en     km
en     km

ស្ត្រី និង ការសម្រេចចិត្តក្នុងវិស័យនយោបាយថ្នាក់មូលដ្ឋាន

Share

កំពង់ធំ៖ រហូតមកដល់ពេលនេះ ការសម្រេចចិត្តរបស់ស្រ្តីក្នុងសកម្មភាពនយោបាយនៅថ្នាក់ភូមិ ឃុំ នៅតែជួបឧបសគ្គនៅឡើយ ទោះបីជារាជរដ្ឋាភិបាល គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលខិតខំជំរុញ លើកកម្ពស់ឱ្យស្រ្តីចូលរួមធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់មូលដ្ឋានយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋជាស្រី្តនៅស្រុកចំនួនពីរក្នុងខេត្តកំពង់ធំ បានអះអាងថា ឧបសគ្គចម្បងរារាំងបំណងស្ត្រីចូលរួមក្នុងវិស័យនយោបាយ ដោយសារកត្តាចំណេះដឹងរបស់ស្ត្រី កត្តាសង្គម និងកត្តាគ្រួសារ។ តើនេះជាការពិតទេ ខណៈសង្គមបច្ចុប្បន្នបានផ្តល់តម្លៃដល់ទស្សនៈភាពស្មើគ្នារវាងបុរសនិងស្ត្រី ឬទស្សនៈយេនឌ័រក្នុងការអភិវឌ្ឍន៍សង្គម?


ជុំរិញបញ្ហានេះ លោកស្រី លឹម ផល្លា អភិបាលរងស្រុកបារាយណ៍ ខេត្តកំពង់ធំ មានប្រសាសន៍ថា បច្ចុប្បន្នស្ត្រីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការសម្រេចចិត្តផ្សេងៗ។ ស្រ្តីមានតួនាទីសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តដើម្បីចូលរួមអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន និងដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍របស់ពួកគេ។

លោកស្រីមានប្រសាសន៍ថា ៖ «ពេលដែលឃុំចុះទៅប្រជុំនៅតាមភូមិ ភាគច្រើនមាននារីចូលរួម ហើយនារីគាត់ដឹងពីតម្រូវការរបស់ពួកគាត់ ! គាត់បានលើកទ្បើងពីការលំបាករបស់គាត់ឱ្យយើងដឹង… ប៉ុន្តែទោះបីជាយ៉ាងណាក៏ខ្ញុំគិតថា ស្រ្តីនៅតែជួបឧបសគ្គមួយចំនួនក្នុងការធ្វើសេចក្តីសម្រេចចិត្តនៃការចូលរួមអភិវឌ្ឍភូមិ ឃុំរបស់ពួកគាត់»។

សមាជិកក្រុមប្រឹក្សាឃុំជាស្ត្រី

 អ្នកស្រី ម៉ៅ សុខុម សមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ ផ្តល់សម្ភាសន៍ដល់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា គាំទ្រដល់ស្ត្រី និង យុវតី ឱ្យចូលរួមកិច្ចការនយោបាយ (២០១៧, កំពង់ធំ ) ។
អ្នកស្រី ម៉ៅ សុខុម សមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ ផ្តល់សម្ភាសន៍ដល់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា(២០១៧, កំពង់ធំ ) ។

មានបទពិសោធន៍ធ្វើការងារពាក់ព័ន្ធនឹងស្ត្រីនិងកុមារក្នុងភូមិ ឃុំ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ អ្នកស្រី ម៉ៅ សុខុម បាននិយាយថា ការចូលរួមសម្រេចចិត្តរបស់ស្រ្តីនៅក្នុងកិច្ចការភូមិ ឃុំ ឬកិច្ចការសង្គម ។ បច្ចុប្បន្នស្ត្រីហាក់យល់ដឹងច្រើនជាងមុនតាមរយៈការចូលរៀនវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលអង្គការនានាចុះទៅដល់មូលដ្ឋាន។

សមាជិកក្រុមប្រឹក្សាឃុំរូបនេះបានឱ្យដឹងថា ទោះបីស្ត្រីមានការយល់ដឹងពីសិទ្ធិនិងតួនាទីរបស់ខ្លួនពិតមែន ប៉ុន្តែស្ត្រីពុំសូវមានភាពក្លាហ៊ានដូចបុរសឡើយ ។

« ខ្ញុំសូមជំរុញនិងលើកទឹកចិត្តដល់ស្ត្រីយើង សូមចូលរួមធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់មូលដ្ឋានឱ្យបានច្រើន កុំរង់ចាំតែបុរស… ខ្ញុំជាសមាជិកក្រុមប្រឹក្សាឃុំ ! ខ្ញុំចង់ឱ្យស្រ្តីនិងក្មេងស្រីមានភាពក្លាហ៊ានចូលរួមធ្វើការងារទាំងអស់គ្នា»។

អ្នកស្រី អ៊ុន យ័ន្ត ស្រ្តីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នំា២០១៧ នៅក្នុងភូមិបល័ង្ក ឃុំបល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បាននិយាយថា រហូតមកដល់ពេលនេះការចូលរួមរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅមានកម្រិតនៅទ្បើយ។ « ខ្ញុំគិតថាមានកត្តាបីរាំស្ទះចំពោះស្ត្រីក្នុងការចូលរួមកិច្ចការសង្គម មានកត្តាស្រ្តីខ្លួនឯងផ្ទាល់ កត្តាគ្រួសារ និងកត្តាសហគមន៍ … យើងត្រូវដឹង ពេលខ្លះស្ត្រីមិនអាចទៅចូលរួមផឹកស៊ី ជជែក ឬនិយាយកិច្ចការដូចបុរសៗនោះទេ» ។

«ខ្ញុំជាពលរដ្ឋ… ខ្ញុំត្រូវការថ្នាក់ដឹកនាំមូលដ្ឋានជាស្ត្រី »

យុវតី គៀន សុធារ៉ា និយាយក្នុងវេទិកាស្រ្តីក្នុងវិស័យនយោបាយ រៀបចំឡើងដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ( ២០១៧, ខេត្តកំពង់ធំ)
យុវតី គៀន សុធារ៉ា និយាយក្នុងវេទិកាស្រ្តីក្នុងវិស័យនយោបាយ ( ២០១៧, ខេត្តកំពង់ធំ)

យុវតី គៀន សុធារ៉ា មានវ័យ២១ ឆ្នំា រស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បាននិយាយថា ការសម្រេចចិត្តរបស់ស្រ្តីនៅថ្នាក់ភូមិ ឃុំ ឬការចូលរួមរបស់ស្ត្រីនៅក្នុងការងារសហគមន៍ នៅតែជួបការលំបាក ព្រោះសំឡេងរបស់ស្ត្រីមានតិច មិនអាចប្រៀបធៀបនឹងបុរស។

យុវជនរូបនេះបានឱ្យដឹងថា បើមានស្រ្តីកាន់តែច្រើនធ្វើជាថ្នាក់ដឹកនំានៅតាមភូមិ ឃុំ នោះវត្តមានស្ត្រីនឹងអាចជួយកាត់បន្ថយបញ្ហានានានៅថ្នាក់មូលដ្ឋានបានជាក់ជាពុំខាន ពិសេសគឺបញ្ហារបស់ស្ត្រី និង កុមារ។

មិនខុសពីយុវតីខាងលើអ្នកស្រី ថេន រាសី ពលរដ្ឋរស់នៅឃុំឈូកខ្សាច់ បានលើកឡើងថា មូលហេតុដែលស្ត្រីមិនអាចចូលរួមធ្វើសេចក្តីសម្រេចចិត្តបានទូលំទូលាយដូចបុរស មកស្ត្រីមានចំណេះ ដឹង ហើយស្ត្រីមិនមានឱកាសគ្រប់គ្រាន់ចូលរួមពិភាក្សាការងារនឹងបុរស ។

អ្នកស្រី ថេន រាសី ពលរដ្ឋរស់នៅឃុំឈូកខ្សាច់ ស្រុកសន្ទុក (កំពង់ធំ)
អ្នកស្រី ថេន រាសី ពលរដ្ឋរស់នៅឃុំឈូកខ្សាច់ ស្រុកសន្ទុក (កំពង់ធំ)

«ខ្ញុំសូមអំពាវនាវឱ្យបងប្អូនស្ត្រីជាប្រជាពលរដ្ឋនៅក្នុងសហគមន៍ទំាងអស់ ពេលមានកម្មវិធីអ្វីមួយ សូមចូលរួមឱ្យបានច្រើនកុះករ… ស្ត្រីត្រូវចេះបង្ហាញពីតម្រូវការរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋរង់ចាំតែក្រុមប្រឹក្សាឃុំ ឬអ្នកអនុម័តធ្វើគម្រោងអ្វីមួយបញ្ចេញមតិយោបល់ឱ្យសោះ។ លុះត្រាតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទំាងអស់នៅគ្រប់មជ្ឈដ្ឋាន រួមគ្នាស្វែងរកដំណោះស្រាយទើបគម្រោងអភិវឌ្ឍន៍របស់យើងទទួលបានជោគជ័យ»។

ក្នុងនាមជាពលរដ្ឋមួយរូបរស់នៅភូមិកងមាស ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក ខឹម ឈន មានប្រសាសន៍ថា ៖ «បើសិនស្រ្តីចូលរួមក្នុងនយោបាយ ចូលរួមក្នុងកាងារសង្គមច្រើន …ស្រ្តីដើរតួសំខាន់ក្នុងការដឹកនាំមូលដ្ឋានបានច្រើន ខ្ញុំគិតថានឹងរីកចម្រើន សង្គមគ្មានអំពើហិង្សាក្នុងគ្រួសារកើតឡើង… ស្រ្តីនឹងយល់ដឹងពីច្បាប់ ហើយមិនអាចនៅក្រោមគំនាបបុរសឡើយ»។

ជីវិតគ្រួសារខ្ញុំជោគជ័យ ព្រោះខ្ញុំជាស្ត្រីជួយកិច្ចការសង្គម

ជីវិតជាស្រ្តីតស៊ូ ជំនះគ្រប់ឧបសគ្គមិនគិតយប់ ឬថ្ងៃ រហូតឱ្យកូនរបស់ខ្លួនចំនួន៤ នាក់បានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ និងមានការងារធ្វើគ្រប់ៗគ្នា នោះគឺអ្នកស្រី គៀន សៀម រស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អ្នកស្រី គៀន សៀម ស្ត្រីធ្វើការស្ម័គ្រចិត្តនៅក្នុងសហគមន៍ នៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បង្ហាញពីបទពិសោធន៍ការងាររបស់ខ្លួនក្នុងវេទិកាស្រ្តីក្នុងវិស័យនយោបាយ រៀបចំឡើងដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ។
អ្នកស្រី គៀន សៀម ជាស្ត្រីធ្វើការស្ម័គ្រចិត្តនៅក្នុងសហគមន៍ រស់នៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបង្ហាញពីបទពិសោធន៍ការងាររបស់ខ្លួនក្នុងវេទិកាស្រ្តីក្នុងវិស័យនយោបាយ រៀបចំឡើងដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ( ២០១៧, ខេត្តកំពង់ធំ) ។

អ្នកស្រី គៀន សៀម៖ «…ខ្ញុំធ្វើការងារស្ម័គ្រចិត្តម្រើសង្គម ផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ដោយផ្តោតសំខាន់ទៅលើស្រ្តីមានផ្ទះពោះឱ្យទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពឱ្យ… ធ្វើការងារស្ម័គ្រចិត្តនៅតាមអង្គការចូលរួមអភិវឌ្ឍភូមិ រៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន រហូតដល់ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រខ្ញុំឱ្យធ្វើជាមេភូមិបាន២ អាណត្តិរួចមកហើយ»។

ស្ត្រីវ័យ៤២ ឆ្នាំរូបនេះ មានប្រសាសន៍ទៀតថា អ្នកស្រីមានកូនចំនួន៥ នាក់ ហើយកូនអ្នកស្រី៤ នាក់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យព្រមទំាងមានការងារធ្វើគ្រប់ៗគ្នា។ ដោយទ្បែកកូនទី៥ របស់អ្នកស្រីកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នំាទី៣ នៅរាជធានីភ្នំពេញ។

«ខ្ញុំជួបផលលំបាកជាច្រើន ពេលខ្លះខ្ញុំដើរតួនាទីជាស្រ្តីផង ជាបុរសផង ព្រោះស្វាមីរបស់អ្នកស្រីធ្វើជាទាហានមិនសូវមានពេលវេលាគ្រប់គ្រាន់នៅផ្ទះ… ខ្ញុំសូមអំពាវនាវឱ្យស្រ្តីទំាងអស់ត្រូវតស៊ូក្នុងឆាកជីវិតដោយមិនត្រូវរុញរានោះទេពេលជួបឧបសគ្គ ត្រូវដើរទៅមុខដើម្បីឈានទៅរកជ័យជម្នះ»។

ចំនួនស្ត្រីមានតិចនៅក្នុងការសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន

អ្នកនយោបាយកម្ពុជាភាគច្រើនគឺជាបុរស ចំពោះស្ដ្រីវិញមានឱកាសតិចតួចក្នុងការចូលរួមក្នុងវិស័យនយោបាយ ឬកាងធ្វើសេចក្តីសម្រេចផ្សេងៗ។ លោកស្រី សឹនកេត សិរីលក្ខណ៍ មន្ត្រីសម្របសម្រួលផ្នែកកម្មវិធីអប់រំ និង យេនឌ័រនៃខមហ្វ្រែល មានប្រសាសន៍ថា ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយចំាបាច់បំផុតក្នុងដំណើរការអភិវឌ្ឍន៍សង្គម និងលើកម្ពស់ប្រជាធិបតេយ្យ។

លោកស្រី សឹនកេត សិរីលក្ខណ៍ មន្ត្រីសម្របសម្រួលផ្នែកកម្មវិធីអប់រំ និង យេនឌ័រនៃខមហ្វ្រែល ចូលរួមកម្មវិធីបច្ចុប្បន្នភាពសង្គមវិទ្យុស្ត្រីអេហ្វអឹម ១០២ ប្រធានបទ «ស្ត្រីជាសមាជិកក្រុមប្រឹក្សាច្រើនឃុំ សង្កាត់» (២០១៧, រូបភាព ហង្ស សម្ពស្ស)
លោកស្រី សឹនកេត សិរីលក្ខណ៍ មន្ត្រីសម្របសម្រួលផ្នែកកម្មវិធីអប់រំ និង យេនឌ័រនៃខមហ្វ្រែល ចូលរួមកម្មវិធីបច្ចុប្បន្នភាពសង្គមវិទ្យុស្ត្រីអេហ្វអឹម ១០២ ប្រធានបទ «ស្ត្រីជាសមាជិកក្រុមប្រឹក្សាច្រើនឃុំ សង្កាត់» (២០១៧, រូបភាព ហង្ស សម្ពស្ស)

តាមរយៈបទពិសោធន៍ការងារ លោកស្ត្រីបានឱ្យដឹងថា ឧបសគ្គចម្បងរារាំងមិនឱ្យស្ត្រីចូលរួមក្នុងកិច្ចការនយោបាយបានគឺស្ត្រីមិនទាន់មានភាពក្លាហ៊ានខណៈបុរសឱ្យតម្លៃនិងឱកាសដល់ស្ត្រីនៅមានកម្រិត, ហើយម្យ៉ាងទៀតឃុំ សង្កាត់ បែងចែកថវិកាលើកកម្ពស់សម្រាប់ស្ត្រី និង កុមារនៅមានតិច។ លើសពីនេះការដាក់បេក្ខភាពស្ត្រីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនតិចនៅឡើយ ។

ទន្ទឹមគ្នានេះលោកស្រី បានកត់សម្គាល់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នេះ គណបក្សនយោបាយចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានដាក់ស្ត្រីជាបេក្ខជនឈរឈ្មោះសមាជិកក្រុមប្រឹក្សាមានចំនួនកើនឡើងច្រើនជាងអាណត្តិកន្លងទៅបន្តិច។

ចំនួនបេក្ខជនស្រ្តីឈរឈ្មោះលេខរៀងទី១ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧ មកពីគណបក្សនយោបាយធំៗពីរ គឺ CPP និង CNRP (ប្រភពព័ត៌មានពីគ.ជ.ប និង ខុមហ្វ្រែល ) ។
ចំនួនបេក្ខជនស្រ្តីឈរឈ្មោះលេខរៀងទី១ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧ មកពីគណបក្សនយោបាយធំៗពីរ គឺ CPP និង CNRP (ប្រភពព័ត៌មានពីគ.ជ.ប និង ខុមហ្វ្រែល ) ។

បេក្ខជនស្រ្តីឈរឈ្មោះនៅលេខរៀងទី ១ ទាំង ១២ គណបក្សមានចំនួនសរុប ៤៨១នាក់ ។ បេក្ខជនស្រ្តីលេខរៀងទី១ មកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ១៣១នាក់ ស្មើនឹង ៧,៩៦% កើនចំនួន ៣៨ នាក់ ធៀបនឹងឆ្នាំ២០១២ មានចំនួនតែ ៩៣ នាក់ ស្មើនឹង ៥,៦៩%។ បេក្ខជនស្រ្តីលេខរៀងទី១ មកពីគណបក្សសង្រ្គោះជាតិមានចំនួនសរុប ១០៣នាក់ ស្មើនឹង ៦,២៥% កើនឡើងចំនួន ១៥ នាក់ធៀបនឹងឆ្នាំ២០១២ ។

លទ្ធផលអង្កេតនៃការដាក់បេក្ខភាពស្ត្រីឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ របស់គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ (គ.ស.ន) បានបង្ហាញថា ក្នុងឆ្នាំ២០១៧ បេក្ខភាពស្ត្រីឈរឈ្មោះជាបេក្ខជនបោះឆ្នោត មានចំនួនសរុប ២៥ ៧៨៨នាក់ ស្នើនឹង ២៧,២៦% នៃបេក្ខជនសរុប ៩៤ ៥៩៥នាក់ គឺកើនចំនួន១,៦២% ធៀបនឹងឆ្នាំ២០១២ ដែលមានចំនួនតែ ២៥,៦៤% ប៉ុណ្ណោះ ៕

Share

ព័ត៌មានទាក់ទង

Image