en     km
en     km

ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនាបោះឆ្នោត​ដំណើរ​ដោយ​គ្មាន​ឧបទ្ទវហេតុ​ធំដុំ​ (មានសំឡេង)

Share

ភ្នំពេញ៖ ដោយឡែកចំពោះទិដ្ឋភាពទូទៅនៃការឃោសនាបោះឆ្នោតនេះវិញ ក្រុមមន្ត្រីគណបក្សបយោបាយអះអាងថាដំណើរការឃោសនាជាទូទៅ គ្មានបញ្ហាធំដុំកើតឡើងទេ។
ក៏ប៉ុន្ដែបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា រហូតដល់ម៉ោង ៤ រសៀលនេះ គណបក្សប្រជាជនកម្ពុជា បានប្ដឹងបក្សសង្គ្រោះជាតិមួយករណី ពីបទរាំងផ្លូវដង្ហែក្បូនរបស់បក្ស។

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជួបជុំគ្នានៅកោះពេជ្រ នៅថ្ងៃឃោសនាដំបូង

ការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២០ ឧសភា នេះគឺជាថ្ងៃទី០១ ដែលនៅសល់ចំនួន ១៣ថ្ងៃទៀតនឹងត្រូវបិទបញ្ចប់។
តាមការអះអាងរបស់លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ ដឹងថា សម្រាប់គណបក្សលោកដែលមានសមាជិក និងអ្នកគាំទ្រចូលរួមតាមការវាយតម្លៃដំបូងៗ អាចជាង ៧ម៉ឺននាក់ គឺមិនមានអ្វីដែលខុសប្រក្រតីនោះទេ។ «ដំណើរនេះគឺមានសណ្ដាប់ធ្នាប់ល្អ យើងគោរពតាមបទបញ្ជានឹងការណែនាំរបស់ គ.ជ.ប ហើយយើងគោរពបានទាំងអស់ដោយគោរពបានទាំងសណ្ដាប់ធ្នាប់ នឹងវិន័យ»។
ជាមួយគ្នានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សង្កត់ធ្ងរថា ប្រជាពលរដ្ឋដែលនាំគ្នាចូលរួមហែគណបក្សនេះ ព្រោះតែពលរដ្ឋបានដឹងច្បាស់ពីគុណសម្បត្ដិរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺការការពារសន្ដិភាព។
មិនខុសគ្នាដែរគណបក្សសង្គ្រោះជាតិក៏បានអះអាងថា ក្បូរហែបក្សរបស់ខ្លួន គឺដំណើរការទៅប្រកបដោយរលូន គ្មានការប៉ះទង្គិចគ្នាអ្វីឡើយ។ លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្ដ្រ ក៏បង្ហាញក្ដីរីករាយផងដែរ ដែលមន្ដ្រីចរាចរណ៍បានចូលរួមជួយដល់ដំណើរហែក្បូន ប្រកបដោយសណ្ដាប់ធ្នាប់។ លោកបង្ហាញក្ដីសង្ឃឹមថា ដំណើរការឃោសនារកសំឡេងឆ្នោតនឹងប្រព្រឹត្ដបានយ៉ាងល្អរហូតដល់ថ្ងៃបិទបញ្ចប់។
តែយ៉ាងណាលោក យ៉ែម បុញ្ញាឬទ្ធិ ក៏សំណូមពរផងដែរដល់អ្នកគាំទ្រ សកម្មជន បក្សទាំងអស់ត្រូវតែចៀសវាងឲ្យបានការបង្កើតជម្លោះណាមួយ ជាពិសេសគឺមិនត្រូវប្រើពាក្យសម្ដីជេរ ប្រមាថ ដែលខុសទៅនឹងបទបញ្ជារបស់ គ.ជ.ប នោះឡើយ។
ចំណែកគណបក្សខ្មែររួបរួមជាតិក៏មានក្បូនឃោសនារកសំឡេងឆ្នោតដូចនឹងគណបក្សធំៗទាំងពីរខាង
លើដែរ ក៏ប៉ុន្ដែគណបក្សនេះមិនបានហែរក្នុងទីក្រុងភ្នំពេញទេ ព្រោះមិនបានដាក់បេក្ខភាពឈរឈ្មោះទូទាំងប្រទេស។
លោក ញឹក ប៊ុនឆៃ ប្រគណបក្សបានឲ្យដឹងថា តាំងពីព្រឹករហូតមក ក្បូនហែរគណបក្សរបស់លោក ពុំមានបញ្ហាអ្វីដែលជាអសកម្មនោះទេ ពោលគឺដំណើរការទៅប្រកបដោយសន្ដិវិធី។ ទន្ទឹមនឹងនេះលោក ក៏សំណូមដល់គ្រប់គណបក្សនយោបាយត្រូវប្រកាន់នូវក្រមសីលធម៌ នៃការប្រើប្រាស់ពាក្យសម្ដី ដើម្បីបញ្ចៀសការបង្កទំនាស់ណាមួយ។
ដូចគ្នាដែរគណបក្សអំណាចខ្មែរក្នុងក្បូរដង្ហែបក្សក៏មិនមានបញ្ហាអ្វីដែរ ពោលគឺក្បូនហែទៅដោយគ្មានអ្វីមករាំងស្ទះនោះឡើយ។ លោក ទេព វីរៈ អ្នកនាំពាក្យគណបក្សខ្មែរក៏បានផ្ញើរសារដល់ពលរដ្ឋ ត្រូវធ្វើយ៉ាងណាមើលគណបក្សនយោបាយឲ្យបានច្បាស់ មុនពេលសម្រេចចិត្ដគាំទ្រ។ ជាងនេះលោកសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋបើចង់ជួយជាតិពិតប្រាកដ មិនត្រូវជឿជាក់ត្រឹមអំណោយបន្ដិចបន្ដូចដែលបក្សខ្លះយកមកបោកបញ្ឆោតនោះទេ។
ថ្វីបើគណបក្សនយោបាយបានអះអាងគ្មានភាពមិនប្រក្រតីអ្វីកើងឡើងក៏ដោយ ប៉ុន្ដែបើតាមអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានឲ្យដឹងថា នៅថ្ងៃនេះ គ.ជ.ប បានទទួលពាក្យបណ្ដឹងមួយករណី ដែលប្ដឹងគណបក្សសង្គ្រោះជាតិ ដោយគណបក្សប្រជាជនកម្ពុជា ពីបទរារាំងក្បូនដង្ហែរបស់គណបក្ស។
សម្រាប់អង្គការខុហ្វ្រែលក៏ទទួលដំណឹងពីការអ្នកសង្កេតការណ៍របស់ខ្លួនថា មានការប្រទាំងប្រទើសមួយករណីដែលរវាងគណបក្សនយោបាយក៏ប៉ុន្ដែព័ត៌មានលម្អិតខាងអង្គការនេះមិនទាន់ទទួលនៅឡើយ។
លោក កង សាវាង្ស មន្ដ្រីជាន់ខ្ពស់របស់អង្គការខុហ្វ្រែលបានឲ្យដឹងថា ការប៉ះទង្គិចគ្នារបស់បក្សនយោបាយខណៈហែក្បូរនេះទំនងមានតែមួយករណីនេះទេ។ តែយ៉ាងណាលោកសំណូមពរដល់សកម្មជន អ្នកគាំទ្រគណបក្សនយោបាយ និងគណបក្សទាំងអស់ ត្រូវតែប្រើចរិកចាស់ទុំ ក្នុងការឃោសនាដើម្បីបញ្ចៀសបញ្ហាផ្សេងៗ។
សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧នេះ មានតែគណបក្សនយោបាយពីរប៉ុណ្ណោះដែលមានបេក្ខភាពនៅគ្រប់ ១៦៤៦ ឃុំ នោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕

Share

Image
Image
Image