en     km
en     km

គណបក្ស​កាន់​អំណាច​រំពឹង​ឈ្នះ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់​បន្តទៀត

Share

គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរ បានរំពឹងថាខ្លួននឹងដណ្តើមជ័យជំនះសារជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះ។

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជួបជុំគ្នានៅកោះពេជ្រ នៅថ្ងៃឃោសនាដំបូង
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជួបជុំគ្នានៅកោះពេជ្រ នៅថ្ងៃឃោសនាដំបូង

 

សេចក្តីអះអាងនេះ ធ្វើឡើងក្នុងពិធីជួបជុំជាមួយសកម្មជន និងតំណាងគណបក្សក្នុងរាជធានីភ្នំពេញមុននឹងសកម្មជន និងតំណាងគណបក្សប្រជាជនកម្ពុជា ទាំងនេះចេញដំណើរឃោសនាស្វែងរកសំលេងឆ្នោត។

នៅចំពោះមុខអ្នកគាំទ្រនិងសកម្មជនរួមទាំងអ្នកដឹកនាំនយោបាយមូលដ្ឋានក្នុងរាជធានីភ្នំពេញប្រមាណជាងមួយម៉ឺននាក់ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តោតការរំពឹងទុកជាស្រេចថាគណបក្សដែលកាន់អំណាចជិតបួនទសវត្សរបស់លោកនឹងទទួលបានជ័យជំនះពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នេះ។ ការបោះឆ្នោតដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ខែមិថុនា។

ពាក់ឯកសណ្ឋានអាវពណ៌ ស និងមួកពណ៌ ស ដែលមានសញ្ញាទេវតា បាចផ្កាអ្នកគាំទ្រនិងសកម្មជន រួមទាំងអ្នកដឹកនាំនយោបាយមូលដ្ឋានក្នុងរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមចេញដំណើរ ពីការជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីធ្វើការឃោសនាស្វែងរកការគាំទ្ររកសំលេងឆ្នោតតាមសង្កាត់រៀងៗគ្នាក្នុងខណ្ឌ័ទាំង១២នៃរាជធានីភ្នំពេញ។

នៅតាមទីស្នាក់ការគណបក្សតាមសង្កាត់និងខណ្ឌ័នានា មានការចាក់សាររបស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានដោយអ្នកអានព័ត៌មានមួយរូប។ សារដែលសម្តេចហ៊ុន សែន រំលឹកត្រួសៗពីការកសាងមូលដ្ឋានភូមិឃុំ ការកាត់បន្ថយភាពក្រីក្រ និងការរក្សាសន្តិសុខសុវត្ថិភាព។ ក្នុងពេលនោះសម្តេចប្រធានគណបក្សកាន់អំណាចក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាបោះឆ្នោតជ្រើសរើសយកគណបក្សកាន់អំណាច។

ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មិនធ្វើការហែក្បួនទ្រង់ទ្រាយធំ ក្នុងរាជធានីភ្នំពេញទេ នៅថ្ងៃចាប់ផ្តើមការឃោសនាបោះឆ្នោតនៅថ្ងៃនេះ។ប៉ុន្តែធ្វើការប្រមូលផ្តុំគ្នានៅតាមទីស្នាក់ការបក្សនៅតាមមូលដ្ឋាននិងធ្វើការចែកខិតបន័និងបិទប្រកាសពីគោលនយោបាយរបស់គណបក្ស រួមទាំងចាក់ផ្សាយសារជាសំលេងនូវគោលនយោបាយទាំងនោះ។ ក្នុងនោះដែរ គណបក្សកាន់អំណាចមិនបានភ្លេចរំលឹកពីស្នាដៃរបស់ខ្លួនក្នុងការផ្តួលរំលំរបបខ្មែរក្រហមនោះទេ៕

Share

ព័ត៌មានទាក់ទង

Image