទៅកន្លែងណាមួយ ដែលមិនមានការហាមឃាត់ និងផ្សព្វផ្សាយនៅតាម ទូរទស្សន៍ និងវិទ្យុ។
ការឃោសនាបោះឆ្នោត នឹងត្រូវបញ្ចប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២0១៧។ រីឯនៅថ្ងៃទី៣ ខែមិថុនា គឺមួយថ្ងៃមុនថ្ងៃបោះឆ្នោត គឺជា«ថ្ងៃស» ដែលតម្រូវឱ្យគណបក្សនយោបាយទាំងអស់រក្សាភាពស្ងៀមស្ងាត់ ដោយមិនត្រូវឃោសនាអ្វីឡើយ៕