ថ្វីបើបានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិហើយក្តី នៅថ្ងៃនេះដែរ លោកសម រង្ស៊ី បានពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាបោះឆ្នោតជូនគណបក្សប្រឆាំង ដោយលោកអះអាងថាគណបក្សនេះនឹងនាំឲ្យមានការផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន ដោយស្មគ្រ័ចិត្តនៅក្រៅប្រទេសនៅថ្ងៃនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាបោះឆ្នោតគាំទ្រមេឃុំ ចៅសង្កាត់គណបក្សសង្គ្រោះជាតិដើម្បីអ្វីមួយដែលលោកហៅថាសម្រាប់«ការផ្លាស់ប្តូរជាវិជ្ជមាន»នៅថ្ងៃខាងមុខ។
លោក សម រង្ស៊ី បានថ្លែងដូច្នេះលើទំព័រហ្វេសប៊ុករបស់លោក ដោយបានលោកបង្ហាញពីគោលនយោបាយសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ និងទិសដៅផ្តល់ថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះ។
លោកសម រង្ស៊ី បានលាឈប់ពីប្រធានគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះដើម្បីគេចពីសម្ពាធហានិភ័យជាយថាហេតុណាមួយដែលអាចបង្កឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិដោយអំណាចច្បាប់ស្តីពីគណបក្សនយោបាយថ្មី។ ច្បាប់ដែលហាមមិនឲ្យជនដែលជាប់ពិរុទ្ធ ដឹកនាំបក្សនយោបាយ ហើយប្រសិនបើជននោះ មានពិរុទ្ធធ្ងន់ធ្ងរអាចនឹងត្រូវរំលាយគណបក្សទៀតផង។
លោកឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថាការលើកឡើងរបស់លោកសម រង្ស៊ី គ្រាន់តែជាការលើកឡើងផ្ទាល់ខ្លួនមួយ។
ដោយឡែកលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថាការលើកឡើងរបស់លោកសម រង្ស៊ី «គឺជាសិទ្ធិបុគ្គលរបស់លោក សម រង្ស៊ី»។
សូមបញ្ជាក់ថាការអំពាវនាវរបស់លោកសម រង្ស៊ី ឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើឡើងចំពេលដែលគណបក្សនយោបាយសរុបចំនួន១២ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង ក្នុងក្របខណ្ឌ័យុទ្ធនាការរយៈពេលពីរសប្តាហ៍៕