en     km
en     km

CNRPផ្តើមឃោសនា ជាមួយគោលនយោបាយសំខាន់៥ចំណុចដើម្បីទាក់ទាញអ្នកគាំទ្រ

Share

មនុស្សច្រើនពាន់នាក់ចូលរួមហែរក្បួនរបស់គណបក្សសង្គ្រោះជាតិនៅសៅរ៍ទី២០ឧសភា ដែលជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ ប្រធានគណបក្ស លោក កឹម សុខា  លោកកឹម សុខា បានអំពាវប្រជាពលរដ្ឋ បោះឆ្នោតឱ្យ គណបក្សសង្រ្គោះជាតិ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានតាមសេចក្តីត្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋ។

លោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រ នៅលើផ្លូវ៦០ម៉ែត្រ មុនចេញចេញក្បួនឃោសនា
លោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រ នៅលើផ្លូវ៦០ម៉ែត្រ មុនចេញចេញក្បួនឃោសនា

ថ្លែងនៅមុនក្បួនដង្ហែរដ៏វែងរបស់គណបក្សសង្គ្រោះជាតិ ចេញដំណើរឆ្លងកាត់រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ទី២០ ខែឧសភានេះ ដែលជាថ្ងៃចាប់ផ្តើមការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោកកឹម សុខា បានបង្ហាញគោលនយោបាយអទិភាព៥ចំណុច ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះ យល់ថាអាចបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋនៅតាមមូលដ្ឋានបាន។

ក្រុមអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិបានឈរប្រសាចលើផ្លូវ៦០ ម៉ែត្រដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីស្នាក់ការគណបក្សប្រឆាំង។ ក្នុងសំលៀកបំពាក់អាវពណ៌ស ដែលមានសញ្ញាព្រះអាទិត្យរះចាំងពន្លឺនិងពាក់មួកពណ៌ស ដែលមានសញ្ញាព្រះអាទិត្យរះ នៅចំពីលើផ្នែកខាងមុខ ក្រុមសកម្មជនបានឈរតម្រៀបស្ទើរពេញផ្លូវទាំងមូល ដែលធ្វើឲ្យចរាចរណ៍ទៅមកដោយពិបាក។

លោកកឹម សុខា បានថ្លែងសង្កត់ធ្ងន់ពីស្ថានភាពជាក់ស្តែង ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលពួកគេកំពុងជួបនូវបញ្ហាជម្លោះដីធ្លី បាត់បង់ដីធ្លី ការបំផ្លាញធនធានធម្មជាតិជាដើម។ ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថាគណបក្សរបស់លោក នឹងឆ្លើយតបបញ្ហាទាំងនេះ នៅពេលដែលបានកាន់កាប់អំណាចមូលដ្ឋាន។

ក្រៅពីនោះលោកកឹម សុខា ក៏បានលើកពីការិយាធិបតេយ្យក្នុងរដ្ឋបាលឃុំសង្កាត់និងការយឺតយ៉ាវក្នុងការផ្តល់លិខិតស្នាមនានា រួមទាំងការរើសអើងនិន្នាការនយោបាយនិងអំពើពុករលួយផងដែរ។

ជាមួយគ្នានេះលោក កឹម សុខា បានព្រមានជាមុនទៅកាន់បេក្ខជនដែលឈរឈ្មោះជាមេឃុំ ចៅសង្កាត់ថា មេឃុំ ចៅសង្កាត់គណបក្សប្រឆាំងទាំងនោះ មិនអនុវត្តន៍តាមកិច្ចសន្យានយោបាយជាមួយប្រជាពលរដ្ឋ លោកនឹងដកតំណែង មេឃុំសង្កាត់ទាំងនោះ។

ក្បួនរថយន្ត ម៉ូតូកង់បី និងម៉ូតូរបស់គណបក្សសង្គ្រោះជាតិ បានចេញដំណើរពីផ្លូវ៦០ម៉ែត្រ ខាងត្បូងរាជធានីភ្នំពេញ ដោយមួយក្រុមសំដៅឆ្ពោះមកកណ្តាលរាជធានីភ្នំពេញ និងមួយក្រុមទៀតឆ្ពោះទៅខេត្តកណ្តាល។

kem-sokha

 

មានគណបក្សនយោបាយចំនួន១២ចូលរួមប្រកួតប្រជែងដណ្តើមសំលេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ ក្នុងនោះរួមមាន គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សសំបុក្រឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ។

ក្នុងចំណោមគណបក្សទាំងនេះមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទេ ដែលបានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែងក្នុងឃុំសង្កាត់ទាំង ១៦៤៦   នៅទូទាំងប្រទេស។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ឱ្យគ្រប់គណបក្សនយោបាយទាំងអស់ដែលចូលរួមប្រកួតប្រជែង ហែរក្បួនឃោសនាជាលក្ខណៈទ្រទ្រាយធំ បានតែ២ដងប៉ុណ្ណោះ ក្នុងរយៈពេល១៤ថ្ងៃ។ ក្រៅពីនេះ គណបក្សនីមួយៗ អាចដើរចែកខិត្តប័ណ្ណ និង ចាក់ឃោសនស័ព្ទ ផ្សព្វផ្សាយនៅតាមទីស្នាក់ការ ឬទៅកន្លែងណាមួយ ដែលមិនមានការហាមឃាត់ និងផ្សព្វផ្សាយនៅតាម ទូរទស្សន៍ និងវិទ្យុ។

ការឃោសនាបោះឆ្នោត នឹងត្រូវបញ្ចប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២0១៧។ រីឯនៅថ្ងៃទី៣ ខែមិថុនា គឺមួយថ្ងៃមុនថ្ងៃបោះឆ្នោត គឺជា«ថ្ងៃស» ដែលតម្រូវឱ្យគណបក្សនយោបាយទាំងអស់រក្សាភាពស្ងៀមស្ងាត់ ដោយមិនត្រូវឃោសនាអ្វីឡើយ៕

Share

Image
Image
Image