ជប៉ុនចាប់ផ្តើមបញ្ជូន នាវាចម្បាំងដ៏ធំរបស់ខ្លួនឱ្យធ្វើនាវាចរណ៍រយៈពេល ៣ខែ ដោយឆ្លងកាត់សមុទ្រចិនខាងត្បូង ដោយចាប់ផ្តើមពីខែឧសភានេះតទៅ ដែលគេមើលឃើញថា ប្រទេសអតីតមេដឹកនាំសង្រ្គាម លោកលើកទី២ នេះ ចាប់ផ្តើមបង្អួតនាវាចម្បាំងរបស់ខ្លួនឆ្លើយតបនឹងការរត់ប្រណាំងសព្វាវុធក្នុងតំបន់។ លោក សិរី វឌ្ឍនៈ ជូនសេចក្ដីប្រែសម្រួល៖
យោងតាមប្រភពរបស់ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នាវាចម្បាំងនេះមានឈ្មោះថា Izumo ដែលអាចផ្ទុកឧទ្ធម្ភាគចក្រ ចំនួន១៤គ្រឿង បំពាក់ដោយកាំជ្រួច និងអមដោយនាវាពិឃាដ២គ្រឿង ទៀតផង។
តាមប្រភពដដែល នាវានេះត្រូវឆ្លងកាត់សមុទ្រ ប្រទេសសឹង្ហបុរី ឥណ្ឌូនេស៊ី សមុទ្រចិនខាងត្បូង ស្រីលង្កា និងទៅសមុទ្រឥណ្ឌានៅខែកក្តដា ដែលនៅទីនោះ ត្រូវធ្វើសមយុទ្ធជាមួយនាវាជើងទឹកឥណ្ឌា ហើយ ត្រឡប់មកកាន់ប្រទេសជប៉ុនវិញនៅខែសីហា។
ការបញ្ជូននាវា ចម្បាំងនេះ គឺជាការសាកល្បង មើលសមត្ថភាពរបស់វា នៅលើលំហរសមុទ្រធំៗ។ ប៉ុន្តែ អ្នកសង្កេតការណ៍មើលឃើញថា គឺជាការបញ្ចេញសក្តានុពលយោធា របស់ប្រទេសជប៉ុន ដើម្បីឆ្លើយតបនឹងការគម្រាមកំហែងពីសំណាក់ប្រទេសចិន និងកូរ៉េខាងជើង។តែនេះជាលើកដំបូងហើយ ដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៣នេះ បានបង្អួតសព្វាវុធរបស់ខ្លួន ចាប់តាំងពីសង្រ្គាមលោកលើកទី២ហើយ ធ្វើឡើងក្រោយពីប្រទេសនេះ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បី បើកផ្លូវឱ្យមានការបញ្ជូនទ័ពទៅបរទេស។
យ៉ាងនេះក្ដី គេអាចមើលឃើញថា ជាការចាប់ផ្ដើមបញ្ចេញសក្ដានុពលកងទ័ពរបស់ខ្លួន ស្របពេលប្រទេសចិនកំពុងប្រើប្រាស់ឥទ្ធិពលកងទ័ព ករណីជម្លោះ ដែនទឹក នៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ ជម្លោះដែនទឹកនេះ កើតមានឡើងរវាង ប្រទេសជប៉ុន ខ្លួនគេ ផ្ទាល់ ជាមួយ ចិន ករណី សមុទ្រចិនខាងកើត ដែលម្ដងៗហៀបនឹងប្រយុទ្ធគ្នាទៅហើយ។ បន្ថែមលើនេះ ចិនមានជម្លោះ ជាមួយ ប្រទេស៤នៅក្នុងសមាគមអាស៊ីអាគ្នេយ៌ ករណីសមុទ្រចិនខាងត្បូង ក្នុងនោះ មាន ប្រទេសហ្វីលីពីន វៀតណាម ព្រុយណេ និងម៉ាឡេស៊ី។
ដោយសារចង់ប្រាប់ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់សង្រ្គាម ក្រុងតូក្យូ បានចាប់រកអាវុធការពារខ្លួន ដោយ ដំបូង ចាប់ផ្ដើមទិញអាវុធទំនើបៗពី អាមេរិក ដែលជាសម្ព័ន្ធមិត្ត របស់ខ្លួន តែ ពេលនេះ ស្ងាត់ៗ ប្រទេសចាញ់សង្រ្គាមលោកលើកទី២នេះ បាន ស្ថាបនា នាវាចម្បាំដ៏ធំមួយនេះ គឺ ជាការប្រាប់ថា តំបន់អាស៊ី មានអ្នកខ្លាំងមួយទៀតហើយ ខាង កងទ័ព ដែលមិនមានតែចិនម្នាក់ឡើយ។
នាវានេះ ចាប់ផ្ដើមដំបូងដោយចេញដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូងដែលកំពុងប្រទាញប្រទង់គ្នាកាន់កាប់កោះមួយចំនួននៅប្រជុំកោះស្ព្រាតលី និងកោះប៉ារ៉ាសេល ដែលនៅទីនោះចិនបានចូលកាន់កាប់និងស្ថាបនាកោះសិប្បនិម្មិតជាច្រើនមកហើយ។កោះសិប្បនិម្មិតគឺជាមូលដ្ឋានទ័ពអាកាសរបស់ទីក្រុងប៉េកាំង ។
ជប៉ុន និងអាមេរិកបានទាមទារតំបន់ទាំងនោះជាផ្លូវនាវាចរអន្ដរជាតិ ដែលខ្លួនមានសិទ្ធគ្រប់គ្រាន់ដើម្បីធ្វើនាវាចរឆ្លងកាត់ ។ ដោយសារករណីនេះ ជប៉ុនបានព្រមានជារឿយៗថា នឹងបញ្ចូននាវាចម្បាំងដ៏ធំនេះ ដើម្បីឆ្លងកាត់ទីនោះ ដែលត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ជប៉ុនចង់បង្ហាញអំពីឥទ្ធិពលរបស់ខ្លួនឡើងវិញ ក្នុងការប្រើប្រាស់សិទ្ធិការពារប្រទេសករណីមានការលុកលុយណាមួយ ពីប្រទេសចិន ។
បើនិយាយពីបញ្ហាកូរ៉េខាងជើងវិញ ក្រុងតូក្យូក្លាយជាមុខសញ្ញាមួយករណីវាយប្រហារដោយកាំជ្រួចរបស់ក្រុងព្យុងយ៉ាងដែលនាំអោយជប៉ុនប្រើប្រាស់នាវាចម្បាំងដ៏ធំនេះ ដើម្បីប្រាប់ថា ខ្លួនអាចទប់ទល់បានចំពោះការវាយប្រហារណាមួយ។ក្នុងន័យនេះហើយនាវាចម្បាំង Izumo ត្រូវគេរាយការណ៍មកថា នឹងចូលរួមសមយុទ្ធទ័ពជើងទឹកជាមួយនាវាចម្បាំងសហរដ្ឋអាមេរិក Carl Vinson នៅពេលឆាប់ៗនេះ ដែលនាវា Carl Vinson បានទៅដល់ សមុទ្រកូរ៉េខាងត្បូងរួចហើយ។
សមយុទ្ធនេះ ទំនងធ្វើអោយក្រុងព្យុងយ៉ាង ផ្ទុះកំហឹងលើក្រុងតូក្យូជាថ្មីទៀត ហើយចង់មិនចង់ ភាពតានតឹងលើឧបទ្វីបកូរ៉េ កាន់តែធ្ងន់ធ្ងរដែលនាំឱ្យ ការរត់ប្រណាំងសព្វាវុធ នៅអាស៊ី កាន់ខ្លាំង៕